មោទកភាពលើទឹកដីស្វាយរៀងក្នុងព្រឹត្តិការណ៍ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៥

តាំងពីត្រូវបានបង្កើតឡើងជាផ្លូវការនាឆ្នាំ២០០៧ មកការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup បានក្លាយទៅជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំ និងដ៏សំខាន់

មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បណ្តាក្រុមបាល់ទាត់ក៏ដូចជាក្លិបនានាបានតស៊ូយ៉ាងស្វិតស្វាញនៅលើវាលស្មៅនៃទីលានប្រកួតដើម្បី

ដណ្តើមយកតំណែងជាជើងឯកសម្រាប់ពានរង្វាន់ដ៏មានតម្លៃនេះ។ គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះគឺជាការប្រកួតបាល់ទាត់ថ្នាក់ជាតិមួយដែលតម្រូវឲ្យមានការចូលរួមលេងតែកីឡាករកម្ពុជានៅក្នុងស្រុកតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យដាក់កីឡាករបរទេសលេងនោះទេ។ជាមួយគ្នានេះដែរ ជារៀងរាល់ឆ្នាំចំនួន​នៃការចូលរួមទស្សនារបស់បងប្អូនប្រជាពលរដ្ឋបានកើនឡើងយ៉ាងច្រើនកុះករជាបន្តបន្ទាប់ដែលបានស្តែងឲ្យឃើញថាសកម្មភាពគាំទ្ររបស់អ្នកស្នេហាវិស័យកីឡាបាល់ទាត់គឺជាការផ្តល់កម្លាំងចិត្តដល់កីឡាករនៃក្រុមប្រកួតទាំងឡាយឲ្យប្រឹងប្រែងពុះពារឆ្ពោះទៅរកភាពជោគជ័យ។

Hun-Sen-Cup3

ខុសប្លែកពីបណ្តាឆ្នាំមុនៗសម្រាប់រដូវកាលថ្មី ២០១៥ ការប្រកួតបាល់ទាត់លំដាប់ទីពីររបស់កម្ពុជាមួយនេះត្រូវបានរៀបចំឡើងនៅលើទីលានថ្មីសន្លាងរបស់ក្លិបបាល់ទាត់ស្វាយរៀងវិញម្តងខណៈដែលតារាងបាល់ទាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិកកំពុងស្ថិតក្នុងដំណាក់កាលនៃការជួសជុលកែលម្អរ និងក្រាលស្មៅថ្មីក្រោមជំនួយឧបត្ថម្ភរបស់ FIFA នៅឡើយ។

បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះពីវគ្គមួយទៅវគ្គមួយរួចមកគេបានរកឃើញ៤ ក្រុមចុងក្រោយដែលនឹងត្រូវប្រកួតគ្នាដើម្បីដណ្តើមតំណែងជើងឯកនៃពានរង្វាន់ដ៏មានកិត្តិយសនេះ ពោលគឺក្រុមស្វាយរៀង ណាហ្គាវើល ត្រាយអាស៊ី និងក្រុមអគ្គស្នងការនគរបាលជាតិដែលជាជើងឯកនៃរដូវកាលចាស់២០១៤ នោះ។

ទីលានបៃតងខ្ចីនៃក្តីសង្ឃឹម និងភាពតស៊ូដ៏អង់អាច

ជាមួយនឹងការប្រែប្រួលថ្មីនៃទីកន្លែងប្រកួត ទីលានបាល់ទាត់របស់ក្លិបស្វាយរៀងដែលត្រូវបានសាងសង់ឡើងក្នុងរចនាបទទំនើប និងមានទីតាំងនៅក្នុងទីរួមខេត្តតែម្តងនោះបានក្លាយទៅជាសមរភូមិបៃតងសម្រាប់ឲ្យបណ្តាកីឡាករនៃក្រុមនីមួយៗបំពេញពលិកម្មដោយភាពអង់អាចដើម្បីដណ្តើមជ័យជម្នះក្នុងនាមជាជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំប្រចាំឆ្នាំមួយនេះ។

ក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រដែលត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅគឺជាជំនួបរវាងបួនក្រុមចុងក្រោយដោយក្រុមត្រាយអាស៊ី ត្រូវប្រកួតជាមួយក្រុមអគ្គស្នងការនគរបាលជាតិដើម្បីប្រជែងគ្នាយកលេខ ៣ និងលេខ ៤ ខណៈដែលក្រុមម្ចាស់ផ្ទះស្វាយរៀង ត្រូវជួបជាមួយក្រុមណាហ្គាវើល ដើម្បីដណ្តើមតំណែងលេខ ១ និងលេខ ២ ។

ចំពោះការប្រកួតរវាងក្រុមត្រាយអាស៊ី និងក្រុមប៉ូលីសហាក់មានស​ភាពតានតឹងយ៉ាងខ្លាំងដោយក្រុមទាំងសងខាងបានវាយលុក និងទប់គ្នារៀងខ្លួនៗយ៉ាងណាក៏ដោយនៅនាទីទី ៤៥+១ កីឡាករ សួង វិរៈ របស់ក្រុមត្រាយអាស៊ីបានស៊ុតបញ្ចូលទីចំនួន ១ ​គ្រាប់នាំមុខក្រុមប៉ូលីសក្រោមសម្រែកហ៊ោកញ្ជៀវកងរំពងពីសំណាក់ទស្សនិកជនដែលអង្គុយ និងឈរកកុញជុំវិញទីលាន។ បន្ទាប់មកទៀតក្នុងនាទីទី ៨២ កីឡាករ សុខ ចាន់រស្មី បានរកគ្រាប់បាល់មួយគ្រាប់បន្ថែមទៀតដល់ក្រុមត្រាយអាស៊ី ពិសេសបំផុតនោះក្តីសង្ឃឹមរបស់អតីតជើងឯកឆ្នាំ ២០១៤​ ត្រូវបានបញ្ចប់ទាំងស្រុងបន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ សួង វិរៈ បានទាត់បញ្ចូលទីមួយគ្រាប់ទៀតនៅនាទីទី ៨៤ ជាហេតុធ្វើឲ្យក្រុមត្រាយអាស៊ី បានយកឈ្នះលើក្រុមអគ្គស្នងការ​នគរបាល​ជាតិ ក្នុងលទ្ធផល ៣-0 ​ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ៣ យ៉ាងរលូន។​

ងាកមកមើលការប្រកួតរបស់ពីរក្រុមចុងក្រោយដែលក្នុងចំណោមនោះមួយក្រុមនឹងត្រូវក្លាយជាជើងឯកវិញម្តង ឃើញថាហាក់ដូចជាមានភាពតានតឹង និងចម្រូងចម្រាស់បន្តិច មិនត្រឹមតែប៉ុណ្ណោះការប្រកួតនេះក៏បានក្លាយទៅជាប្រធានបទក្តៅដែលត្រូវបានវិភាគព្រមទាំងទទួលរងនូវមតិរិះគន់ខ្លះពីសំណាក់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាផងដែរ។ ដោយក្នុងការប្រកួតរវាងក្រុមស្វាយរៀង និងណាហ្គាវើលនាវេលាល្ងាចថ្ងៃចុងក្រោយនោះក្រុមម្ចាស់ផ្ទះបាន​យក​ឈ្នះលើ​ក្រុម​ណាហ្គាវើលក្នុងលទ្ធផល ២-១ ​ដោយ​ថ្វី​ជើង​កីឡាករប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម នៅ​នាទី ៤៥+១ និង ណុប តុលា  នៅ​នាទី ៩០+១ ហើយនៅក្នុង​​ម៉ោង​បន្ថែមកីឡាករ ស៊ុន សុបញ្ញា រកបានមួយគ្រាប់ដល់ក្រុមណាហ្គាខណៈ​ដែលប្រធាន​ក្រុម ស៊ុន សុវណ្ណរិទ្ធី ត្រូវ​លោក​អាជ្ញាកណ្ដាល ទុយ វិច្ឆិកា ពិន័យ​កាត​លឿង ២ ដង (ស្មើ​នឹង​កាត​ក្រហម) តែម្តង។ គួររំលឹកថា ការប្រកួតរបស់ក្រុមទាំងពីរបាន​ចាប់​ឡើង​កម្ដៅខ្លាំង​នៅ​ក្នុង​តង់​ទី ២ ពោល​គឺ​ក្រោយពី​ក្រុមណាហ្គាវើលយល់ថា​ខ្លួន​គួរ​តែទទួល​បានសិទ្ធិក្នុងការទាត់​បាល់​ពិន័យ ១១ ម៉ែត្រ មុនពេលដែល​ប្រធាន​ក្រុម ស៊ុន សុវណ្ណរិទ្ធី ត្រូវពិន័យ​កាត​លឿង​​លើក​ទី១ នៅ​នាទី ៧២ និងកាត​ក្រហម​ នៅ​ក្នុង​នាទី ៧៤ នៃ​ការ​ប្រកួតនោះ។ ក្នុងពេលដែលកីឡាករ ស៊ុន សុវណ្ណរិទ្ធី ដែល​ត្រូវ​បាន​ពិន័យ​កាតលឿង​ជាមួយ​មិត្ត​រួមក្រុម និងត្រូវ​បាន​បណ្តេញចេញ​ពី​ទីលានពេល​អាជ្ញាកណ្តាល​ពិន័យ​កាតលឿង​ជា​លើក​ទី​២ នៅ​នាទី​ទី ​៧៤ ក្នុងពេលដែល សុវណ្ណរិទ្ធី បាន​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​របស់ក្រុមស្វាយរៀងនោះ​ (ព្រោះ​អាជ្ញាកណ្តាល​គិត​ថា សុវណ្ណរិទ្ធី ធ្វើ​ពុតដើម្បី​ទទួល​បាន​បាល់​ប៉េណាល់ទី)​ បាន​ធ្វើឲ្យ​កីឡាកររបស់ក្រុម​ណាហ្គាវើល មាន​ការ​ខឹងសម្បា និង​ខំស្រែក​តវ៉ាដោយ​ពួកគេ​អះអាង​ថាការ​ដួល​របស់ សុវណ្ណរិទ្ធី បណ្តាលមកពី​ខ្សែការពារ​របស់ក្រុម​ស្វាយរៀងបាន​ធាក់​ជើង​ក្រោម​របស់​គេ។

ក្រោម​អធិបតីភាព​ថ្នាក់ដឹកនាំសំខាន់ៗ​ជាច្រើន​រូប និង​អ្នកទស្សនា​យ៉ាងច្រើនដែលស្ទើរ​​តែរក​កន្លែង​ឈរ​មិន​ចង់​បាន​នោះបាន​បញ្ចប់​ដោយ​ភាព​ចម្រូងចម្រាសនៅពេលដែលក្រុម​ណាហ្គាវើល បាន​ចោទប្រកាន់​ទៅលើ​អាជ្ញាកណ្តាល​នៅលើ​ទីលាន​ថាមាន​ភាពលម្អៀង​។ យ៉ាងណាក៏ដោយទីបំផុត​ពាន​រង្វាន់​បាល់ទាត់ Hun Sen Cup 2015 បាន​បិទបញ្ចប់ជាស្ថាពរក្រោយ​​ពីក្រុម​ម្ចាស់​ផ្ទះ​ស្វាយរៀង ដណ្ដើម​បាន​ជើង​ឯក ហើយ​ក្រុម​ណាហ្គាវើល ក្លាយជើង​ឯករង រីឯក្រុម​ត្រាយអាស៊ី​ភ្នំពេញ ទទួលបានចំណាត់​ថ្នាក់​លេខ ៣ បន្ទាប់ពីបាន​យក​ឈ្នះ​ក្រុមអគ្គស្នងការដ្ឋាន​នគរបាលជាតិ ៣ ទល់នឹង ០ រួចមក។

ចំណាប់អារម្មណ៍របស់អ្នកទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតលើទឹកដីភាគអាគ្នេយ៍

យើងសង្កេត​ឃើញ​ថាបើទោះបីជាការប្រកួតក្នុងឆ្នាំត្រូវបានប្រារព្ធធ្វើឆ្ងាយពីរាជធានីភ្នំពេញក៏ពិតមែន ក៏ចំនួននៃទស្សនាមានភាពកកុញរហូតអស់កន្លែងអង្គុយជាពិសេសចំនួននៃអ្នកឈរទស្សនាព័ទ្ធជុំវិញទីលានគឺមានសភាពណែនណាស់តាន់តាប់តែម្តង។ ទស្សនិកជន​ខ្លះបាន​មក​អង្គុយ​ចាំ​តាំង​ពីថ្ងៃត្រង់​រសៀល​ដើម្បី​រង់​ចាំ​ទស្សនា​ការ​ប្រកួត​ដ៏​ធំ​គ្មាន​ពីរ​ប្រចាំ​ឆ្នាំ​នេះ​។ ប្រការនេះ បានបង្ហាញឲ្យ​ឃើញ​ពីការ​រីកចម្រើនរបស់វិស័យកីឡាបាល់​ទាត់នៅកម្ពុជាក៏ដូចជា​បង្ហាញឲ្យឃើញពីវប្បធម៌​នៃការចូលរួមរបស់ប្រជាជនខ្មែរយ៉ាងផុសផុលផងដែរ។ មួយវិញទៀតអ្វីដែលកាន់តែទាក់ទាញនោះគឺសម្រាប់ការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមខ្លាំងទាំងពីរនេះ គឺជាការប្រកួតមួយដែលបានអង្រួនអារម្មណ៍​របស់ទស្សនិកជនយ៉ាងខ្លាំងក្លាបំផុត ដោយហេតុថាក្រៅពីជាការប្រជែង​គ្នាដើម្បីឈានទៅរកតំណែងជាម្ចាស់ជ័យលាភីប្រចាំឆ្នាំជំនួបនេះក៏ជាការបង្ហាញឲ្យឃើញ​នូវការតស៊ូ និងការវាយសម្រុក ដើម្បីបញ្ជាគ្រាប់បាល់ទម្លាយសំណាញ់ទីរបស់គូប្រកួតនៃ​ក្រុមទាំងពីរដែលសុទ្ធតែធ្លាប់បានគ្រប់គ្រងតំណែងកំពូលនេះប៉ុន្តែបានអាក់ខានអស់ជាច្រើនឆ្នាំមកហើយនោះ។ ដូច្នេះប្រាកដណាស់ ការប្រកួតនេះគឺពិតជាមានសារៈសំខាន់​​ខ្លាំងណាស់​ចំពោះ​ក្រុមនីមួយៗ ជាពិសេសទាំង​សងខាងក៏ច្បាស់ជាមានការស្រេកឃ្លានចង់បានពានរង្វាន់ដ៏មានកិតិ្តយសធំធេងនេះសម្រាប់​ក្រុម និងក្លិបរបស់ខ្លួនជាក់ជាមិនខានឡើយ។

          សាធារណៈមតិជាច្រើនបានសម្តែងការអបអរសារទរក៏ដូចជាកោតសរសើរចំពោះការប្រែប្រួលថ្មីនេះ ក្នុងនាមជាអ្នកគាំទ្រកីឡាបាល់ទាត់មួយរូបនោះ យុវជន សុភាព ដែលបានធ្វើដំណើរតាំងតែពីរាជធានីភ្នំពេញដើម្បីមកទស្សនាការប្រកួតផ្ទាល់ភ្នែកនោះបានថ្លែងថា៖« នេះជាជំហានថ្មីមួយដែលបង្ហាញឲ្យឃើញាថាវិស័យកីឡាបាល់ទាត់របស់យើងបានឈានឡើងថែមមួយកម្រិតទៀត ព្រោះខ្ញុំមើលឃើញថាបច្ចេកទេសរបស់កីឡាករមានភាពកាន់តែប្រសើរ ហើយការរៀបចំក៏មានលក្ខណៈគួរឲ្យទាក់ទាញ ម្យ៉ាងទៀតខ្ញុំយល់ថាការបង្កើតឲ្យមានការប្រកួតនៅតាមខេត្តក៏ជាវិធីដ៏ល្អក្នុងការលើកកម្ពស់វិស័យកីឡាដោយសារតែវាបានសម្រួលការចូលរួមរបស់ប្រជាជន និងលើកទឹកចិត្តឲ្យក្លិបឯទៀតបង្កើតឲ្យមានទីលាន ឬការប្រកួតនៅតាមតំបន់កាន់តែច្រើន។ ខ្ញុំសង្ឃឹមថានៅពេលអនាគតនឹងមានការរៀបចំបែបនេះបន្តទៀត!»

ស្រដៀងគ្នានេះដែរលោកពូ សុខ ជា​ ដែលមានទីលំនៅក្នុងខេត្តស្វាយរៀងបានបន្ថែមថា៖ « ធ្វើអ៊ីចឹងគឺល្អ ព្រោះថាយើងបានមើលទាំងអស់គ្នាពីមុនមានតែនៅភ្នំពេញបានមើលតែតាមទូរទស្សន៍ តែឥលូវនេះបានមើលផ្ទាល់អ៊ីចឹងទើបដឹងថាពិតជាជក់ចិត្តមែន។ ប៉ុន្តែខ្ញុំសូមថាលើកក្រោយៗ គួររៀបចំឲ្យកាន់តែល្អជាងនេះ គឺធ្វើយ៉ាងណាឲ្យក្រុមទាំងអស់ពេញចិត្ត និយាយរួមគឺមានយុត្តិធម៌ដើម្បីកុំឲ្យមានពាក្យថាលម្អៀងអីអ៊ីចឹងទៅ!»

ចំណែក​លោក សំ វ៉ាន់ដេត គ្រូបង្គោល​របស់ក្លិប​ស្វាយរៀង បាន​បកស្រាយ​នៅតាមបណ្តាញសារព័ត៌មានក្នុងស្រុកថា៖ ​​«ធម្មតា​ទេ ពិសេស​ក្រុម​ខ្ញុំ​បើ​ឈ្នះ​ល្អ តែ​បើ​ចាញ់​មិន​សូវ​ទទួល​យក​ការ​កាត់ក្តី​អាជ្ញាកណ្តាល​ទេ ប៉ុន្តែ​បាល់ទាត់​ក្នុង​សម័យ​ទំនើប​នេះវា​មិន​ដូច​សម័យ​មុន​ទេ។ មិនមែន​ថា​ក្រុម​ខ្ញុំ​ឈ្នះ​និយាយ​យក​តែ​ត្រូវ​ទេតែ​បញ្ហា​នេះ​វា​ទាក់ទង​ទៅ​នឹង​ល្បិច​របស់​កីឡាករព្រោះ​ខ្ញុំ​គិត​ថា​អត់​មាន​ការ​កាន់ជើង​អ្វី​ទេ»។ ​លោកបានបន្ថែមទៀតថា៖​«ការ​ឈ្នះ​ពាន​មួយ​នេះ វា​បាន​កើត​មាន​ឡើង​ចំ​ថ្ងៃ​ដែល​យើង​បាន​បើក​សម្ពោធ​ទីលាន​ពហុកីឡដ្ឋាន​ខេត្ត​ស្វាយរៀង ហេតុនេះ​វា​ជា​ជ័យជម្នះ​សំខាន់​បំផុត ប៉ុន្តែ​វា​ជា​ជ័យជម្នះ​ដែល​ទទួល​បាន​ដោយ​លំបាក ព្រោះ​ណាហ្គាវើល ពិតជា​លេង​បាន​ល្អដែល​យើង​មិន​នឹកស្មាន​ថាពួកគាត់​លេង​បាន​ល្អ​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ»។

ចំពោះ​លោក មាស ចាន់ណា គ្រូ​បង្វឹក​របស់​ក្រុម​ណាហ្គាវើល វិញ​បាន​ស្នើ​សុំ​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាដែល​ជា​អាណាព្យាបាល​ក្លិប​បាល់ទាត់​ទាំង​អស់​សូមជួយ​សម្របសម្រួល​​ដល់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​​គ្រប់​ពាន​រង្វាន់​ទាំង​អស់​កុំ​ឲ្យ​មាន​បញ្ហា​បែប​នេះ​ទៀត។

សូមបញ្ជាក់ថា ​ការ​ឈ្នះ​ពាន​ជា​លើក​ទី ​៣ ​នេះ ក្រុម​ស្វាយរៀង ទទួល​បាន​ប្រាក់​រង្វាន់ ​៨០​ ​លាន​រៀល ហើយជើងឯករង ក្រុមណាហ្គាវើល ទទួល​បាន​ប្រាក់​ ៤០​ លាន​រៀល រីឯ​ក្រុម​ចំណាត់ថ្នាក់​លេខ ​៣ ត្រាយអាស៊ី បាន​ ២០ លាន​រៀល ចំណែកឯ​ក្រុម Fair Play បាន​ទៅលើ​ក្រុម​ប៉ូលិស ដោយ​ទទួល​បាន ​៥ ​លាន​រៀល ឯ​ក្រុម​អាជ្ញាកណ្ដាល​ទទួល​បាន ​៣ ​លាន​រៀលផងដែរ។ ចំណែក​កីឡាករ​ឆ្នើម ប្រាក់ មុន្នីឧត្តម ទទួល​បាន​ស្បែកជើង​មាសក្នុង​នាម​ជា​អ្នកស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ​ ២៤​ គ្រាប់ ហើយកីឡាករ អាំ សុវណ្ណរ៉ាត់ បាន​ក្លាយ​ជា​អ្នក​ចាំទី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ ​និងទទួល​បាន​ទឹកប្រាក់​លើក​ទឹកចិត្ត​ក្នុង​ម្នាក់ៗ​ ១ ​លាន​រៀល។ ប៉ុន្តែ​ការ​ប្រកួត​នៅ​រដូវកាល​នេះបាន​លុប​ចោល​នូវ​រង្វាន់​ជា​គ្រូ​បង្វឹកល្អ និង​កីឡាករ​ល្អ​ប្រចាំ​រដូវកាលដោយ​មិន​មានការ​បញ្ជាក់​ពី​មូលហេតុ​អ្វី​ទាំងអស់។

ជាមួយនឹងក្តីសង្ឃឹមខ្ពស់បណ្តាអ្នកគាំទ្រនៅតែរំពឹងថាក្នុងការប្រកួតនាឆ្នាំបន្ទាប់ៗទៀតប្រាកដជាមានភាពល្អប្រសើរពោរពេញទោដោយសម្លេងហ៊ោកញ្ជៀវអឺងកងពាសពេញពហុកីឡដ្ឋានមិនខានឡើយ!។

 

បណ្តាក្រុមប្រកួតដែលធ្លាប់បានគ្រងតំណែងជើងឯកពានរង្វាន់ Hun Sen Cup នាពេលកន្លងមក៖

២០០៧ ក្រុមខេមរាកីឡា
២០០៨ ក្រុមភ្នំពេញក្រោន
២០០៩ ក្រុមភ្នំពេញក្រោន
២០១០ ក្រុមក្រសួងការពារជាតិ
២០១១ ព្រះខ័នរាជ (ស្វាយរៀង)
២០១២ ព្រះខ័នរាជ (ស្វាយរៀង)
២០១៣ ណាហ្គាខប
២០១៤ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ
២០១៥ ក្រុមស្វាយរៀង

 

Hun-Sen-Cup2

ជាមួយ​ការ​ឈ្នះ​ពាន​ជា​លើក​ទី​៣​នេះ ក្រុម​ស្វាយរៀង ទទួល​បាន​ប្រាក់​រង្វាន់​៨០​លាន​រៀល ខណៈ​ជើងឯករង ណាហ្គាវើល ទទួល​បាន​ប្រាក់​៤០​លាន​រៀល ឯ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ត្រាយអាស៊ី បាន​ ២០ លាន​រៀល ហើយ​ក្រុម Fair Play បាន​ទៅ​ក្រុម​ប៉ូលិស ដោយ​ទទួល​បាន​៥​លាន​រៀល ឯ​ក្រុម​អាជ្ញាកណ្ដាល​ទទួល​បាន​៣​លាន​រៀល។

ចំណែក​កីឡាករ​ដ៏ឆ្នើម ប្រាក់ មុន្នីឧត្តម ទទួល​បាន​ស្បែកជើង​មាស ក្នុង​នាម​ជា​អ្នកស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​គឺ​ ២៤​ គ្រាប់ឯអាំ សុវណ្ណរ៉ាត់ បាន​ក្លាយ​ជា​អ្នក​ចាំទី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ ហើយ​កីឡាករ​មកពី​ស្វាយរៀង​ទាំង​២​នេះ ទទួល​បាន​ទឹកប្រាក់​លើក​ទឹកចិត្ត​ក្នុង​ម្នាក់​១​លាន​រៀល។ ប៉ុន្តែ​ការ​ប្រកួត​នៅ​រដូវកាល​នេះ បាន​លុប​ចោល​នូវ​រង្វាន់​ជា​គ្រូ​ល្អ និង​កីឡាករ​ល្អ​ប្រចាំ​រដូវកាល ដោយ​មិន​មាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ទាំងអស់៕

Hun-Sen-Cup1

 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ