បឹងកេតអង្គរដាក់បញ្ចូលយុវជន ៥រូបទៅក្នុងក្រុមឈុតធំ

បឹងកេតអង្គរដែលជាក្លឹបបាល់ទាត់ឈានមុខ និងជោគជ័យមួយនៅកម្ពុជាបានសម្រេចដាក់បញ្ចូលកីឡាករចំនួន ៥រូបនៃក្រុមយុវជនទៅក្នុងក្រុមឈុតធំដើម្បីឱ្យពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត។ យុវជនដែលកំពុងលេងនៅក្នុងក្រុម U19 ទាំង ៥រូបនោះរួមមាន៖ កីឡាករ សួន សុភ័ក្ត្រា, ជា វេស្លី, ឈុន សេងថៃ, អ៊ុយ វុត្ថា និង ឳ ភារុន។

លោក មាស កក្កដា គ្រូបង្វឹកក្រុមយុវជនបឹងកេតអង្គរ បានលើកឡើងថានេះគឺជារឿងដ៏ល្អប្រសើរដែលក្លឹបផ្ដល់ឱកាសឱ្យយុវជនហើយក៏ជាឱកាសដ៏ល្អ ដែលពួកគេអាចក្រេបជញ្ជក់យកបទពិសោធន៍ ពីរៀមច្បង និងបានបង្ហាញសមត្ថភាពលើវាលស្មៅក្នុងលីកកំពូលកម្ពុជានៅរដូវកាលនេះ។ លោកក៏បានបញ្ជាក់ផងដែរថា ៖ «តាមពិតពួកគាត់មានឈ្មោះ តាំងពីដើមរដូវកាលម្ល៉េះ ប៉ុន្តែពួកគាត់រវល់ប្រកួតពានរង្វាន់ Hun Sen Cup និងពាន RSN ទើបអត់បានទៅហាត់ជាមួយឈុតធំ។ នេះជាឱកាសល្អ ដែលពួកគេអាចទទួលបទពិសោធន៍ល្អៗពីរៀមច្បង បង្ហាញសមត្ថភាពក្នុងលីគ។»

មិនខុសគ្នាដែរ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោលក្លឹបបឹងកេត ក៏បានថ្លែងថា៖ « ជាការពិតយើងបានបញ្ចូលឈ្មោះយុវជន ៥រូបនៅក្នុងការប្រកួតលីកកំពូលកម្ពុជា ប៉ុន្តែដោយសារតែពួកគេជាប់ភារកិច្ចក្នុងការប្រកួតពានសម្តេចតេជោហ៊ុន សែន ទើបពួកគេទើបតែបានមកហ្វឹកហាត់ជុំគ្នានៅពេលនេះ នេះជាការផ្តល់ឱ្យពួកគាត់រៀនសូត្រឱ្បបានច្រើនពីរៀមច្បង ហើយជាឱកាសមួយដែលយើងមើលបន្ថែមទៀត ដើម្បីបញ្ចូលកីឡាករវ័យក្មេងចូលឈុតធំ ហើយនេះជាចំណុចសំខាន់របស់យើង ដែលយើងហាត់ជុំគ្នាចាប់ពីថ្ងៃនេះទៅ“។

សូមបញ្ជាក់ដែរថា នៅក្នុងរដូូវកាលថ្មីនេះ យើងសង្កេតឃើញថា ក្លឹបធំៗជាច្រើននៅក្នុងប្រទេសបានដូចជាក្លឹបភ្នំពេញក្រោន បឹងកេតអង្គរ និងព្រះខ័នរាជស្វាយរៀងជាដើម បានចាប់ផ្តើមដាក់បញ្ចូលកីឡាករថ្នាលរបស់ខ្លួនទៅក្នុងក្រុមឈុតធំដើម្បីអាចឱ្យពួកបានសមជើង និងបញ្ចេញសមត្ថភាពនៅក្នុងការចូលរួមជាមួយក្រុមកីឡាកររៀមច្បងរបស់ខ្លួន។

_MG_7538

មតិយោបល់

Sponsor

អត្ថបទថ្មីៗ