លោក Oriol Mohedano សម្រេចចិត្តចាកចេញពីក្លឹបភ្នំពេញក្រោនហើយ

លោកគ្រូបង្វឹកជនជាតិអេស្ប៉ាញ Oriol Mohedano ដែលទើបតែបានចូលមកដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោននាដើមរដូវកាលនេះ បានសម្រេចចិត្តចាកចេញពីក្លឹបកំពូលមួយនេះហើយបន្ទាប់ពីទទួលបានការព្រមព្រៀងគ្នាជាមួួយថ្នាក់ដឹកនាំរបស់ក្លឹប។ យោងតាមការបញ្ជាក់របស់មន្ត្រីព័ត៌មានក្លឹបភ្នំពេញក្រោនបានឲ្យដឹងថា ការចាកចេញនេះគឺជាការសម្រេចចិត្តរបស់លោកផ្ទាល់ខណៈដែលលោកបានដឹកនាំការប្រកួតចំនួន៤លើកនិងទទួលបានលទ្ធផលមិនសូវជាល្អប្រសើនោះទេ (ឈ្នះម្តង ចាញ់ម្តង និងស្មើ២ដង)។ យ៉ាងណាក៏ដោយ គ្រូបង្វឹកដែលមានស្រុកកំណើតនៅឯទីក្រុង Barcelona ប្រទេសអេស្ប៉ាញបច្ចុប្បន្នមានវ័យ ២៩ ឆ្នាំ និងជាគ្រូបង្វឹកដែលកាន់សញ្ញាបត្រ UEFA A-License ជាមួយនឹងបទពិសោធន៍ជាច្រើននៅប្រទេសកំណើតលោក និងនៅប្រទេសស្វីស ក៏ដូចជានៅហ្វាំងឡង់ជាដើម។ ជាមួួយគ្នានេះដែរលោកក៏ធ្លាប់ជាកីឡាករមួយរូបដែលមានតួនាទីជាខ្សែការពារ និងធ្លាប់លេងជាមួយក្លឹប Atletic Roda de Bara នៅក្នុង Catalan First Division នៃប្រទេសអេស្ប៉ាញ (លីកលំដាប់ទី ៥ នៃប្រទេសអេស្ប៉ាញ) ប៉ុន្តែដោយសារតែមានបញ្ហារបួសបាក់ជើងលោកក៏ត្រូវបង្ខំចិត្តបញ្ជប់អាជីពជាកីឡាករនៅវ័យត្រឹមតែ ២៣ ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មកលោកក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល UEFA C-License និងបានបំពេញតួនាទីជាគ្រូបង្វឹកក្រុមយុវជន UE Cornella រយៈពេល ៣ ឆ្នាំ មុននឹងត្រលប់ទៅ CA Roda De Bara រយៈពេល ១ ឆ្នាំ ក្រោយមកក៏បន្តទៅ Segunga Division club, Club Gimnastic de Tarragona, (លីកលំដាប់ទី ២ នៃប្រទេសអេស្ប៉ាញ) រយៈពេល ៣ ឆ្នាំ ព្រមទាំងបានជួយឲ្យក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំឈ្នះជើងឯក Catalan Championship ថែមទៀតផង។ ក្រោយមកលោកទទួលបាន UEFA A-License ជាមួយក្រុម Nastic នៅប្រទេសអេស្ប៉ាញ។ នៅខែ កក្កដា ឆ្នាំ២០១៤ លោកបានចូលរួមជាមួយក្រុម Servette FC នៅឯ Geneva ប្រទេសស្វីស ១ ឆ្នាំ និងជាគ្រូជំនួយក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំដែលបានឈ្នះពានជើងឯកនៅប្រទេសស្វីសផងដែរ។ ខណៈដែលលោកបានដឹកនាំក្រុមភ្នំពេញក្រោន លោកបានខិតខំណែនាំ និងហ្វឹកហាត់កីឡាករទៅតាមបច្ចេកទេស និងតាក់ទិចនានាយ៉ាងយកចិត្តទុកដាក់ ក្នុងអំឡុងពេលដែលលោក Sam បានរងគ្រោះថ្នាក់ចរាចរណ៍នោះ។ យ៉ាងណាក៏ដោយ ក្នុងការដឹកនាំកន្លងមកក្រុមនេះមិនសូវជាទទួលបានភាពជោគជ័យច្រើននោះឡើយ ស្របពេលដែលកីឡាករសំខាន់ៗរបស់ក្លឹបត្រូវបានញាុំញីដោយរបួសជាបន្តបន្ទាប់នោះ៕

Oriol

អត្ថបទ៖ រិទ្ធី

រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ