សល់ប្រហែលមិនដល់ ១ ម៉ោងទៀតប៉ុណ្ណោះការប្រកួតរវាងក្លឹបភ្នំពេញក្រោននិងបឹងកេតនៅកីឡដ្ឋាន RSN​ នឹងចាប់ផ្តើម

នៅសល់មិនដល់ ១ ម៉ោងទៀតនោះទេ ការប្រកួតសប្បុរសរវាងក្លឹបដែលជោគជ័យជាងគេនៅក្នុងលីកបាល់ទាត់កម្ពុជាគឺក្លឹបភ្នំពេញក្រោននិងក្លឹបបឹងកេតអង្គរនឹងត្រូវជួបគ្នានៅក្នុងការប្រកួតមិត្តភាពក្នុងគោលដៅសប្បុរសធម៌នៅកីឡដ្ឋាន RSN វេលាម៉ោង ៥:០០ ល្ងាចនាថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
សូមបញ្ជាក់ថារាល់ថវិកាទាំងអស់ដែលទទួលបានពីការប្រកួតមិត្តភាពនេះនឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសំបុត្រសម្រាប់ចូលរួមទស្សនាមានតម្លៃ ១០០០ រៀល។ ​ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះគឺជាការប្រកួតដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងស្រុកខណៈដែលក្លឹបទាំងពីរនេះគឺជាក្លឹបបាល់ទាត់អាជីពដ៏ធំ និងមានអ្នកគាំទ្រជាច្រើនលើសលប់លើសពីនេះទៅទៀតការប្រកួតដែលត្រូវបានរៀបចំឡើងដើម្បីស្វែងរកប្រាក់ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានេះក៏បានបង្ហាញឲ្យឃើញនូវការចូលរួមយ៉ាងសកម្មរវាងវិស័យកីឡា និងការលើកកម្ពស់ដល់សុខុមាលភាពកុមារដែលជាធនធានមនុស្សនាពេលអនាគតរបស់សង្គមជាតិ។ ទន្ទឹមនឹងនេះដែរក្លឹបទាំងពីរក៏បានបញ្ជាក់ផងដែរថាក្នុងនាមជាក្លឹបបាល់ទាត់អាជីពដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ក្លឹបទាំងពីរសូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់លោកវេជ្ជបណ្ឌិត Beat Richner ក៏ដូចជាវេជ្ជបណ្ឌិតនិងក្រុមការងារទាំងអស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាដែលបានមើលថែនិងព្យាបាលកុមារនៅក្នុងប្រទេសកម្ពុជាបានរាប់លាននាក់ចាប់តាំងពីឆ្នាំ១៩៩១ មក។
អ្នករៀបចំកម្មវិធីក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកគាំទ្របាល់ទាត់ទាំងអស់នឹងចូលរួមទស្សនាការប្រកួតមិត្តភាពដើម្បីសប្បុរសធម៌ដែលនឹងប្រព្រឹត្តិទៅនៅកីឡដ្ឋាន RSN នៅថ្ងៃសៅរ៍នេះជាក់ជាមិនខាន៕

PPCFC-vs-BKA-06-Feb-2016

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ