ពិធីបុណ្យទន្លេលើដំបូងដ៏ជោគជ័យអមដោយទស្សនីយភាព កីឡា និង សិល្បៈ

ពិធីបុណ្យទន្លេ

ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាព្រះរាជាណាចក្រនៃវប្បធម៌ដ៏សម្បូរបែប។ ជាមួយនឹងអតីតកាលដ៏រុងរឿងក៏ដូចជាកេរដំណែលនៃប្រាង្គប្រាសាទដ៏សម្បើមអស្ចារ្យរបស់បុព្វបុរស ទឹកដីមួយនេះបានក្លាយទៅជាទីតាំងមួយដែលមនុស្សជាច្រើនក្នុងលោកប្រាថ្នានឹងធ្វើដំណើរដើម្បីបានមកទស្សនាកេតនភណ្ឌទាំងនោះដោយផ្ទាល់ភ្នែករបស់ពួកគេ។ បន្ថែមពីលើភាពខ្ពង់ខ្ពស់ផ្នែកវប្បធម៌ដ៏យូរលង់ហើយនោះ ដែនដីសុវណ្ណភូមិមួយនេះក៏ជារដ្ឋមួយដែលសម្បូរទៅដោយភោគទ្រព្យរ៉ែធម្មជាតិ ព្រមទាំងភាពអំណោយផលនៃអាកាសធាតុក្តៅត្រជាក់បែបមូសុងអមដោយទន្លេធំៗហូរឆ្លងកាត់ជាហេតុបន្សល់ទុកនូវដីល្បប់ដ៏មានជីជាតិបង្កើតបាននូវទស្សនីយភាពដ៏រស់រវើកនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិខ្មែរអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។

ពិធីបុណ្យទន្លេ

ជាការពិតណាស់ ដោយសារតែកត្តាទាំងនេះហើយទើបជីវិតរបស់ប្រជាជនកម្ពុជាភាគច្រើនត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយនឹងទឹកដី ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងការចងចាំនៃប្រវត្តិសាស្ត្រដែលធ្លាប់កើតមាននៅតាមភូមិស្រុករបស់ខ្លួន។ ប្រិយមិត្តតែងតែបានលឺជារឿយៗពីឈ្មោះនៃទីតាំងណាមួយដែលត្រូវបានហៅទៅតាមរឿងព្រេងនិទានដែលត្រូវបាននិទានតៗគ្នាពីមនុស្សជំនាន់មួយទៅជំនាន់មួយ ឬតាមរយៈព្រឹត្តការណ៍ប្រវត្តិសាស្ត្រជាដើម។ ក្រៅពីនេះអបិយជំនឿ និងការគោរពបូជានៅតាមតំបន់ក៏មានភាពផុសផុលយ៉ាងខ្លាំងក្លារដែរដូចជាការគោរពម្ចាស់ទឹកម្ចាស់ដី ឬការបួងសួងដល់អ្នកថែរក្សាទន្លេ បឹងបួរជាដើម។

ដោយឈរលើការគោរពបូជាទាំងអស់នេះហើយទើបជារៀងរាល់ឆ្នាំប្រទេសកម្ពុជាបានប្រារព្ធនូវពិធីបុណ្យតូចធំជាច្រើនដោយពិធីទាំងនោះត្រូវបានធ្វើឡើងដើម្បីឧទ្ទិសដល់សាសនា ការតស៊ូរបស់បុព្វបុរសខ្មែរនាសម័យបុរាណ ក៏ដូចជាដើម្បីភាពសប្បាយរីករាយក្នុងសហគមន៍ជាដើម។ បន្ថែមពីលើនេះនាឆ្នាំ២០១៥ នេះរាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើឡើងនូវពិធីបុណ្យទន្លេជាលើកដំបូងក្នុងគោលបំណងដើម្បីរឹលឹកគុណទន្លេមេគង្គដែលបានហូរស្រោចស្រពដែនដីកម្ពុជានារយៈកាលរាប់ពាន់ឆ្នាំមកហើយ និងបាននាំមកនូវសម្បត្តិធម្មជាតិ បន្លែត្រីសាច់សព្វសារពើ រួមទាំងផ្តល់នូវអេកូទេសចរណ៍ដ៏សម្បូរបែបដើម្បីបម្រើដល់ជីវិតរស់នៅរបស់ប្រជាជនព្រមទាំងបង្កើនចំណូលសេដ្ឋកិច្ចជាតិផងដែរ។

ពិធីបុណ្យទន្លេ

 

 

ពិធីបុណ្យទន្លេ

ស្វែងយល់ពីខេត្តក្រចេះដែនដីទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល

          ខេត្តក្រចេះមានទីតាំងស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃប្រទេសកម្ពុជាដែលសម្បូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនដែលអាចប្រើប្រាស់ជាមណ្ឌលទេសចរណ៍ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិអោយមកទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃសម្បតិ្តទាំងនោះ។ ក្រៅអំពីលទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរដំណែលដូនតារបស់ខែ្មរបានបន្សល់ទុកយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ទីប្រជុំជនដ៏កុះករ និងមមាញឹកបំផុតរបស់ខេត្តនេះគឺ ក្រចេះក្រុង (ក្រុងក្រចេះ) ដែលជាទីប្រជុំជនតូចមួយប៉ុនែ្តស្រស់ស្អាតមានលម្អទៅដោយអាគារដែលស្ថាបនាតាំងពីទសវត្សរ៍ ១៩៤០ ១៩៥០ និង ១៩៦០ ដែលមានរចនាបថល្អប្រណិត។ អ្វីដែលមិនអាចបំភ្លេចបាននោះគឺនៅគ្រប់ទីកនែ្លងក្នុងខេត្តនេះពោរពេញទៅដោយធម្មជាតិពិតដ៏សែនមនោរម្យ ដោយនៅខាងមុខមានដងទនេ្ល និងកោះ ចំណែកឯនៅខាងក្រោយមានបឹងដ៏ធំដែលមានជំនោរដ៏បរិសុទ្ធ។ យើងខ្ញុំជឿជាក់ថា សម្រាប់ប្រិយមិត្តដែលទើបតែបានមកដល់ខេត្តក្រចេះជាលើកដំបូង លោកអ្នកប្រាកដជាមានអារម្មណ៍សប្បាយរីករាយតាមរយៈការគយគន់ទេសភាព និងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិចដ៏ស្រស់ត្រកាល។ ពិសេសបំផុតនោះគឺខេត្តក្រចេះជាដែនដីតែមួយគត់នៅកម្ពុជាដែលមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកកំពុងរស់នៅជាហេតុបង្កើននូវភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសទាំងក្នុងគោលដៅទេសចរណ៍ និងសារៈសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់ថែមទៀតផង។ លើសពីនេះខេត្តក្រចេះមានជនជាតិដើមភាគតិចរស់នៅចំនួន ៧ ជនជាតិដូចជា ព្នង ស្ទៀង កួយ ខោញ មិល ក្រោល និង ថ្មូន និងខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៧ ដែលមានចម្ងាយ ៣៤០ គ.ម និងមានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរមកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី ឬរថយន្តក្រុងជាដើម ចំពោះអ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមនាវាលឿនតាមបណ្តោយទនេ្លមេគង្គដែលមានចម្ងាយ ២២០ គ.ម ថែមទៀតផងខណៈដែលការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្តទៅបាននៅឡើយដោយសារអាកាសយានដ្ឋានពុំទាន់បានកែលម្អ និងពុំទាន់មានជើងហោះហើរនៅឡើយ។ សូមបញ្ជាក់ផងដែរថា ទន្លេមេគង្គបានហូរកាត់ខេត្តមួយនេះចាប់ពីខាងជើងទៅខាងត្បូងមានប្រវែងប្រហែល ១៤០ គ.ម.ដែលបានផ្តល់នូវទីលំនៅដល់សត្វផ្សោត មច្ឆា និងបក្សាបក្សីជាច្រើនប្រភេទជាមួយគ្នានេះដែរលំហូរនៃទឹកទន្លេមេគង្គនៅក្រុងក្រចេះមានការប្រែប្រួលយ៉ាងខ្លាំង និងបានបង្កើតឲ្យមាននូវបណ្តាកោះតូចៗរាប់រយលិចទឹកនៅរដូវវស្សា និងអាចមើលឃើញនៅក្នុងរដូវប្រាំង។ ខេត្តនេះមានអាកាសធាតុរងារចាប់ពីខែវិច្ឆិកា ទៅដល់ខែមីនា ហើយរដូវក្ដៅចាប់ពីខែមីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែឧសភា ដល់ខែតុលា។ លក្ខណៈពិសេសមួយទៀតនោះគឺក្រៅពីដំណាំម្រេច និងកៅស៊ូ តំបន់ព្រៃឈើនៅក្រចេះមានភាពស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាដោយព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយជ្រុះស្លឹកកំឡុងរដូវប្រាំង។

ពិធីបុណ្យទន្លេ

ទស្សនីយភាពនៃការប្រារព្ធពិធីបុណ្យទន្លេលើកទីមួយនៅដែនសុវណ្ណភូមិ

          ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ខេត្តក្រចេះជាខេត្តមួយដែលមានទន្លេមេគង្គហូរកាត់ដ៏វែងអន្លាយដូច្នេះហើយទើបប្រជាជននៅទីនោះមានមានជីវិតរស់នៅយ៉ាងជិតស្និទ្ធជាមួយនឹងផ្ទៃទឹក ឬអាចនិយាយបានថា ទន្លេមេគង្គគឺជាប្រភពដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកខេត្តក្រចេះតាំងពីបុរាណកាលមកម្ល៉េះ!។ នេះអាចជាហេតុផលមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកខេត្តនេះដើម្បីធ្វើជាទីប្រារព្ធពិធីបុណ្យទន្លេដែលចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិនា កន្លងទៅនេះតែម្តង។

ងាកមកមើលថ្ងៃទីមួយនៃពីធីបុណ្យ យើងឃើញថាហាក់មានស្ងាត់ជ្រងំបន្តិចនៅពេលថ្ងៃខណៈដែលការប្រកួតកីឡានានាក៏ត្រូវបានផ្លាស់ប្តូរដែរ ពោលគឺមានតែការប្រកួតចំបាប់ប្រពៃណីនៅពេលល្ងាចតែប៉ុណ្ណោះ។ ខណៈដែលភ្ញៀវទេសចរណ៍បានធ្វើដំណើរតាមទូកតូចៗ និងសាឡាងឆ្ពោះទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះទ្រង់ដ៏ល្បីល្បាញវិញនោះ រីឯអ្នកខ្លះទៀតបានទៅកម្សាន្តនៅទឹកជួរព្រែកកាំពី ឬរមណីយដ្ឋានទេសចរណ៍ដទៃទៀត។ យ៉ាងណាក៏ដោយនៅពេលរាត្រីឈានចូលមកដល់ភាពស្ងប់ស្ងាត់ត្រូវបានជំនួសមកវិញដោយសម្លេងកងរំពងនៃដូរតន្រី្តដែលត្រូវប្រគុំនៅតាមឆាកនានាក៏ដូចជាតាមរយៈការចាក់កំដរនៅតាមស្តង់ពិព័រណ៍ពាណិជ្ជកម្មដែលត្រូវបានរៀបចំឡើងនៅតាមបណ្តោយដងទន្លេខាងមុខសាលាខេត្តអមទៅដោយការដាក់តាំងបង្ហាញនូវផលិតផលយ៉ាងសម្បូរបែបដើម្បីបង្អួតខ្លួនអង្រួនចំណាប់អារម្មណ៍មនុស្សប្រុសស្រីរាប់ពាន់នាក់ដែលកំពុងធ្វើដំណើរទៅមកឥតឈប់ឈរប្រកបដោយទឹកមុខរីករាយ និងសំណើចក្អាកក្អាយ។

លោកពូ សុខ សុខុម ដែលជាអាជីវករម្នាក់បានមានប្រសាសន៍ថា៖ « ខ្ញុំមានចិត្តរំភើបពេលដែលមានការធ្វើកម្មវិធីបែបនេះ ព្រោះថាវាបានជួយឲ្យមនុស្សជាច្រើនបានស្គាល់ពីខេត្តក្រចេះថែមមួយកម្រិតទៀត»។ ជាការពិតណាស់ទេសភាពដ៏ស្រស់ត្រកាលនៃទីរួមខេត្តដ៏តូចច្រឡឹងនេះបាននាំមកនូវភាពមនោរម្យក្រៃលែងដល់អ្នកដំណើរ និងភ្ញៀវទេសចរណ៍ដែលមានទំនោរស្រលាញ់ធម្មជាតិនោះ។

ឈានចូលដល់ថ្ងៃទីពីរនៃព្រឹត្តិការណ៍នេះវិញ យើងសង្កេតឃើញថាគឺជាថ្ងៃដែលមានភាពមមាញឹកជាងគេដោយសារថាស្ទើរតែគ្រប់ប្រភេទកីឡាទាំងអស់បានសម្រុកប្រកួតក្នុងថ្ងៃនេះតែម្តង។ តាំងពីព្រឹកព្រលឹមមកកីឡារត់ប្រណាំងមហាជនបានញុំាងឲ្យអ្នកចូលរួមគ្រប់ៗរូបមានក្តីរីករាយ និងសប្បាយរីករាយយ៉ាងខ្លាំងពិសេសគឺបណ្តាសិស្សានុសិស្សក្មេងៗតែម្តង។ ម្នាក់ៗបានធ្វើដំណើរមកចូលរួមដោយទឹកមុខញញឹមស្រស់ស្រាយក្នុងគោលដៅដើម្បីបំពេញបេសកម្មពង្រឹងសុខភាព និងពង្រឹងចំណងមិត្តភាពរបស់ពួកគេនាព្រឹកនោះ។ ការត់ប្រណាំងមហាជននេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស និស្សិត និងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីដែលបានធ្វើដំណើរមកពីគ្រប់ទិសទីនៅជុំវិញខេត្តក្រចេះទាំងមូល ដោយពួកគេត្រូវចាប់ផ្តើមរត់ពីទីចាប់ផ្តើមទៅតាមបណ្តោយដងទន្លេដ៏ត្រជាក់ និងនៅមានអ័ព្ទចុះស្រអាប់នៅឡើយ។

​មិនយូរប៉ុន្មានបន្ទាប់ពីការរត់ប្រណាំងបានបញ្ចប់ ការប្រណាំងដៃត្រង់ ប្រណាំងកង់អាជីព និងការប្រណាំងជាលក្ខណៈមហាជនបានចាប់ផ្តើមក្នុងពេលតែមួយតែម្តង។ ក្នុងការប្រកួតនៃកាន់តែមានភាពព្រឺព្រួចឡើងថែមទៀតព្រោះថាវាជាការប្រកួតប្រណាំងកង់ទ្រង់ទ្រាយធំជាលើកដំបូងក្នុងខេត្តនេះ និងមានចម្រុះទៅដោយកីឡាករ កីឡាការិនីខ្មែរ និងបរទេសដែលបានធ្វើដំណើរមកពីតំបន់ផ្សេងៗពីគ្នា។ ម្នាក់ៗមានភាពស្វាហាប់តាំងពីទីចាប់ផ្តើមរហូតដល់ទីផ្តាច់ព្រ័ត្រ និងបានបញ្ជាទោចក្រយានរបស់ខ្លួនក្នុងល្បឿនលឿនស្លេវឆ្ពោះទៅតាមដងវិថីបណ្តោយមាត់ទន្លេដែលមានអមទៅដោយដើមឈើតូចធំដែលត្រូវបានដាំជាជួរបន្តកន្ទុយគ្នាផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃខណៈដែលប្រជាពលរដ្ឋដែលមានទីលំនៅនៅតាមផ្លូវបានចេញមកឈរមើល និងស្រែកហ៊ោលើកទឹកចិត្តដល់អ្នកប្រកួតយ៉ាងអឺងកង។

ខុសពីថ្ងៃដំបូងដាច់ស្រឡះតែម្តង នាថ្ងៃទីពីរនេះតាំងពីពេលរសៀលមកម្ល៉េះចំនួនអ្នកចូលរួមទស្សនាមានការកើនឡើងច្រើនឡើងៗរហូតដល់វេលាកណ្តាលអធ្រាត្រ។ ក្នុងពេលរសៀលនោះដែរ ការប្រណាំងទូងប្រពៃណីបានក្លាយជាទស្សនីយភាពដ៏គួរឲ្យចង់ទស្សនាបំផុតមួយបើទោះបីជាចំនួនទូកចូលរួមមិនសូវច្រើនក៏ដោយចុះ។ ទោះបីជាត្រូវទ្រាំទ្រជាមួយនឹងកម្តៅដ៏ក្តៅនារដូវប្រាំងដែលទឹកទន្លេក៏ហាក់ដូចជារីងស្រកបន្តិចទៅហើយនោះ ក៏ប្រជាជនជាច្រើននៅតែឈរស្រែកហ៊ោយ៉ាងសប្បាយរីករាយប្រជ្រៀតគ្នានៅតាមមាត់ច្រាំងពោរពេញដោយក្តីសប្បាយរីករាយក្រៃលែង។ បរិយាកាសកាន់តែមានភាពជក់ចិត្តឡើងថែមទៀតនៅពេលដែលក្រុមកីឡាករនៃកីឡាហោះហើរលើអាកាសបានបង្ហោះខ្លួនឡើងបណ្តែតខ្លួនពុះជ្រែកកាំរស្មីព្រះអាទិត្យពីលើឆ្នេខ្សាច់សក្បុសនៃកោះទ្រង់ពីមុខហ្វូងមហាជនរាប់ពាន់នាក់នោះ និងជិះក្រឡឹងជុំវិញទីរួមខេត្តនោះ។

មិនទាន់អស់ឯណានៅពេលល្ងាចត្រជាក់ឈានចូលមកដល់ ការប្រកួតចំបាប់ និងកីឡាប្រដាល់ប្រពៃណីបានបង្ហាញខ្លួនក្នុងបរិវេណមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងបានទាក់ទាញមនុស្សម្នាឲ្យធ្វើដំណើរមកកាន់ទីនោះយ៉ាងណែនណាន់តាន់តាប់។ ពីមួយគូទៅមួយគូគេលឺសូរតែសម្លេងស្រែកហ៊ោកញ្ជៀវ ពន្យុះចិត្តអ្នកប្រកួតដែលកំពុងតែតស៊ូយ៉ាងអង់អាចក្លាហានប្រកបដោយបច្ចេកទេសនៅលើសង្វៀនប្រកួតនោះ។នៅទីនេះហើយដែលកីឡាប្រពៃណីទាំងពីរនេះបានក្លាយជាកីឡាដែលមានប្រជាប្រិយបំផុត ជាពិសេសប្រជាជនមិនតិចនាក់ទេដែលជក់ចិត្តក្នុងការទស្សនាការប្រកួតប្រដាល់រវាងកីឡាករក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាពប្រកួតមិនចាញ់រៀមច្បងរបស់ពួកគេឡើយ។ ស្របពេលដែលការប្រកួតចំបាប់ក៏បានបង្ហាញខ្លួនអង្រួនពេលរាត្រីឲ្យកាន់តែញ័ររញ្ជួយថែមមួយកម្រិតទៀត មិនត្រឹមតែប៉ុណ្ណោះម្តងម្កាលវាក៏បានបង្កើតនូវបរិយាកាសរីករាយដល់អ្នកទស្សនាដែលឈរព័ទ្ធជុំវិញទីលានប្រកួតផងដែរ ពិសេសនៅពេលដែលយុវជនក្មេងៗក្នុងចំណោមអ្នកទស្សនាទាំងនោះបានស្ម័គ្រចិត្តចូលរួមប្រកួតនៅលើសង្វៀនដីខ្សាច់ដែលត្រូវបានរៀបចំឡើងមិនឆ្ងាយប៉ុន្មានពីសង្វៀនប្រដាល់នោះ។ មនុស្សវ័យចំណាស់ជាច្រើនបានបាញ់ខ្សែភ្នែកស្ទើរឥតព្រិចទៅរកការប្រកួតនោះ ខណៈដែលអ្នកខ្លះទៀតមានភាពភ្ញាក់ផ្អើលនៅពេលដែលដឹងថានេះជាកីឡាចំបាប់ប្រពៃណីដែលដូនតាខ្មែរបានបន្សល់ទុកមិនមែនជាការចម្លងតាមបរទេសនោះទេ។ សម្លេងស្គរដែលត្រូវបានប្រគុំឡើងទៅតាមចង្វាក់នៃសកម្មភាពកាច់ផ្តួលរបស់កីឡាកររឹតតែធ្វើឲ្យទស្សនិកជនរំពៃទស្សនាស្ទើរតែមិនចង់ត្រលប់ទៅផ្ទះវិញឡើយ។

ក្នុងរាត្រីនៃថ្ងៃទីពីរនោះដែរក៏មានការប្រកាសបើកជាផ្លូវការមហាព្រឹត្តិការណ៍បុណ្យទន្លេដែលមានការប្រគុំតន្រី្ត និងការសម្តែងទស្សនីយភាពសិល្បៈបុរាណជាពិសេសការសម្តែងយីកេរឿងក្រពើនេនធនដែលជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រនៃខេត្តក្រចេះនេះតែម្តង។ អ្នកមីង ភា ដែលកំពុងតែអង្គុយទស្សនាការសម្តែងសិល្បៈនៅលើឆាកដ៏ធំនោះបានថ្លែងថា៖ « ពីមុនមកយើងមិនដែលបានឃើញកម្មវិធីធំបែបនេះទេ ខ្ញុំពេញចិត្តការសម្តែង និងការប្រកួតកីឡាទាំងអស់នេះ សូម្បីកូនខ្ញុំ និងពួកម៉ាករបស់គេក៏បានចូលរួមជិះកង់កាលពីព្រឹកមិញដែរ ខ្ញុំចង់ឲ្យមានការធ្វើបែបនេះបន្តទៀត!»។ ស្រដៀងគ្នានេះដែរយុវសិស្ស ភាព រស្មី ដែលទើបតែបញ្ចាប់ការប្រកួតចំបាប់ដោយស្ម័គ្រចិត្តនោះបានលើកឡើងថា៖ «ខ្ញុំចាប់អារម្មណ៍ចំពោះកីឡាចំបាប់នេះ ហើយខ្ញុំក៏រីករាយនឹងចូលរួមប្រកួតព្រោះថាវាជាកីឡារបស់ខ្មែរយើង។ ការពិតទៅខ្ញុំទើបតែដឹងទេថា ខ្មែរក៏មានកីឡាចំបាប់នោះ អ៊ីចឹងហើយទើបខ្ញុំលើកដៃចូលលេងតែម្តង វាមិនងាយស្រួលប៉ុន្មានទេ ប៉ុន្តែខ្ញុំពេញចិត្តក្នុងការចូលលេងដោយស្ម័គ្រចិត្ត ហើយ ខ្ញុំក៏ចង់ឲ្យមានការធ្វើកម្មវិធីរបៀបនេះបន្តទៀត ព្រោះវាអាចផ្សព្វផ្សាយពីវប្បធម៌ និងកីឡាដល់ប្រជាជនតាមតំបន់ផង។»

ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យទន្លេដ៏ធំនេះ យើងសង្កេតឃើញថាការប្រកួត​កីឡា​ដែល​មហាជន​ចូលរួម​ទស្សនា​ច្រើន​ជាង​គេ​គឺ​ប្រដាល់​ក្បាច់​គុនបុរាណ​ខ្មែរដែលរួមមានទំាងការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ស្រាបៀរ Black Pantherផងនោះ ​​ការ​ប្រកួត​កីឡា​ចំបាប់​បុរាណ​ខ្មែរ​ ប្រណាំងកង់ ​និង​ប្រណាំង​ទូកគឺជាប្រភេទកីឡាដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងមានចំនួនអ្នកចូលរួមទស្សនាច្រើនជាងគេ​ខណៈដែលកីឡាហោះហើរបានក្លាយជាទស្សនីយភាពដែលបាននាំមកនូវការប្លែកអារម្មណ៍ជាងគេផងដែរ។ ចំពោះគូប្រកួតដណ្តើមខ្សែក្រវាត់  Black Panther ឃើញថាកីឡាករ ទេស សំខាន់ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ ​ប្រចាំ​ពូល ​A ដោយ​មាន​ ៩ ពិន្ទុ ជាមួយ​ការ​ឈ្នះ​ទាំង​ ៣ ​ប្រកួត​តែ​ម្តង ខណៈដែលលេខ​ ២ បាន​ទៅលើកីឡាករ តក់ សោភ័ណ្ឌ​ ដោយ​ឈ្នះ​ ២ ​ចាញ់​ ១​ មាន​ ៧ ​ពិន្ទុក្នុងដៃ​។​ ចំណែក​​ពូល​ B ​លេខ​ ១ ​បានលើកីឡាករ ឈិន ក្វាន់ង៉ុយ ដោយ​ឈ្នះ​ទាំង​​ ៣ ប្រកួត និង​​មាន​ ៩ ​ពិន្ទុ​ និង​​លេខ​ ២ បាន​ទៅកីឡាករ ហ៊ឹម ​សារ៉ាន់ តាមរយៈ​ការ​ឈ្នះ​ ២ និង​​ចាញ់​ ១ ដង មាន​ ៧ ​ពិន្ទុ​ ហើយ​អ្នក​ឈ្នះ​កៅអី​ទាំង​ ៤ រូបនៅក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ខ្វែង ឬ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី​ ៤ ខែ​មេសា​ ឆ្នាំ​ ២០១៥ ជាបន្តទៀត ។

 

សម្រាប់ឆ្នាំនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រមទាំង​ជា​​អនុប្រធានគណៈកម្មាធិការ​រៀបចំ​កម្មវិធី​បុណ្យទន្លេ និង​ជា​អ្នក​នាំពាក្យ​ផង​នោះ​បាន​មានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកមួយ​ថា​៖ «​​អ្នក​មក​ចូលរួម និង​ទស្សនា​ផ្ទាល់​ច្រើន​ជាង​អ្វី​ដែល​​យើងបាន​ធ្វើការ​​ប៉ាន់ស្មាន​ពី​ដំបូងព្រោះ​យើង​ប៉ាន់ស្មាន​ថា អ្នក​​ទស្សនា​ខ្ទង់​ ៥ ​ទៅ​ ៦ ​ម៉ឺន​នាក់​ទេ ​ប៉ុន្តែ​ជាក់ស្តែង​ដូច​យើង​បាន​ឃើញ​គឺ​មាន​ចំនួន​ជិត​ ១០ ​ម៉ឺន​នាក់​ឯណោះ​»។ ដោយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា៖ ​«ពេល​ល្ងាច​ និង​ពេល​យប់​គឺ​មនុស្ស​ច្រើន​ណាស់​ដែល​អ្នក​ស្រុក​ក្នុង​ខេត្ត​ក្រចេះ​ផង ​និង​មកពី​ខេត្ត​ផ្សេងៗ​ផង ​និង​ទៅ​ពី​រាជធានី​ភ្នំពេញ​ផង​»។

ជាការកត់សម្គាល់ ការ​ប្រណាំងកង់ ការ​​រត់ប្រណាំង​លក្ខណៈ​កម្សាន្ត​​ ៣ គីឡូម៉ែត្រ និង​ ៥ គីឡូម៉ែត្រ​ មាន​អ្នក​ចូលរួម​ប្រកួត​​ច្រើន​ដូច​គ្នា ពោលគឺ​មាន​អ្នក​ចូលរួម​ទស្សនា ​និង​ប្រកួត​ជាង​ ២០០០ នាក់ឯណោះប៉ុន្តែ​ការ​ប្រកួត​នេះ​មិន​ត្រូវបានរៀបចំឡើងសំដៅទៅលើការដណ្តើម​ចំណាត់ថ្នាក់​ជា​ចម្បងនោះ​ទេប៉ុន្តែក្នុងគោលដៅជា​ការ​ប្រកួត​មិត្តភាព​អបអរសាទរ​​ពិធីបុណ្យ​តែ​ប៉ុណ្ណោះ​។ ចំណែក​កីឡា​ចំបាប់​ប្រពៃណី​បុរាណ​ខ្មែរ​មាន​កុមារ​នៅ​មូលដ្ឋាន​ចូលរួម​សរុប​ជាង​ ៨០ ​គូ ក្រោម​ការ​ដឹកនាំ​ប្រកួត​ដោយ​ លោក​ ធិន វិចិត្រ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែល​បាន​ប្រកួត​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ ១៥ ​ខែ​មីនា​ និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ជាថវិកា​ផ្ទាល់​ពីសំណាក់​ឯកឧត្តម វ៉ាត់ ​ចំរើន ថែមទៀតផង។

សកម្មភាពប្រកួតកីឡាក៏ដូចជាទស្សនីយភាពសិល្បៈដ៏សម្បូរបែបដែលបានកើតមានឡើងក្នុងអំឡុងពេលបីថ្ងៃនេះបានបង្កើតឲ្យមាននូវអនុស្សារីយ៍ដ៏រីករាយ និងរំភើបចិត្តមួយដែលបានដក់ជាប់ជានិច្ចក្នុងក្រអៅបេះដូងរបស់អ្នកចូលរួម និងមហាជនទូទៅអមដោយក្តីទន្ទឹងរង់ចាំព្រមទាំងក្តីសង្ឃឹមថានាពិធីបុណ្យទន្លេក្នុងឆ្នាំ ២០១៦ នាំខេត្តកំពង់ចាម ប្រាកដជាមានការចូលរួមក៏ដូចជាទិដ្ឋភាពនៃកីឡា និងសិល្បៈដ៏ទាក់ទាញបន្ថែមទៀតជាក់ជាមិនខានឡើយ!

 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ