ក្លឹប BURIRAM តែងតាំងអតីតគ្រូបង្វឹងក្រុមជម្រើសជាតិ អ៊ីរ៉ុង លោក AFSHIN GHOTBI ជាគ្រូបង្គោលថ្មី

អតីតគ្រូបង្វឹងក្រុមជម្រើសជាតិ ប្រទេស អ៊ីរ៉ុង និងក្លឹប Shimizu S-Pulse លោក Afshin Ghotbi បានក្លាយជាគ្រូបង្វឹងថ្មីរបស់ក្លឹប Buriram United ដែលលេងនៅក្នុងលីកកំពូលនៃប្រទេសថៃ ឬ Thai League។

ក្រោយក្លឹបជើងឯករដូវកាល ២០១៥ នេះបានសម្រេចចិត្តចែកផ្លូវជាមួយលោកគ្រូបង្គោល Alexandre Gama បានរយៈពេល ២ ថ្ងៃ ក្លឹប Buriram បានប្រកាសជាផ្លូវការនៅការតែងតាំងលោកគ្រូបង្គោលក្លឹបថ្មី លោក Afshin Ghotbi។ លោកគ្រូបង្គោលថ្មីវ័យ ៥២ ឆ្នាំ សញ្ជាតិ អ៊ីរ៉ុងរូបនេះ នឹងចាប់ផ្តើមគ្រប់គ្រងនៅកីឡដ្ឋាន Thunder Castle Stadium ភ្លាមតែម្តង ហើយប្រកួតរបស់លោកគឺនៅថ្ងៃសៅរ៍នេះ ដោយក្លឹប Buriram នឹងត្រូវជួបប្រកួតជាមួយក្លឹប Nakhon Ratchasima។

លោក Afshin Ghotbi ដែលមានសញ្ជាតិ អ៊ីរ៉ុង កាត់អាម៉ែរិក គឺអាចនិយាយបានថាជាគ្រូដែលជំនាញនៅក្នុងវិស័យបាល់ទាត់អាស៊ី។ លោកធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹងរបស់លោក Steve Sampson នៅក្នុងក្រុមជម្រើសជាតិអាម៉េរិក កាលពីឆ្នាំ ១៩៩៧-១៩៩៨។ លោកក៏ធ្លាប់ជាជំនួយការគ្រូបង្វឹងរបស់លោក Guus Hiddink និងលោក Dick Advocaat នៅពេលដែលគ្រូបង្វឹងសញ្ជាតិ ហូឡង់ទាំងពីរនេះគ្រប់គ្រងក្រុមជម្រើសជាតិ កូរ៉េខាងត្បូង កាលពីឆ្នាំ ២០០០-២០០២ និង ២០០៤-២០០៧។

ក្រោយប្រកួតដំបូងជាមួយក្រុមជម្រើសជាតិ កូរ៉េខាងត្បូង លោក Ghotbi បានត្រលប់ទៅគ្រប់គ្រងក្លឹបធំនៅប្រទេសអ៊ីរ៉ុងវិញ។ លោកបានដឹកនាំក្លឹបឲ្យឈ្នះជើងឯកលីកក្នុងស្រុកព្រមទាំងបានជួយឲ្យក្លឹបឈានដល់វគ្គជម្រុះក្នុងការប្រកួតពានរង្វាន់ AFC Champion League ឆ្នាំ២០០៩ ផងដែរ។ ជាមួយនឹងការដឹកនាំដ៏ល្អរបស់នេះ លោក Ghotbi ត្រូវបានតែងតាំងជាគ្រូបង្វឹងក្រុមជម្រើសជាតិនៃប្រទេស អ៊ីរ៉ុង នៅឆ្នាំ២០០៩។ លោកគ្រប់គ្រងក្រុមជម្រើសជាតិបាន ៣០ ប្រកួត ដោយឈ្នះ ១៦។ លោកក៏ធ្លាប់គ្រប់គ្រងក្រុមជម្រើសជាតិ អ៊ីរ៉ុង ២ ប្រកួតប៉ះជាមួយក្រុមជម្រើសជាតិថៃក្នុងការប្រកួតជម្រុះពានរង្វាន់ Asian Cup Qualification ឆ្នាំ ២០១១ ផងដែរ។

កាលពីពេលថ្មីនេះលោកបានគ្រប់គ្រងក្លឹប Shimizu S-Pulse ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤។ លោកគ្រូបង្វឹងសញ្ជាតិ អ៊ីរ៉ុង រូបនេះគ្រប់គ្រងក្លឹបនេះបាន ១៥០ ប្រកួតនៅក្នុងការប្រកួតពារង្វាន់ J1 League។

ឈ្មោះរបស់លោក Afshin Ghotbi មិនមែនប្លែកនោះទេសម្រាប់វិស័យបាល់ទាត់នៃប្រទេសថៃព្រោះកាលពីដើមឆ្នាំ ២០១៦ លោកគឹជាបេក្ខភាពមួយរូបដែលក្លឹប Suphanburi ចង់យកមកគ្រប់គ្រងក្លឹប។ ឥលូវនេះលោកបានក្លាយជាគ្រូបង្វឹងរបស់ក្លឹបជើងឯកនៃលីកកំពូលនៃប្រទេសថៃរដូវកាល ២០១៥ ក្លឹប Buriram United ជាផ្លូវកាលរហើយ៕

13238900_1591549427803352_74781887321051048_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ