ភ្នំពេញក្រោនបើកទ្វារកីឡដ្ឋានទទួលព្រះខ័នរាជស្វាយរៀងនៅម៉ោង ៦ ល្ងាចនេះ

ក្លឹបជើងឯករដូវកាលមុនភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្រុមព្រះខ័នរាជស្វាយរៀងនៅក្នុងក្របខណ្ឌនៃការប្រកួតលីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីក២០១៦ នាវេលាម៉ោង ៦.០០ ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ។

ជំនួបដ៏សំខាន់នេះត្រូវបានអ្នកនិយមកីឡាបាល់ទាត់ក្នុងស្រុកចាត់ទុកថាគឺជាការប្រកួតដ៏ស្វិតស្វាញមួយខណៈដែលក្លឹបទាំងពីរនេះសុទ្ធតែត្រូវការភាពឈ្នះដូចៗគ្នាបន្ទាប់ពីក្រុមទាំងសងខាងបានទទួលរងនូវភាពបរាជ័យកាលពីសប្តាហ៍មុនដោយក្រុមព្រះខ័នស្វាយរៀងត្រូវបានក្រុមការពារជាតិបំបាក់ក្នុងទឹកដីខ្លួនឯងជាមួយនឹងលទ្ធផល ៥-១ រីឯភ្នំពេញក្រោនក៏ត្រូវបានក្រុមបឹងកេតយកឈ្នះ ១-០ ផងដែរនោះ។

សូមបញ្ជាក់ផងដែរថា ក្លឹបភ្នំពេញក្រោន គឺជាជើងឯកលីកកំពូលកម្ពូជាឆ្នាំ២០១៥ រីឯក្លឹបព្រះខ័នរាជស្វាយរៀងគឺជាជើងឯកនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៥ដែរ ដូច្នេះនេះគឺជាជំនួបនៃក្រុមជើងខ្លាំងទាំងពីរ និងជាការប្រកួតសងសឹកថែមទៀតផងដោយហេតុថាកាលពីរដូវកាលមុននេះភ្នំពេញក្រោនធ្លាប់បានលត់ក្រុមស្វាយរៀងទាំងពីរជើងក្នុងលទ្ធផល ៧-១ (កីឡដ្ឋានស្វាយរៀង) និង ៣-១ (កីឡដ្ឋាន RSN)។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺ ការប្រកួតនេះក៏នឹងអាចមានទស្សនិកជនចូលរួមមិនចាញ់ជំនួបរវាងភ្នំពេញក្រោន និងបឹងកេតអង្គរឡើយដោយសារតែក្លឹបទាំងពីរគឺជាក្លឹបបាល់ទាត់អាជីពដ៏ជោគជ័យនិងមានអ្នកគំាទ្រច្រើនលើសលប់ជាក់ស្តែងលោក សំ វ៉ាន់ដេត គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀងបានបញ្ជាក់កាលពីម្សិលមិញថា ៖ « ខ្ញុំជឿជាក់ថា ការប្រកួតនេះនឹងមានអ្នកចូលរួមច្រើនព្រោះទាំងភ្នំពេញក្រោន ទាំងស្វាយរៀងគឺជាក្លឹបដែលមានកេរ្តិ៍ឈ្មោះល្បីមានកីឡាករល្អៗច្រើន និងមានភាពជោគជ័យខ្លាំងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃស្អែកនេះក៏នឹងមានអ្នកគាំទ្ររបស់យើងដែលធ្វើដំណើរមកពីខេត្តស្វាយរៀងមកចូលរួមទស្សនាដែរ ដូច្នេះខ្ញុំគិតថានឹងមានអ្នកគាំទ្រច្រើនមកទីនេះ!»

គួរំលឹកផងដែរថា កាលពីសប្តាហ៍មុននេះមានមនុស្សប្រមាណជាជាង ៤៥០០ នាក់បានបង្ហាញខ្លួននៅក្នុងការប្រកួតរវាងភ្នំពេញក្រោន និងបឹងកេតអង្គរ ដែលនេះគឺជាចំនួនអ្នកទស្សនាដ៏ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃការប្រកួតលីកកំពូលកម្ពុជាខណៈដែលក្លឹបស្វាយរៀងក៏មានអ្នកចូលរួមរហូតដល់ជាង ៣០០០ នាក់ដែរនៅក្នុងការប្រកួតក្នុងទឹកដីរបស់ខ្លួន៕

_MG_0736

_MG_4856

_MG_0812

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ