ល្បុក្កតោ កីឡាក្បាច់គុនបុរាណដែលកូនខ្មែរគួរយល់ដឹង និងរួមគ្នាថែរក្សា

ល្បុក្កតោគឺជាយុទ្ធគុនការពារខ្លួនរបស់ខ្មែរដែលមានតាំងពីមុនជំនាន់សម័យមហានគរមកម្ល៉េះហើយក្បាច់គុននេះក៏ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធការពារ ក៏ដូចជាថែរក្សាបូរណភាពទឹកដីខ្មែរប្រឆាំងនឹងការឈ្លានពានរបស់បរទេសផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្បាច់គុណទាំងឡាយនៃល្បុក្កតោមានប្រភពពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិខ្មែររួមផ្សំជាមួយនឹងសកម្មភាពរបស់សត្វនានាដូចជាខ្លា ដំរី ស្វា ពស់ជាដើមដែលនាំឱ្យដូនតាខ្មែរមានគំនិតយកសកម្មភាពទាំងអស់នោះមកកែច្នៃ និងចងក្រងជាក្បាច់គុនប្រចាំជាតិសាសន៍របស់ខ្លួនតែម្តងជាក់ស្តែងក្បាច់គុនទាំងនេះមានទាំងការប្រើប្រាស់ក្បាច់ដៃ គុនដាវ គុនដំបងខ្លី-វែង គុនកន្សែង គុនក្រាប់ គុនកូនតឹង គុនខ្សែគាថា ចំបាប់។ល។ ដែលក្បាច់ទាំងនោះ បង្កប់នូវភាពស្លូតបូត រហ័សរហួន មាំមួនទន់ភ្លន់ និងមានភាពជាក់លាក់ទៀតផង។

_MG_3028

យោងទៅតាមការចងក្រងទុកបានបញ្ជាក់ថាក្បាច់គុនល្បុក្កតោមានប្រវត្ដិតាំងពីមុនសម័យអង្គរមកម្ល៉េះ ហើយអ្នកដែលបានបង្កើតក្បាច់នេះមុនគេ គឺជាសេនារបស់ស្ដេចមួយអង្គដែលគាត់មានឈ្មោះថា សតិកុរិ បន្ទាប់មកក្នុងរាជព្រះបាទច័ន្ទរាជាឬអង្គច័ន្ទទី១ ព្រះអង្គបានប្រមូលអ្នកប្រាជ្ញខាងអក្សរសាស្ដ្រ សិល្បៈ ក្បាច់គុន មកចងក្រងជាសៀវភៅក្បាច់គុនខ្មែរក្នុងគោលបំណងដើម្បីថែរក្សាទុកជាកេរដំណែលសម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រជាប្រយោជន៍ប្រទេសជាតិ។ ប៉ុន្ដែក្រោយពេលដែលបានចងក្រងរួច និងត្រូវបានតម្កល់ទុកក្នុងព្រះរាជបណ្ណាល័យនោះ ឯកសារទាំងនោះត្រូវបានបាត់បង់ចំនួន ៤ភាគ៧ នៃឯកសារចងក្រង ដោយសារអំពើក្បត់របស់មន្ត្រីមួយរូបដែលបានលួចយកឯកសារទាំងនោះទៅថ្វាយព្រះចៅក្រុមសៀម។ ដូច្នេះហើយទើបយើងឃើញថា ប្រទេសថៃមានក្បាច់ល្បុក្កតោនេះដែរ ព្រោះថាបានចម្លង និងហាត់រៀនតាមឯកសារគុនខ្មែរ។ ការបាត់បង់របស់ក្បាច់គុននេះបានបន្ដរហូតដល់រាជព្រះបាទអង្គដួង និងក្នុងសម័យអាណានិគមបារាំង។ ដោយឃើញពីឥទ្ធិពល និងភាពខ្លាំងក្លារបស់ក្បាច់នេះ អាជ្ញាធរបារាំងបានបំបិទការហាត់ក្បាច់នេះហើយប្ដូរទៅជាក្បាច់ប្រដាល់សេរីវិញដូច្នេះ ក្បាច់ប្រដាល់សេរីគឺជាផ្នែកតូចមួយនៃក្បាច់គុនល្បុក្កតោខ្មែរយើងនេះឯង។

_MG_3052

ជាមួយគ្នានេះដែរ ដោយសារក្បាច់គុនខ្មែរជាសិល្បៈតស៊ូដែលមានចរិតលក្ខណៈទន់ភ្លន់ប៉ុន្តបង្កប់នូវភាពរឹងមាំដូច្នេះសម្រាប់ការហាត់ក្បាច់គុន ល្បុក្កតោពុំទាមទារលក្ខណៈសម្បត្ដិកាយសម្បទាខ្លាំងក្លាពេកនោះទេ សំខាន់បំផុតនោះគឺត្រូវតែឆ្អឹងរឹងមាំ។ មួយវិញទៀតក្បាច់នេះត្រូវបានបង្កើតឡើងតាមលក្ខណៈចង្វាក់រាំទន់ភ្លន់ជាហេតុទាមទារឱ្យអ្នកហ្វឹកហាត់មានភាពអំណត់ និងតស៊ូខ្លាំង និងត្រូវចៀសឱ្យបាននូវការខឹងច្រឡោត។ ការហាត់ក្បាច់ល្បុក្កតោមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ និងស្មារតី ហើយក៏ជាសិល្បៈតស៊ូមួយដែលអាចយកមកប្រើប្រាស់ការពារខ្លួនផងដែរ។ អ្នកហាត់ក្បាច់ល្បុក្កតោនឹងទទួលបានភាពរហ័សរហួនគ្រប់សារពាង្គកាយ មិនថាដៃ ជើង ភ្នែក និងចិត្ដគំនិតនោះទេព្រោះថាគ្រប់ចលនានៃក្បាច់នេះសុទ្ធសឹងបង្ហាញនៃភាពរឹងប៉ឹង និងទន់ភ្លន់ ដែលតម្រូវឱ្យរាងកាយធ្វើចលនាព្រមគ្នាតែម្តង។_MG_3045

សម្គាល់៖ នៅក្នុងគុនល្បុក្កតោខ្មែរត្រូវបានបែងចែកជា១៣ទ្វារ និងមេធំៗសំខាន់ ៣៧៩មេ ដែលក្នុងមួយមេមានពី ២០ទៅ៣០ ស្នៀត។ បើសិនជាយើងបូកសរុបស្នៀតទាំងអស់គឺមានរហូតដល់ទៅ ៩០៤៩ស្នៀតទៅប្រភេទនៃអវយវៈរាងកាយយើងដូចជារបៀបវាយកែង ជង្គង់ ដៃ និងជើង។ ប៉ុន្ដែមេគុនដែលសំខាន់ទាំងនោះ មានដូចជាមេខ្លាក្រាប ស្រងែពែន បាតជើង អារក្ស ចង្វាផ្ដៅ ក្រពើហា នាងហ៊ីង បាំងមុខ បាតដៃព្រះនារាយណ៍ ថ្វាយភួងព្រះរាម ឥន្ទ្រីកងស្បង់ ឥន្ទ្រីបិទមុខជាដើម។ ទាំងនេះជាក្បាច់គុនខ្មែរដែលមានវិសាលភាព ធំធេងមិនអាចគណនាបាន ដែលកូនខ្មែរគ្រប់រូបគួរតែយល់ដឹងស្វែងយល់ឱ្យស៊ីជម្រៅ និងគួរតែលើកតម្កើង។

ប្រភព៖ គេហទំព័រសុខភាពកម្ពុជា

កែសម្រួល និងរូបភាព៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ