ប្រធានក្លឹបភ្នំពេញក្រោននឹងកសាងទីលានបាល់ទាត់មួយសម្រាប់ជាចំណងដៃអ្នកស្រុកកោះធំ

ជាមួយនឹងចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះកីឡាបាល់ទាត់ក៏ដូចជាក្នុងគោលដៅដើម្បីអភិវឌ្ឍន៍វិស័យកីឡាមួយនេះ លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងកសាងទីលានបាល់ទាត់ស្មៅសិប្បនិមិត្តមួយនៅក្នុងបរិវេណវត្តសំពៅមាសនាភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល។ ទីលានដែលគ្រោងនឹងសាងសង់ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាជាង ២មឺុនដុល្លារនេះគឺជាចំណងដៃមួយបន្ថែមទៀតដល់ប្រជាពលរដ្ឋជាពិសេសសម្រាប់យុវជនដែលស្នេហាកីឡាបាល់ទាត់ដែលកំពុងរស់នៅក្នុងតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមមួយនេះ។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាកសាងអាគារសិក្សាមួយខ្នងដែលជាអំណោយរបស់លោកឧកញ៉ា កុក អាន និងលោកជំទាវព្រមទាំងក្រុមគ្រួសារកាលពីព្រឹកថ្ងៃទី២០ ខែមីនាម្សិលមិញនេះ លោក ឬទ្ធី សំណាង បានមានប្រសាសន៍ថា៖ « ក្នុងនាមជាក្លឹបបាល់ទាត់អាជីពមួយឈានមុខគេនៅកម្ពុុជាយើងមានគោលដៅពិតប្រាកដក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាបន្ថែមទៀតហើយតាមរយៈទីលានដែលនឹងត្រូវស្ថាបនាបន្ទាប់ពីអាគារសិក្សាត្រូវបានកសាងចប់ យើងសង្ឃមថាយុវជន និងក្មេងៗជាច្រើននៅទីនេះនឹងអាចចូលរួមកាន់តែខ្លាំងថែមទៀតក្នុងការហ្វឹកហាត់បាល់ទាត់ដើម្បីអាចក្លាយជាកីឡាករអាជីពនៅក្នុងពេលអនាគត។ យើងនឹងនាំក្រុមកីឡាររបស់យើងមកចែករំលែកបទពិសោធន៍ដល់យុវជនទាំងនោះតាមរយៈកម្មវិធី Community Football Festival ដូចអ្វីដែលពួកគេបានធ្វើនៅក្នុងថ្ងៃនេះស្រាប់។»

សូមបញ្ជាក់ថា នៅក្នុងថ្ងៃដដែលនោះលោកប្រធានក្លឹបក៏បានដឹកនាំក្រុមកីឡាករក៏ដូចជាបុគ្គលិករបស់ក្លឹបភ្នំពេញក្រោនចូលរួមក្នុងកម្មវិធីបាល់ទាត់សហគមន៍ដើម្បីចែករំលែកបទពិសោធន៍ និងភាពសប្បាយរីករាយជាមួយនឹងក្រុមយុវជននៅក្នុងភូមិជ្រៃធំនោះព្រមទាំងបានចែកអំណោយជាបាល់ និងអំណោយសប្បុរសធម៌ដទៃៗដូចជាប៊ិច សៀវភៅ និងកង់មួយចំនួនទៀតដល់សិស្សានុសិស្សប្រមាណជាជាង ៤០០ នាក់ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវត្តសំពៅមាសនោះផងដែរ៕

 

_MG_9418new

លោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោនក្នុងកម្មវិធី Community Football Festival កាលពីថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៦

IMG_0845

លោកប្រធានក្លឹប និងភរិយាប្រគល់បាល់ដល់តំណាងប្រជាពលរដ្ឋនៅស្រុកកោះធំ

 

IMG_9613

បរិវេណសាលាបឋមសិក្សាវត្តសំពៅមាសដែលនឹងត្រូវសាងសង់ទីលានបាល់ទាត់សិប្បនិមិត្ត

 

អត្ថបទ៖ មករា

រូបភាព៖ បារំាង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ