កីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ខ្មែរយើងធ្លាប់ឈរក្នុងចំណាត់ថ្នាក់ទី១៤ លើពិភពលោក

នៅក្នុងសម័យសង្គមរាស្ត្រនិយមដែលជាសម័យកាលមួយដ៏រីកចម្រើននៃប្រវត្តិសាស្ត្រកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដោយនៅក្នុងនោះវិស័យកីឡាក៏ទទួលបាននូវភាពជោគជ័យក៏ដូចជាបាននាំយកមកនូវមេដាយ និងកិត្តិនាមដ៏ល្បីល្បាញជូនជាតិមាតុភូមិ។ សម្រាប់ថ្ងៃនេះ គេហទំព័រព័ត៌មានកីឡា Camsports សូមនាំយកនូវស្នាដៃរបស់ក្រុមអត្តពលិកផ្នែកកីឡាវាយកូនឃ្លីលើតុ ឬប៉េងប៉ុងមកជម្រាបជូនលោកអ្នកវិញម្តង។

13423819_1736893566587452_7258398871242239219_n

បើទោះបីជា កីឡាប្រភេទនេះត្រូវបានចាត់ទុកថាជាកីឡាមួយដែលថ្មីថ្មោងសម្រាប់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែអត្តពលិកខ្មែរយើងបានបង្កើតនូវភាពភ្ញាក់ផ្អើល និងកិត្តិយសយ៉ាងធំធេងទាំងកម្រិតជាតិ និងអន្តរជាតិ ជាក់ស្តែងក្រៅពីការបង្ហាញវត្តមាននៅក្នុងការប្រកួតកម្រិតតំបន់ កីឡាវាយកូនឃ្លីលើតុកម្ពុជាក៏ធ្លាប់បានចូលរួមនៅក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ពិភពលោក «Swaythling Cup» នៅឆ្នាំ១៩៦៥ នៅទីក្រុង Ljubljana ប្រទេសយូហ្គោស្លាវីផងដែរនិងមានប្រទេសចំនួន ៤៣ចូលរួម។ នៅក្នុងការប្រកួតនេះកីឡាករ៣ រូបរបស់កម្ពុជាបានទទួលជ័យជម្នះលើក្រុមមកពីប្រទេសវេលស៍ ក្នុងលទ្ធផល ៥/០ ឈ្នះប្រទេសន័រវែស (៥/០) អូទ្រីស (៥/៣) និង បារាំង (៥/០) ផងដែរ ប៉ុន្តែបានចាញ់ក្រុមប៉ូឡូញ (៥/៤) ឆេកូស្លូវ៉ាគី (៥/១) និងហុងគ្រី (៥/០)។ លទ្ធផលនេះបានធ្វើឲ្យក្រុមតំណាងប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៤ នៅលើពិភពលោក។ ក្រោយមកទៀតនៅឆ្នាំ១៩៦៧ កម្ពុជាបានបញ្ជូនកីឡាករ ៥នាក់ និងកីឡាការិនី៣នាក់សម្រាប់ចូលរួមក្នុងយុទ្ធនាការថ្នាក់ពិភពលោកមួយនៅទីក្រុង Stockholm ប្រទេសស៊ុយអែតដែល មាន ៤៧ប្រទេសចូលរួម។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមកម្ពុជានៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួនបានល្អដដែលដោយនាំមុខក្រុមប្រទេសធំៗមួយចំនួនទៀតដូចជា បារាំង អីុរ៉ង់ ឥណ្ឌា សហរដ្ឋអាម៉េរិគ និងឥណ្ឌូនេស៊ី ជាដើមខណៈដែលនៅក្នុងតំបន់អាស៊ីវិញ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទាបជាង ជប៉ុន និងសាធារណរដ្ឋកូរ៉េតែប៉ុណ្ណោះ។

10365826_581575441969772_1770735925165997988_n

ជាមួយគ្នានេះដែរ ក្រុមកីឡាការិនីកម្ពុជាក៏បានជាប់ចំណាត់ថ្នាក់លេខ១៧ នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Corbillon Cup ដែលជាការប្រកួតវាយកូនឃ្លីលើតុដណ្តើមពានរង្វាន់លំដាប់ពិភពលោកផ្នែកនារីផងដែរ។លទ្ធផលដ៏ល្អនេះ បានស្តែងឲ្យឃើញថាអត្តពលិកកម្ពុជាយើងមានសមត្ថភាពខ្ពស់មិនចាញ់បណ្តាប្រទេសនានានៅក្នុងទ្វីបអាស៊ីក៏ដូចជានៅក្នុងពិភពលោកឡើយ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ