ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡាបានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលចង់ចូលរួមក៏ដូចជាចង់ទស្សនានូវសកម្មភាពកីឡាផងនោះ ក្រុមហ៊ុនស្រាបៀរ លីអូ (Leo Beer) បានបង្កើតនូវព្រឹត្តិការណ៍កីឡាមួយដ៏ធំ និងពោរពេញដោយក្តីរំភើបអមដោយការតស៊ូយ៉ាងស្វិតស្វាញនោះគឺការប្រកួតបាល់ទះដណ្តើមពានរង្វាន់ស្រាបៀរ លីអូ ប្រចាំឆ្នាំ ២០១៥ ឬ Leo Cup ​National Volleyball 2015 ដែលជាការប្រកួតប្រជែងថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំ និងទទួលបានការចូលរួមទស្សនាក៏ដូចជាគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អ្នកស្នេហាវិស័យកីឡានៅកម្ពុជាពិសេសអ្នកដែលស្រលាញ់ចូលចិត្តកីឡាបាល់ទះផ្ទាល់តែម្តង។

Leo Cup National Volleyball 2015

ជាមួយនឹងការឆ្ពោះទៅរករដូវកាលថ្មីនេះ ក្រុមជ័យលាភីជើងឯកនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពោលគឺមានរហូតដល់ទៅ ៨៨ លានរៀលឯណោះ។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការប្រកួតពានរង្វាន់នេះដែរត្រូវបានចាប់ផ្តើមពីការប្រកួតជម្រុះតាមមណ្ឌលចំនួន ៥ នៅទូទាំងប្រទេសដើម្បីជ្រើសរើសក្រុមដែលជាជើងខ្លាំងប្រចាំមណ្ឌលនីមួយៗមកធ្វើការប្រកួតគ្នានៅឯរាជធានីភ្នំពេញ ដើម្បីសម្រេចថាក្រុមណាមួយដែលនឹងក្លាយ​ជាជើងឯកពានរង្វាន់ប្រាក់លានដ៏ធំមួយនេះ។ មណ្ឌលទាំង ៥ នោះរួមមាន៖ មណ្ឌលភ្នំពេញ មណ្ឌលកំពង់ចាម មណ្ឌលព្រះសីហនុ មណ្ឌលបាត់ដំបង និងមណ្ឌលសៀមរាប ដែលការប្រកួតជម្រុះនឹងធ្វើទៅតាមកាលបរិច្ឆេទនៃការប្រកួតជម្រុះនៅតាមមណ្ឌលនីមួយៗជាបន្តបន្ទាប់។  ដោយឡែកសម្រាប់ការប្រកួតជម្រុះនៅក្នុងមណ្ឌលភ្នំពេញ បានចាប់ផ្តើមការប្រកួតរបស់ខ្លួនកាលពីថ្ងៃទី ១០ ខែមីនា រហូតដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះនៅឯសាលវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានក្រុមចូលរួមចំនួន ៩ និងចែកចេញជា ២ ពូល ក្នុងនោះមាន៖

ពូល A ពូល B
យុវជនបូរី ១០០ ខ្នង វិទ្យាល័យឬស្សីកែវ
យុវជនសង្កាត់ព្រែកឯង អង្គការដើម្បីភាពញញឹមនៃកុមារ
សមាគមនិស្សិត បញ្ជាការដ្ឋានអង្គរក្ស
សហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលស្បូវ យុវជនបូរីកីឡា
យុវជនសាមគ្គី

 

បន្ទាប់ពីបានរកឃើញជើងខ្លាំងនៅក្នុងពូលនីមួយៗរួចមកនាថ្ងៃទី ១៥ ខែមិនា ដែលជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រក្នុងមណ្ឌលភ្នំពេញគឺជាជំនួបរវាងក្រុម​បាល់ទះ​​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ និង​ក្រុម​បាល់ទះ​យុវជនបូរី ១០០ ខ្នង ដើម្បីប្រជែងគ្នាដណ្តើមតំណែងជាជើងឯកប្រចាំមណ្ឌលតែម្តង។ នាវេលារសៀលក្រោមដំបូលនៃសាលវិមាន កីឡាដែលពោរពេញទៅដោយសម្លេងស្រែកហ៊ោទ្រហឹងអឺងកងលាយឡំនឹងស្នូរទះដៃយ៉ាងកងរំពងអមដោយស្រាបៀរ លីអូ នៅក្នុងដៃបានញុំាងឱ្យអ្នកទស្សនាកាន់តែមានភាពសប្បាយរីករាយប្រកបដោយចិត្តអន្ទះសារ និងតម្រង់ខ្សែភ្នែកជានិច្ចបាញ់ឆ្ពោះទៅរកសំណាញ់ទី និងទីលានប្រកួតដើម្បីតាមដានសកម្មភាពរបស់កីឡាករនៃក្រុមទាំងសងខាងដែលកំពុងតែប្រកួតគ្នាយ៉ាងស្វិតស្វាញទៅតាមបច្ចេកទេសព្រមទាំងយុទ្ធសាស្ត្ររបស់ខ្លួន។ ខណៈដែលសូរតន្ត្រី និងសម្រែកលើកទឹកចិត្តរបស់ទស្សនិកជនបានបន្លឺឡើងស្ទើរបែកសាលនោះកីឡាករនៃក្រុមនីមួយៗបានធ្វើការវាយសម្រុកគ្នាតាមរយៈគ្រាប់បាល់ដែលហោះទៅហោះមកឥតឈប់ឈរក្នុងបំណងយកឈ្នះរៀងៗខ្លួន។ នៅពេលដែលក្រុមណាមួយបានទទួលពិន្ទុនាំមុខគូបដិបក្ខរបស់ខ្លួនអ្នកគាំទ្រក៏បានប្រឹងស្រែកហ៊ោលើកទឹកចិត្ត ខ្លះលើកដៃចុះឡើងៗ ខ្លះទៀតគោះធុងប្រគំជាភ្លេងទៅកាន់ក្រុមរបស់ខ្លួនឱ្យប្រឹងប្រែងវាយលុក ឬវាយបកទៅវិញជាហេតុបង្កើតបានជាទស្សនីយភាពដ៏រស់រវើកមួយគួរជាទីជក់ចិត្តដិតអារម្មណ៍បំផុត។

ក្រោយការប្រកួតគ្នាអស់ ៣ សិតរួចមក ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានកាច់បំបាក់ធ្មុងក្រុមយុវជនបូរី១០០ ខ្នងក្នុងលទ្ធផល ៣ សិត ទល់នឹង ០ ពោល សិតទី១ (២៥ ទល់នឹង ១៦) សិតទី២ (២៥ ទល់នឹង ២១) និងសិតទី៣ (២៥ ទល់នឹង ១២)។ ដូចនេះ ក្រុមបញ្ជាការដ្ឋានអង្គរក្ស គឺជាជើងឯកប្រចាំមណ្ឌលភ្នំពេញសម្រាប់ពានរង្វាន់ស្រាបៀរ លីអូ ប្រចាំឆ្នាំ ២០១៥ នេះ។ ដោយឡែកថ្ងៃនោះដែរក៏មានការប្រកួតជ្រើសរើសក្រុមដែលត្រូវទទួលចំណាត់លេខ ៣ និងលេខ ៤ ផងដែរ ដោយក្រុមយុវជនបូរីកីឡា ត្រូវជួបប្រកួតជាមួយក្រុមយុវជនសង្កាត់ព្រែក ដោយក្រុមទាំងពីរបានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញទម្រាំរកឃើញអ្នកឈ្នះពោលគឺប្រកួតអស់ ៥ សិត ពេញតែម្តង ដោយក្រុមយុវជនបូរីកីឡា​ទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីផ្តួល ក្រុមយុវជនសង្កាត់ព្រែកឯង ៣ សិតទល់នឹង ២ សិតរួចមក។

Leo Cup National Volleyball 2015

គួរបញ្ជាក់ផងដែរថា ចំពោះរង្វាន់ដែលទទួលបានសម្រាប់ជ័យលាភីនីមួយៗរួមមាន៖

រង្វាន់ជើងឯកប្រចាំមណ្ឌល (លេខ១)

  • រង្វាន់​ទឹក​ប្រាក់​ ៤៥០​ ដុល្លារអាម៉េរិគប្រគល់ដោយលោក សម្បត្តិ ធូបធិប​ ប្រធានផ្នែកលក់​នៃក្រុមហ៊ុន BOON RAWD TRADING INTERNATIONAL
  • រង្វាន់មេដាយ​មាសប្រគល់​ដោយលោក​ ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ​ និង​កីឡា
  • រង្វាន់ពានជើងឯកប្រចាំមណ្ឌលប្រគល់ដោយ លោក សម្បត្តិ ធូបធិប ប្រធាន​ផ្នែកលក់នៃក្រុមហ៊ុន BOON RAWD TRADING INTERNATIONAL

រង្វាន់លេខ​​២ (ជើងឯករង)

  • រង្វាន់ទឹកប្រាក់ ២៥០ ដុល្លារអាម៉េរិគ​ប្រគល់​ដោយ​លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារ​នៃ​ក្រុមហ៊ុនចែកចាយ​ផ្តាច់មុខស្រាបៀរ ​លីអូ​​ ប្រចាំ​​ប្រទេសកម្ពុជា
  • រង្វាន់មេដាយប្រាក់​ប្រគល់ដោយលោ​ក​ ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់​រំកាយ ​និង​កីឡា

រង្វាន់លេខ​​​៣     

  • រង្វាន់ទឹកប្រាក់ ២០០ ដុល្លារអាម៉េរិគ​ប្រគល់​ដោយ​លោក​ ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារ​នៃ ក្រុមហ៊ុនចែកចាយ​ផ្តាច់មុខស្រាបៀរ លីអូ​​ ប្រចាំ​​ប្រទេស​កម្ពុជា
  • រង្វាន់មេដាយសំរឹទ្ធប្រគល់ដោយលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារ​នៃក្រុមហ៊ុនចែក​ចាយផ្តាច់មុខស្រាបៀរ ​លីអូ​​ ប្រចាំ​​ប្រទេសកម្ពុជា

រង្វាន់លេខ៤​

  • ​រង្វាន់ទឹកប្រាក់ ១០០ ដុល្លារអាម៉េរិគរ​ប្រគល់ដោយលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារ​នៃក្រុមហ៊ុន​ចែកចាយផ្តាច់មុខស្រាបៀរ​លីអូ​​ប្រចាំ​​​ប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ អ្វីដែលប្រិយមិត្តនៅទូទាំងប្រទេសកំពុងតែទន្ទឹងរង់ចាំនោះគឺតើក្រុមណាមួយដែលនឹងក្លាយទៅជាជើងឯកនៃការប្រកួតបាល់ទះដ៏ធំប្រចាំឆ្នាំនេះខណៈដែលក្រុមទាំងអស់សុទ្ធតែមានសមត្ថភាព បច្ចេកទេស និងឆន្ទៈចង់ឈ្នះយ៉ាងខ្លាំងក្លានោះ។ ដូច្នេះដើម្បីជ្រាបច្បាស់សូមប្រិយមិត្តតាមដានក៏ដូចជាចូលរួមទស្សនា និងលើកទឹកចិត្តដល់កីឡាកររួមទាំងក្រុមនីមួយៗបានច្រើនកុះករដើម្បីជាកម្លាំងចិត្តក្នុងការជំរុញឱ្យការប្រកួតពានរង្វាន់ស្រាបៀរ លីអូ នេះកាន់តែមានភាពអធិកអធម និងអស្ចារ្យថែមមួយកម្រិតទៀត!

 

អត្ថបទ៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ