ភ្នំពេញក្រោនគ្រោងចំណាយច្រើនជាងឆ្នាំចាស់ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ និងសហគមន៍

ក្លឹបជើងឯក៦សម័យកាលភ្នំពេញក្រោនគ្រោងនឹងបង្កើនការចំណាយថែមទៀតនៅក្នុងឆ្នាំនេះដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់ និងសហគមន៍នានាខណៈដែលក្លឹបកំពូលមួយនេះកំពុងតែចាប់ដៃគូយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុន​​ Smart Axiata ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តដ៏ធំមួយនៅកម្ពុជា។

នៅក្នុងកម្មវិធីធ្វើសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះនាកីឡដ្ឋាន RSN ដើម្បីបង្ហាញឯកសណ្ឋានថ្មីសម្រាប់រដូវកាលនេះក៏ដូចជាការប្រកាសពីសមាសភាពគ្រូបង្វឹក និងកីឡាករថ្មីៗដែលនឹងត្រូវចូលរួមប្រកួតការពារតំណែងជើងឯកក្នុងពេលដ៏ខ្លីខាងមុខនេះលោក ឬទ្ធី សំណាង ដែលជាប្រធានក្លឹបបានមានប្រសាសន៍ថា៖ “ក្លឹបភ្នំពេញក្រោនពិតជាមានក្តីរំភើបក្រៃលែងក្នុងការស្វាគមន៍ក្រុមហ៊ុន Smart Axiata ក្នុងនាមជាដៃគូផ្លូវការរបស់យើងសម្រាប់រយៈពេល ៣ ឆ្នាំនេះ។ ក្រុមហ៊ុន Smart មិនត្រឹមតែជាអ្នកឧបត្ថម្ភធំសម្រាប់ឯកសណ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងសហការគ្នាយ៉ាងស្អិតរមួតដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់ នៅកម្ពុជាក៏ដូចជាកីឡាផ្សេងៗទៀតដែលទាក់ទងទៅនឹងសង្គមផងដែរ។ ជាការពិតណាស់ Smart គឺជាក្រុមហ៊ុនមួយ ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសកម្មភាពអភិវឌ្ឍន៍សហគមន៍តាម     រយៈគម្រោងនានាដែលទាក់ទងទៅនឹងវិស័យកីឡា អប់រំ និងសុខាភិបាលជាដើម។ ប្រការនេះហើយដែលបានធ្វើឲ្យក្រុមហ៊ុន Smart ក្លាយជាក្រុមហ៊ុនដែលស័ក្តិសមបំផុតក្នុងការចូលរួមជាដៃគូផ្លូវការជាមួយក្លឹបភ្នំពេញក្រោនរបស់យើង។ ជាមួយគ្នានេះដែរ ក្លឹបរបស់យើងតែងតែព្យាយាមបង្កើតឡើងនូវអ្វីដែលខុសប្លែកពីគេ ក្នុងគោលដៅផ្លាស់ប្តូរសង្គមឆ្ពោះទៅរកភាពវិជ្ជមានតាមរយៈការផ្តោតសំខាន់លើការអភិវឌ្ឍន៍សមត្ថភាពក្រុមថ្នាលយុវជន ការរួមចំណែកអភិវឌ្ឍន៍សហគមន៍ ការអប់រំ ក៏ដូចជាសកម្មភាពផ្សេងៗជាច្រើនទៀត។” ប្រធានក្រុម Cambodian All Star ដែលបានបំបាក់ក្រុមជើងខ្លាំងថៃនាពេលកន្លងមកនេះបានបន្តទៀតថា៖  “បន្ទាប់ពីបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន Smart រួចមកក្លឹបរបស់យើងគ្រោងនឹងចំណាយច្រើនជាងឆ្នាំមុនថែមទៀតដើម្បីចូលរួមពង្រឹងក្លឹប និងរួមចំណែកជួយដល់សហគមន៍បាល់ទាត់នានានៅទូទាំងប្រទេសដែលជួបប្រទះភាពខ្វះខាត ដោយកាលពីឆ្នាំចាស់ក្លឹបបានចំណាយអស់ជាង ៥០០០០០ ដុល្លារទៅលើក្រុមឈុតធំ ក្រុម U ទាំងអស់ក៏ដូចជាចំពោះការធ្វើសកម្មភាពនៅតាមសហគមន៍ផងដែរ ហើយនៅឆ្នាំនេះយ៉ាងនឹងពង្រីកសកម្មភាពរបស់យើងជាមួយក្រុមហ៊ុនជាដៃគូឲ្យបានទូលំទូលាយ និងធំធេងជាងមុនថែមទៀត។ ”

អ្នកនាង សំបូរ សុភាវត្តី ដែលជាអ្នកតំណាងក្រុមហ៊ុន​ Smart បានលើកឡើងផងដែរថា៖ “ក្រុមហ៊ុន Smart ពិតជាមានក្តីរីករាយយ៉ាងខ្លាំងដែលបានក្លាយជាដៃគូរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនក្នុងការរួមចំណែកដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់យើង ជាពិសេស​ Smart  មានសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពទាំងនេះគឺពិតជាអាចជួយសម្រេចបំណងប្រាថ្នាក្នុងការក្លាយទៅជាកីឡាករអាជីពទាំងកម្រិតជាតិ និងអន្តរជាតិនាពេលអនាគតជាក់ជាមិនខាន។”

PPCFC 2016 Jerseys Press

Press New Jersey

PPCFC 2016 Jerseys Press1

អត្ថបទ/រូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ