ស៊ន សៀវមុី ប្តេជ្ញាដណ្តើមជ័យជម្នះជូនមាតុភូមិក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោក

ភ្នំពេញ៖ វីរៈកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវមុី បានថ្លែងនៅក្នុងពិធីអបអរសាទរការទទួលបានមេដាយមាសក្នុងការប្រកួតជម្រុះដើម្បីទទួលបានសិទ្ធិទៅប្រកួតអូឡាំពិកពិភពលោកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលក៏ដូចជាការឈ្នះមេដាយប្រាក់ក្នុងការប្រកួតតេក្វាន់ដូប្រចាំទ្វីបអាស៊ីកាលពីពេលកន្លងទៅថា៖« នាងខ្ញុំបេ្តជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមជ័យជម្នះក្នុងការប្រកួតកម្រិតសកលលោកនេះ ជាពិសេសខ្ញុំនឹងព្យាយាមហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង និងប្រឹងប្រែងកែប្រែកំហុសឆ្គង និងចំនុចខ្វះខាតនានាដែលនាងខ្ញុំមាន។»

Sorn Seavmey

យ៉ាងណាក៏ដោយកីឡាការិនីរូបនេះ មិនបានបង្ហាញជំនឿចិត្តថាខ្លួនអាចមានភាគរយក្នុងការឈ្នះប៉ុន្មាននោះឡើយ ដោយនាងបានលើកឡើងថា៖«តាមធម្មតានាងខ្ញុំមិនដែលសន្យាថានាងខ្ញុំនឹងត្រូវតែឈ្នះជាដាច់ខាតឡើយ ប៉ុន្តែខ្ញុំជឿជាក់ថា ដរាបណាមានការតស៊ូ ព្យាយាម និងការហ្វឹកហាត់បានខ្ជាប់ខ្ជួននោះយើងនឹងអាចទទួលបានជ័យជម្នះជាមិនខាន។» សម្រាប់ ស៊ន សៀវមុី នៅក្នុងចំណោមបេក្ខភាពប្រកួតទាំង១៦នាក់នាងមានការបារម្ភចំពោះកីឡាការិនីមកពីប្រទេសចិនជាងគេដោយសារតែកីឡាការិនីចិនគឺជាដៃគូមួយដ៏ខ្លាំង និងមានបច្ចេកទេសខ្ពស់។13010636_1713112068965602_8815743479486577165_n

សូមបញ្ជាក់ថា ស៊ន សៀវមីុ គឺជាអត្តពលិកកម្ពុជាទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបានសិទ្ធពេញលេញក្នុងការចូលរួមប្រកូួតកីឡាអូឡាំពិកពិភពលោកខណៈដែលតាំងពីឆ្នាំ១៩៥៤ មកកម្ពុជាទទួលបានត្រឹមសិទ្ធិចូលរួមដោយអនុគ្រោះប៉ុណ្ណោះ៕


 

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ