ចូវ សុធារ៉ា ប្រកាសចូលនិវត្តន៍ក្រោយបញ្ចប់ការប្រកួត Olympic Games នៅប្រេស៊ីល

 

ភ្នំពេញ៖ អតីតម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ២ជំនាន់(២០០៩-២០១៣) កីឡាការិនីចំបាប់ ចូវ សុធារ៉ា បានប្រកាសចូលនិវត្តន៍មិនបន្ដអាជីពជាកីឡាការិនីចំបាប់ទៀតឡើយ បន្ទាប់ពីនាងបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Olympic Games រដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហា ឆ្នាំ២០១៦ខាងមុខ ។

img_7087

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកីឡាការិនី ចូវ សុធារ៉ា ប្រកាសចូលនិវត្តន៍ ខណៈកាលពីលើកទី១ នាងបានប្រកាសដូច្នេះបន្ទាប់ពីដណ្ដើមបានមេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដោយសារតែនាងនឿយហត់ក្នុងអាជីពជាអ្នកចំបាប់ គ្រាដែលវ័យកាន់តែចាស់ កម្លាំងក៏ធ្លាក់ចុះ ហើយចង់យកពេលវេលាបន្ទាប់ដើម្បីមកបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយវិញម្តង។

img_7109

យ៉ាងណាក៏ដោយ ក្រោយប្រកាសចូលនិវត្តន៍លើកទី១ មិនបានយូរប៉ុន្មាន និងដោយមានការជំរុញបន្ថែមពីថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជាផងនោះ ចូវ សុធារ៉ា ក៏បានវិលមកហ្វឹកហាត់សារជាថ្មី ក្រោមការជួយជ្រោមជ្រែងពីគណៈកម្មាធិការជាតិអូឡាំពិកអន្ដរជាតិ ដើម្បីត្រៀមចូលរួមប្រកួតកីឡា Olympic Games ក្នុងឆ្នាំ២០១៦នេះ ប៉ុន្តែគួរឲ្យស្ដាយដោយសារនាងបានធ្លាក់ត្រឹមវគ្គជម្រុះ ដែលបានធ្វើឡើងនៅប្រទេសតួកគីកាលពីពេលថ្មីៗកន្លងទៅ ។

យ៉ាងណាមិញ ថ្វីត្បិតកីឡាការិនីវ័យ ៣០ឆ្នាំរូបនេះ ធ្លាក់ពីការប្រកួតជម្រុះមិនបានកៅអីពេញសិទ្ធិ ដើម្បីចូលរួមកីឡា Olympic Games ឆ្នាំនេះក៏ពិតមែន ប៉ុន្ដែដោយសារសមិទ្ធផល ដែលនាងធ្វើបានក្នុងការប្រកួតជម្រុះមានភាពល្អប្រសើរ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក៏បានផ្ដល់សិទ្ធិអនុគ្រោះដល់ ចូវ សុធារ៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្ដងនេះតែម្ដង ។

MSP-1051

ថ្លែងប្រាប់អ្នកសារព័ត៌មាននាចុងសប្ដាហ៍នេះ ចូវ សុធារ៉ា បានបញ្ជាក់ថា៖ «ឱកាសបានចូលរួមប្រកួតកីឡា Olympic Games ជាថ្មី គឺជារឿងល្អ ដែលខ្ញុំត្រូវបញ្ចេញសមត្ថភាពលើកចុងក្រោយ ដើម្បីស្វែងរកលទ្ធផលល្អជូនប្រទេសជាតិ ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតនេះ ខ្ញុំក៏នឹងបញ្ចប់អាជីពពីកីឡាចំបាប់នេះដែរ ។ តែយ៉ាងណាខ្ញុំ ក៏មិនទៅឆ្ងាយដែរ គឺខ្ញុំនឹងធ្វើជាគ្រូបង្វឹក បង្ហាត់ក្មេងៗជំនាន់ក្រោយ ដើម្បីធ្វើឲ្យកីឡាមួយនេះរីកចម្រើនៅថ្ងៃអនាគត» ។

10371407_1523107107900953_6276163159993671726_n

គួរបញ្ជាក់ថា ក្នុងការប្រកបអាជីពជាកីឡាការិនីចំបាប់ជាង ១០ឆ្នាំមកនេះ ចូវ សុធារ៉ា ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិជាច្រើន ពិសេសគឺការប្រកួតស៊ីហ្គេមតែម្ដង ដែលនាងធ្លាប់ឈ្នះមេដាយមាស ២ដង គឺស៊ីហ្គេម លើកទី២៥ នៅឡាវ កាលពីឆ្នាំ២០០៩ រួមទាំងស៊ីហ្គេម លើកទី២៧ នៅមីយ៉ាន់ កាលពីឆ្នាំ២០១៣ រួមទាំងមេដាយប្រាក់ និងមេដាយសំរឹទ្ធផងដែរ៕

ដោយ៖ លាង បុត្រា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ