​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ K Cement ​ទម្ងន់​៦០​គីឡូក្រាមនឹងត្រូវកាត់សេចក្តីនៅថ្ងៃសៅរ៍នេះហើយ!

ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ K Cement ទម្ងន់៦០គីឡូក្រាមនឹងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ទី២១ ខែឧសភា នេះហើយដោយការប្រកួតកាត់សេចក្តីនេះនឹងត្រូវធ្វើឡើងនៅលើសង្វៀននៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA TV)។ នៅក្នុងការប្រកួតចុងក្រោមនៃកម្មវិធីនេះដែរនឹងមានជំនួបរវាងជើងខ្លាំង ៤ រូបដោយនៅក្នុងកីឡាករ គង់ សំបូរ មកពីក្លឹបបូរីរាជសីហ៍ នឹងត្រូវជួបជាមួយកីឡាករ ង៉ែត្រ រដ្ឋា ដែលអ្នកទាំងពីរត្រូវប្រជែងគ្នាដើម្បីដណ្តើមយកជ័យលាភីលេខ១ និងលេខ២ ខណៈដែលកីឡាករ ម៉ន ព្រហ្មម៉ាញ មកពីក្លឹបការិយាល័យទី៥ កងទ័ពជើងគោក នឹងត្រូវប្រកួតជាមួយ វេង សុភ័ក្រ មកពីក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរនោះ។

ដូច្នេះតើរវាង គង់ សំបូរ និង ង៉ែត្រ រដ្ឋា នរណាដែលនឹងក្លាយជាជើងឯកក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ ?

សូមបញ្ជាក់ថា កីឡាករ គង់ សំបូរ មានប្រវត្តិប្រកួតបាន៤៩លើកដោយឈ្នះ ៣៩លើក និងចាញ់១០លើក រីឯកំណត់ត្រាប្រកួតរបស់ ង៉ែត្រ រដ្ឋា វិញ គឺ៧៤លើកដោយឈ្នះ ៦១លើកនិងចាញ់ ១១លើក។ យ៉ាងណាក៏ដោយ គង់ សំបូរ ធ្លាប់បានចាញ់ រដ្ឋា ម្តងហើយនៅក្នុងការប្រកួតនេះ។
សម្រាប់ អ្នកដែលដណ្ដើមបានតំណែងជើងឯកម្ចាស់ខ្សែក្រវាត់ K Cement ទម្ងន់៦០គីឡូក្រាមនេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៣.០០០ដុល្លារអាម៉េរិគ និងខ្សែក្រវាត់ជើងឯក១ ហើយលេខ២ ទទួលបានបាន ២.០០០ដុល្លារអាមេរិក និងពានតូច១ ចំណែកឯសម្រាប់ចំណាត់ថ្នាក់លេខ ៣នេះ នឹងទទួលបាន ១៥០០ដុល្លារ និង ពានតូច ចំពោះលេខ ៤ វិញនឹងបានចំនយន ១០០០ដុល្លារ និងពានតូចមួយផងដែរ។

17-5-2016d1

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ