បាល់ឱបកម្ពុជាសម្ពោធទីលានថ្មីមួយសម្រាប់ក្រុមកុមារក្នុងអង្គការស្នាមញញឹមនៃកុមារ

ក្រុមបាល់ឱបកម្ពុជាបានរួមចំណែកក្នុងការផ្តល់នូវទីលានសម្រាប់ហ្វឹកហាត់កីឡាបាល់ឱបមួយដ៏ថ្មីសន្លាងជូនដល់ក្រុមកីឡាករក្មេងៗមកពីអង្គការស្នាមញញឹមនៃកុមារដែលមានទីតាំងនៅក្នុងបរិវេណនៃសាលាពាណិជ្ជកម្មអូរបែកក្អមនាជាយរាជធានីភ្នំពេញ។

នៅក្នុងពិធីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នបាល់ឱបកម្ពុជា រួមជាមួយនឹងតំណាងនៃអង្គការស្នាមញញឹមនៃកុមារ និងអង្គការគ្រួសារថ្មីផងដែរ។

សូមបញ្ជាក់ថា ទីលានដែលត្រូវបានសាងសង់ឡើងនេះគឺជាសមិទ្ធផលថ្មីមួយសម្រាប់កម្ពុជាខណៈដែលកីឡាប្រភេទនេះកំពុងតែទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជនខ្មែរច្រើនឡើងៗនោះ ជាមួយគ្នានេះដែរ ទីលាននេះត្រូវបានកសាងឡើងក្រោមជំនួយនៃគម្រោងសហប្រតិបត្តិការណ៍រយៈពេល ២ឆ្នាំរវាងក្រុមបាល់ឱបកម្ពុជា និងក្រុមហ៊ុនឌឺកាត្លុងកម្ពុជាក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពកីឡាករក្មេងៗដែលកំពុងតែទទួលបានការថែទាំ និងបណ្តុះបណ្តាលនៅក្នុងអង្គការ PSE នេះរួមជាមួយនឹងក្រុមកុមារគថ្លង់មកពីអង្គការគ្រួសារថ្មីផងដែរ។

នៅក្នុងឱកាសឯកឧត្តម ប៊ូ ជុំសេរី បានមានប្រសាសន៍ថា៖ «ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា យើងខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីសន្លាងមួយនេះ យើងខ្ញុំក៏សូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងភាគីទាំងអស់ក្នុងការកៀងគរជាមូលនិធិមួយដើម្បីរួមចំណែកក្នុងការកសាងទីលាននេះក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពកីឡាករក្មេងៗរបស់យើង ដែលពួកគេនឹងក្លាយជាកីឡាករបាល់ឱបអាជីពប្រកបដោយថាមពលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។»

គួរបញ្ជាក់ផងដែរថា ទីលាននេះត្រូវបានស្ថាបនាឡើងដោយ ក្រុមហ៊ុនឌឺកាត្លុងដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡាដ៏ល្បីល្បាញមួយរបស់ប្រទេសបារាំង។ នៅក្នុងពិធីនោះដែរ ក៏មានការបង្ហាញនូវសមត្ថភាពនៃការលេងបាល់ឱបពីសំណាក់ដោយក្រុមកុមារតូចៗជាច្រើនផងដែរ៕

ballopp2

balopp 3

balopp 1

អត្ថបទ៖ មករា

រូបភាព៖ បាល់ឱបកម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ