ស្តេចអុកអង្គរសង្រ្កាន ឈាវ បូរ៉ា រងបរាជ័យដោយសារស្នាដៃពន្លកថ្មី ហេង សៅឌី

ស្តេចអុកអង្គរសង្ក្រាន ឈាវ បូរ៉ា ដែលបានគ្រងតំណែងនេះអស់រយៈពេលពីរឆ្នាំជាប់ៗគ្នានោះ បានរងបរាជ័យកាលពីការប្រកួតវគ្គជម្រុះ ៨នាក់ចុងក្រោយកាលពីព្រឹកមិញនេះក្រោមស្នាដៃរបស់កីឡាករវ័យក្មេង ហេង សៅឌី ជាហេតុនាំឲ្យរូបគេមិនមានឱកាសដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីអង្គរដូចកាលពី២ឆ្នាំកន្លងទៅឡើយ។ ការប្រកួតដែលមានភាពស្វិតស្វាញជាទីបំផុតនេះ បានប្រព្រឹត្តទៅក្រោមក្រសែភ្នែករបស់អ្នកចូលរួមទស្សនាជាច្រើនដែលបានផ្តោតអារម្មណ៍ និងរង់ចាំយ៉ាងអន្ទះសារដោយម្នាក់ៗសុទ្ធតែចង់ដឹងថាតើស្តេចអុករូបនេះអាចបន្តកំណត់ត្រាឈ្នះរបស់ខ្លួនបានទៀតឬយ៉ាងណា?

នៅទីបំផុត ឱកាសមាសរបស់កីឡាកររូបនេះត្រូវបានបញ្ចប់បន្ទាប់ពីជើងខ្លាំង ហេង សៅឌី បានយកប្រៀបលើក្តារអុកជាពិសេសកីឡាករពន្លកថ្មីរូបនេះបានយកឈ្នះក្នុងការរាប់នាទីដោយ ឈាវ បូរ៉ា ហាក់ដូចជាសម្រុកលើការវាយលុក (ស៊ី) លើគូបដិបក្ខ និងធ្វេសប្រហែសក្នុងការរាប់រយៈពេលរបស់ខ្លួន។

កីឡាករ ហេង សៅឌី បានលើកឡើងទាំងអារម្មណ៍ភ័យអរថា ៖ « ខ្ញុំពិតជាសប្បាយចិត្តណាស់ចំពោះលទ្ធផលនេះ ប៉ុន្តែខ្ញុំពិតជាកោតសរសើរគាត់ដែលមានបច្ចេកទេសល្អណាស់ តាមពិតទៅគាត់លេងបានល្អ និងបច្ចេកទេសខ្ពស់ដែលខ្ញុំមិនអាចធ្វើបានដូចគាត់ឡើយ ប៉ុន្តែខ្ញុំបាននាំមុខគាត់ក្នុងការប្រើល្បឿន ធ្វើដូច្នេះទើបខ្ញុំអាចឈ្នះគាត់បាន។ យ៉ាងណាក៏ដោយ ខ្ញុំមិនទាន់ប្រាកដចិត្តថាខ្ញុំអាចឈ្នះការប្រកួតនៅខេត្តសៀមរាបឬយ៉ាងណាទេ គ្រាន់តែខ្ញុំនឹងពង្រឹងក្តីសង្ឃឹមរបស់ខ្ញុំ ហើយព្យាយាមហ្វឹកហាត់បន្ថែមទៀតសម្រាប់ការប្រកួតខាងមុខនេះ!។»

សូមបញ្ជាក់ថា បន្ទាប់ពីបានទម្លាក់ ឈាវ បូរ៉ា បានហើយនោះ ហេង សៅឌី បានក្លាយជាបេក្ខជនម្នាក់ក្នុងចំណោមជើងខ្លាំងទាំង៨នាក់ដែលនឹងត្រូវបន្តដំណើរទៅប្រកួតនៅខាងមុខប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាដើម្បីប្រជែងគ្នាដណ្តើមយកតំណែងជា «ស្តេចអុកនៃព្រឹត្តិុការណ៍អង្គរសង្រ្កានឆ្នាំ២០១៦» ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសាខាងមុខនេះហើយ៕

_MG_2010

ស្តេចអុកអង្គរសង្ក្រាន២ជំនាន់ ឈាវ បូរ៉ា ក្នុងការប្រកួតកាលពីព្រឹកមិញ

_MG_2080new

ជើងខ្លាំងវ័យក្មេង ហេង សៅឌី ខណៈពេលកំពុងប្រកួតជាមួយកីឡាករ ឈាវ បូរ៉ា

_MG_2133new

អត្ថបទ និងរូបភាព៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ