U-15 ភ្នំពេញក្រោន ត្រូវ​ជួប​ក្រុម​ Youth Football Home របស់​ថៃ​ក្នុង​ព្រឹត្តិការណ៍​ Soccer Sixes Tournament នៅ​សិង្ហបុរី

 

ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៣ឆ្នាំ (U-15) កំពុងបំពេញយុទ្ធនាការក្នុងការប្រកួតពានរង្វាន់ 8th Singapore Soccer Sixes នៅប្រទេសសិង្ហបុរី ដោយត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុម Youth Football Home របស់ថៃនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០១៦ នេះ។ ឆ្លងកាត់វគ្គជម្រុះតាមពូលរួចមក ក្រុម U-15 របស់កម្ពុជា មួយនេះបានប្រកួតឈ្នះ ២ ប្រកួតនិងចាញ់២ប្រកួតដោយសរុបជាលទ្ធផលមុុនបើកឆាកចាញ់យុវជន Bali Sports Foundation របស់ឥណ្ឌូណេស៊ី ៣-២ តែឈ្នះយុវជន Sports Org របស់ទីម័រខាងកើត ១១-០ ហើយចាញ់យុវជន Youth Football Home របស់ថៃ ២-១ (ថៃបានបាល់ពិន័យ១១ម៉ែត្រ១គ្រាប់) និងចុងក្រោយឈ្នះយុវជន Muhammadiyah Welfare របស់ម្ចាស់ផ្ទះសិង្ហបុរី ៣-១។

ក្រុមយុវជនដែលស្ថិតក្រោមការដឹកនាំរបស់លោក Christopher Grant ជាគ្រូបង្វឹក និងអគ្គលេខាធិការរបស់ក្លឹបគឺលោក លី ហៀង រួមទាំងកីឡាករទាំង៨នាក់របស់ U-15 ភ្នំពេញក្រោន បានចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយតាមគម្រោងព្រឹត្តិការណ៍ 8th Singapore Soccer Sixes នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ មិថុនា ឆ្នាំ២០១៦ខាងមុខនេះ ស្របពេលខាងក្លឹបភ្នំពេញក្រោន បានផ្ដល់ទំនុកចិត្តឱ្យលោកគ្រូបង្វឹកជនជាតិស្កុតឡែនជាអ្នកដឹកនាំក្រុមយុវជនទាំង៨នាក់រូបនេះ។ កីឡាករទាំង៨រូបនោះរួមមាន កីឡាករ ឡៃហៀង, ណាខា,សុខលី, រីណា, មករា, ឡាឌីន, ផានី និង សុវណ្ណមករា។

តាមរយៈទំព័រហ្វេសប៊ុករបស់ក្លឹបភ្នំពេញក្រោន បានឱ្យដឹងមុនពេលក្រុមយុវជនថ្នាលមួយនេះចេញដំណើរថា៖ «សារៈសំខាន់នៅក្នុងដំណើរនេះគឺដើម្បីឲ្យយុវជនទាំងអស់យល់ពីគ្នាបានច្រើនជាងនេះនិងបង្កើតមិត្តភក្តិថ្មីផងដែរ ហើយយើងក៏សូមអរគុណដល់អ្នករៀបចំដែលបានអញ្ជើញផងដែរ»។

សូមបញ្ជាក់ថា ក្រុមថ្នាលយុវជនភ្នំពេញក្រោនធ្លាប់បានចូលរួមកម្មវិធីខាងលើនេះចំនួន ៥ លើករួចមកហើយ ដោយធ្លាប់ឈ្នះជើងឯកចំនួន ២លើក ហើយទទួលតំណែងជាជើងឯករងចំនួន ១លើកនិងចំណាត់ថ្នាក់លេខ៣ ចំនួន ២ ដងខណៈកាលពីឆ្នាំ២០១៥ កន្លងទៅក្រុមតំណាងឱ្យកម្ពុជាមួយនេះទទួលចំណាត់ថ្នាក់លេខ៣ ផងដែរ៕

U13

រតនៈ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ