សហព័ន្ធកីឡា ៩ ប្រភេទនឹងប្រមូលផ្តុំអត្តពលិកសម្រាប់ថ្នាលស៊ីហ្គេម

កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អគ្គនាយមកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡាបានបើកធ្វើកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន៩នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីប្រកាសអំពីការប្រមូលផ្តុំគ្រូបង្វឹក អនុរក្ស កីឡាករ កីឡាការិនីជម្រើសជាតិនៅក្នុងសហព័ន្ធកីឡាទំាង៩ដែលរួមមានចំនួន១៧២នាក់លើ៩ប្រភេទកីឡាផ្សេងៗពីគ្នា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា៖ «ការបណ្តុះបណ្តាលកីឡាករថ្នាលគឺជាកត្តាចាំបាច់ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះផងដែរនោះ»។ សូមបញ្ជាក់ថា ក្នុងរយៈពេលនៃការប្រមូលផ្តុំនេះក្រុមកីឡាករបាល់ទាត់ U16 មានចំនួន២៩នាក់ត្រូវហ្វឹកហាត់ក្នុងរយៈពេល១២ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រៅពីនេះប្រភេទកីឡាផ្សេងៗទៀតនឹងត្រូវធ្វើការប្រមូលផ្តុំរយៈពេល១០ខែដោយចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានលើកឡើងបន្តទៀតថា៖ «ឆ្នាំ២០១៦នេះជាការចាប់ផ្តើមចេញដំណើរក្នុងការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជាតិថ្នាល ហើយឆ្នាំនេះយើងជ្រើសរើសប្រភេទកីឡាចំនួន៩ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានទីលានហាត់ហ្វឹកហ្វឺន មានធនធានមនុស្សគ្រប់គ្រាន់មកប្រមូលផ្តុំហាត់ហ្វឹកហ្វឺន។ វាពិតជាមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដោយមើលឃើញពីសារសំខាន់នេះក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវការប្រមូលផ្តុំកីឡាយុវជនថ្នាលនេះឡើង ប៉ុន្តែសូមសហព័ន្ធកីឡាជាតិទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់បង្កើតគណៈកម្មការបច្ចេកទេសរៀបចំជ្រើសរើសសមាសភាពគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីថ្នាល ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលក្រសួងបានកំណត់ មានតម្លាភាព សក្តានុពល សមិទ្ធផលខ្ពស់ និងសីលធម៌ល្អផងដែរ នោះទើបការវិនិយោគរបស់រាជរដ្ឋាភិបាលលើវិស័យកីឡាទទួលបានលទ្ធផលល្អប្រសើរ។»

គួរបញ្ជាក់ផងដែរថា ការប្រមូលផ្តុំកីឡាករ កីឡាការិនីថ្នាលឆ្នាំ២០១៦នេះមាន៩ប្រភេទកីឡាគឺ ប្រភេទកីឡាបាល់ទាត់(U16-U14) ប្រភេទកីឡាតេក្វាន់ដូ ប្រភេទកីឡាប៉េតង់ ប្រភេទកីឡាហែលទឹក ប្រភេទកីឡាបាល់បោះ ប្រភេទកីឡាចំបាប់ ប្រភេទកីឡាអត្តពលកម្ម ប្រភេទកីឡាបាល់ទះ និងប្រភេទកីឡាប្រដាល់ ។ ក្នុងការប្រមូលផ្តុំនេះកីឡាករ កីឡាការិនីទាំងអស់ទទួលបានតែប្រាក់អាហារបំប៉នតែប៉ុណ្ណោះ ដែលមានទឹកប្រាក់ ៤៤ ០០០រៀលក្នុងម្នាក់ក្នុងមួយថ្ងៃខណៈដែលគ្រូបង្វឹក គ្រូជំនួយ អនុរក្សទទួលបានប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់អាហារបំប៉ន ដោយគ្រូបង្វឹក និងគ្រូជំនួយម្នាក់ៗទទួលបាន៦០ម៉ឺនរៀលក្នុងមួយខែ រីឯអនុរក្សទទួលបាន៣០ម៉ឺនរៀលក្នុងមួយខែ៕

IMG_7760

អត្ថបទ៖ មករា

រូបភាព៖ Camsports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ