ស៊ន សៀវមីុ នឹងចំណាយពេលពីរខែទៅហ្វឹកហាត់នៅកូរ៉េមុនអូឡាំពិកឈានចូលមកដល់

កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវមីុ នឹងចំណាយពេល ២ខែទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូងដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកពិភពលោកក្នុងទីក្រុងរីយ៉ូប្រទេសប្រេស៊ីល។

ការហ្វឹកហាត់នេះគឺជាការខិតខំប្រឹងប្រែងក្នុងគោលដៅដើម្បីដណ្តើមយកមេដាយនៅក្នុងការប្រកួតដ៏ធំនេះទៅតាមការកំណត់ទុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាស្របទៅតាមទស្សនវិស័យរបស់ខេមរសហព័ន្ធកីឡាតេក្វាន់ដូផងដែរ។

គួរំលឹកថា ក្រៅពីជាអត្តពលិកកម្ពុជាដំបូងគេដែលទទួលបានមេដាយមាសក្នុងការប្រកួតកីឡាទ្វីបអាស៊ី ឬAsia Game នាឆ្នាំ២០១៥ កន្លងមក ស៊ន សៀវមីុ ក៏ជាកីឡាការិនីមុនគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបានសិទ្ធិពេលលេញដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកក្នុងឆ្នាំ២០១៦នេះបន្ទាប់ពីនាងបានឈ្នះមេដាយមាសក្នុងការប្រកួតតេក្វាន់ដូទ្វីបអាស៊ីកាលពីខែអំឡុងមេសាកន្លងទៅនេះ។

សូមបញ្ជាក់ផងដែរថា ក្នុងគោលបំណងដើម្បីជំរុញឲ្យកីឡាការិនីរូបនេះមានឱកាសគ្រប់គ្រាន់ក្នុងការទទួលបានការហ្វឹកហាត់មួយដ៏រលូននោះ ក្រុមហ៊ុនណាហ្គាវើលបានចូលរួមឧបត្ថម្ភចំនួន ១០០០០ ដុល្លារសម្រាប់សម្រាលការលំបាកនានានៅក្នុងដំណើរឆ្ពោះទៅកាន់អូឡាំពិករដូវក្តៅនេះ៕

_MG_3487

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ