លោកស៊ុន ចាន់ថុល លើកទឹកចិត្តដល់អត្តពលិកហែលទឹកម្នាក់ៗ ២០០ដុល្លារមុនចេញទៅសុីហ្គេម

ភ្នំពេញ៖ ក្នុងដំណើរបន្តពង្រឹងវិស័យកីឡាហែលទឹកកម្ពុជាដើម្បីឈានទៅរកការដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍សុីហ្គេមនោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកអាណត្តិទី៦ ឆ្នាំ២០១៧-២០២១ បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចំនួន ៧នាក់ រួមទាំងគ្រូបង្វឹក ២រូបក្នុងម្នាក់ៗចំនួន ២០០ដុល្លារមុនចេញទៅប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗខាងមុខនេះ។
   ក្រោយទទួលបានការជួយឧបត្ថម្ភលើកទឹកចិត្តពីសំណាក់ប្រធានសហព័ន្ធរួចមក ក្រុមអត្តពលិកកម្ពុជាទាំង ៧រូប បានប្តេជ្ញាចិត្តប្រឹងប្រែងជាមួយនឹងជំនឿចិត្តយ៉ាងមុតមាំថា អត្តពលិកកម្ពុជានឹងទទួលបានលទ្ធផលល្អមកជូនប្រទេសជាតិក្នុងការប្រកួតនេះជាក់ជាមិនខាន ។ សូមបញ្ជាក់ដែរថា បន្ទាប់ពីទទួលបានសំឡេងឆ្នោតគាំទ្រជ្រើសតាំងជាប្រធានសហព័ន្ធកីឡាហែលទឹកកាលពីរសៀលម្សិលមិញរួចមក លោកស៊ុន ចាន់ថុល បានរៀបចំផែនការយុទ្ធសាស្ត្រថ្មីសំដៅពង្រឹងគុណភាព និងប្រសិទ្ធិភាពការងារឱ្យទទួលបានជោគជ័យនៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២។
លើសពីនេះទៅទៀត លោកបានការរំពឹងទុកថាក្នុងនាមជាម្ចាស់ផ្ទះយើងនឹងអាចស្វែងរកមេដាយបានមកជូនជាតិដើម្បីសម្រេចគោលបំណងរបស់ព្រឹទ្ធាចារ្យ ហែម ថុន ដែលជាស្ថាបនិកដ៏ល្អរបស់សហព័ន្ធ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តសមាជិក និងអគ្គលេខាធិការដ្ឋានសហព័ន្ធឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលទំនុកបម្រុង និងលើកទឹកចិត្តកីឡាករ កីឡាការិនីទាំងអស់ដើម្បីឲ្យពួកគាត់មានសមត្ថភាព និងកាយសម្បទាមាំមួន ក៏ដូចជាសុខភាពល្អ សំដៅយកជ័យជំនះរាល់ការប្រកួតនៅលើឆាកអន្តរជាតិជូនប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា លោកស៊ុន ចាន់ថុល ក៏មានគម្រោងចុះអនុស្សារណៈនៃការយោគយល់រវាងសហព័ន្ធ និងក្រុមហ៊ុន Herbalife ក្នុងការផ្តល់អាហារបំប៉នជូនដល់កីឡាករ កីឡាការិនីផងដែរនៅសប្ដាហ៍ក្រោយនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ