សូហ្វតេន្នីសកម្ពុជាដណ្តើមបានមេដាយ១៧គ្រឿងក្នុងការប្រកួតជើងឯកអាស៊ាន

ក្រុមកីឡាករ កីឡាការិនីសូហ្វតេន្នីសកម្ពុជាបាននាំយកនូវមេដាយចំនួន ១៧គ្រឿងជូនជាតិមាតុភូមិនៅក្នុងការប្រកួតជើងឯកអាស៊ានឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះដោយនៅក្នុងរួមមាន មេដាយប្រាក់ ៨គ្រឿង និងសំរិទ្ធ ៩គ្រឿងផងដែរ។ សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះមានប្រទេសចូលរួមចំនួន ៨ ដូចជាប្រទេសកូរ៉េ ជប៉ុន ឥណ្ឌូនេស៊ី វៀតណាម ម្ចាស់ផ្ទះម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងកម្ពុជាជាដើម។

នៅក្នុងការប្រកួតជាក្រុមនោះ កីឡាករ កាន់ សោភ័ណ្ឌ ឯក ចំរើន យី សរសារិទ្ធ ឌឹម សម្បត្តិ និង ជា សែនវិស្សុត បានរួមគ្នាដណ្តើមបានមេដាយប្រាក់ឲ្យកម្ពុជាដោយពួកគេបានយកឈ្នះលើក្រុមថៃ និងម៉ាឡេស៊ី ៣-០ ដូចគ្នា ព្រមទាំងបានឈ្នះក្រុមហ្វីលីពីន ២-១ ប៉ុន្តែបានចាញ់ក្រុមមេដាយមាសរបស់ឥណ្ឌូនេស៊ី ២-១។

បន្ថែមលើនេះ កីឡាការិនី ម៉េត ម៉ារីយ៉ាន និង បូរ ទីងហ៊ុយ បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតវាយគូអាយុក្រោម ១៣ ឆ្នាំ (U13) ហើយ ម៉េត ម៉ារីយ៉ាន ក៏ឈ្នះបានមេដាយប្រាក់លើវិញ្ញាសាឯកត្តជន U13 ដែរ។ ចំណែកមេដាយសំរឹទ្ធទាំង ៧ គឺកម្ពុជាដណ្តើមបាននៅលើវិញ្ញាសាឯកត្តជន (បុរស-នារី) និងវាយគូ (ផ្នែកបុរស) ទៅតាមប្រភេទអាយុដែលបានកំណត់គឺក្រោម ២១ ឆ្នាំ ១៨ ឆ្នាំ ១៥ ឆ្នាំ និងក្រោម ១៣ ឆ្នាំ។

ជ័យជម្នះនេះគឺជា ឱកាសមួយដ៏ល្អដើម្បីអាចឱ្យក្រុមអត្តពលិកកម្ពុជាអាចធ្វើការវាស់ស្ទង់ពីកម្រិតនៃការលេងរបស់អត្តពលិកមកពីបណ្តាប្រទេសផ្សេងៗទៀតមុនពេលដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជានឹងបញ្ជូនក្រុមអត្តពលិកចំនួន ៥ នាក់ដើម្បីទៅចូលរួមការប្រកួតកីឡាសូហ្វតេន្នីសជើងឯកអាស៊ី នៅប្រទេសជប៉ុន ក្នុងខែវិច្ឆិកាខាងមុខនេះ៕

IMG_2435-copy

អត្ថបទ៖ មករា

រូបភាព៖ Shin Long (Khmer Best News)

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ