ការប្រកួតបាល់បោះ Extra Joss Basketball Cambodia ចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសានេះហើយ!

ដើម្បីជំរុញឲ្យយុវជនមានការចូលរួមកាន់តែច្រើនឡើងថែមទៀតនៅក្នុងការហ្វឹកហាត់កីឡាបាល់បោះដែលជាកីឡាមួយកំពុងតែទទួលបានការគាំទ្រច្រើនឡើងៗនៅក្នុងសង្គមកម្ពុជានោះ សហព័ន្ធកីឡាបាល់បោះកម្ពុជារួមជាមួយនិងក្រុមហ៊ុនភេសជ្ជៈ Extra Joss ដែលជាដៃគូឧបត្ថម្ភរបស់ខ្លួននោះនឹងរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតបាល់បោះមហាជនមួយដែលមានឈ្មោះថាកម្មវិធី Extra Joss Basketball Cambodia ដោយការប្រកួតនេះតម្រូវឲ្យក្រុមទាំងសងខាងមានសមាជិកចំនួន ៤រូប ហើយ ៣រូបជាកីឡាករប្រកួតលើទីលាន និង១រូបទៀតគឺជាកីឡាករបម្រុង។ 

លោក កៅ កាន់ម៉ាលី អគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាបាល់បោះកម្ពុជាបានលើកឡើងថា៖ « ការប្រកួតជាលក្ខណៈ ៣ ទល់នឹង ៣ នេះគឺជាការផ្តល់ឪកាសដល់យុវជនកម្ពុជាយើងគ្រប់រួបៗបានបង្ហាញសមត្ថភាពនៃការលេងបាល់បោះរបស់ខ្លួនដោយមិនកំណត់ចំពោះកីឡាករអាជីពឡើយ ពោលគឺកម្មវិធីនេះធ្វើឡើងជាលក្ខណៈមហាជនតែម្តង។ ការរៀបចំបែបនេះគឺផ្តោតសំខាន់ទៅលើថ្នាលយុវជនខណៈដែលការប្រកួតបែបនេះក៏ត្រូវបានបញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ ដូច្នេះហើយទើបក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ាន បូរ៉ាត ដែលជាប្រធានសហព័ន្ធផ្ទាល់លោកបានណែនាំឲ្យបង្កើតកម្មវិធីបែបនេះឲ្យបានច្រើនដើម្បីរួមចំណែកបណ្តុះបណ្តាលកីឡាករ កីឡាការិនីរបស់យើងឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។»

សូមបញ្ជាក់ថា សម្រាប់យុវជនដែលមានបំណងចូលរួមក្នុងការប្រកួត Extra Joss Basketball Cambodia នេះអាចទំនាក់ទំនងសាកសួរព័ត៌មាន និងចុះឈ្មោះបាននៅបន្ទប់លេខ១១នៃសហព័ន្ធកីទ្បាបាល់បោះកម្ពុជាដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិអូទ្បាំពិតឬតាមរយៈអ៊ីម៉ែល [email protected] ឬតាមលេខទូរស័ព្ទ 012 417 254, 070 463 752 ។ ដោយតម្លៃចុះឈ្មោះគឺ ១០ដុល្លារសម្រាប់១ក្រុម (ឈប់ទទួលពាក្យថ្ងៃទី ២៣ មេសា ឆ្នាំ២០១៦) ហើយការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាចនៅលើទីលានបាល់បោះខាងក្រៅនៃពហុកីឡដ្ឋានជាតិអូទ្បាំពិកតែម្តង៕

12993589_1738666489711697_5347256100610057217_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ