គ្រូ U-22កម្ពុជា ប្រើយុទ្ធសាស្ដ្រ ២ចំណុចដើម្បីសម្លឹងរកមេដាយមាសសុីហ្គេម

ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិ U-22កម្ពុជា បានប្រើយុទ្ធសាស្ដ្រ ២ចំណុច នៅក្នុងការក្រើនរំលឹកកូនក្រុមឲ្យសម្លឹកមើលមេដាយមាសការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនាពេលខាងមុខ ។

គ្រូសញ្ជាតិប្រេស៊ីលរូបនេះ និយាយថា៖ «អ្វីដែលសំខាន់ក្នុងស៊ីហ្គេម គឺមេដាយមាស ប៉ុន្ដែស្ថានភាពកីឡាករយើងបច្ចុប្បន្នភាគច្រើនគឺមានអាយុក្រោម ១៧ឆ្នាំ ឬ ១៨ឆ្នាំ ដែលពួកគាត់មានឱកាសលេងស៊ីហ្គេម ២ដងទៀត ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ ខ្ញុំបានប្រាប់ដល់កីឡាករទាំងអស់ថា យើងត្រូវគិតដល់ចំណុចកំពូល មានន័យថាគិតដល់មេដាយមាស ដោយផ្អែកលើកត្តាសំខាន់ ដូចជា៖ ទី១៖ យើងត្រូវមានគំនិតវជ្ជមានយើងគិតថាយើងអាចធ្វើបានដល់ចំណុចកំពូល ។ ទី២៖ មិនមែនគិតតែក្រុមខ្លាំងថៃ ឬវៀតណាមទេ គឺយើងត្រូវគោរពដល់គូប្រកួតទាំងអស់ មិនអាចមើលងាយបានទេ ព្រោះភាគច្រើនក្រុមខ្លាំងតែងតែបាត់បង់ពិន្ទុ ពេលលេងជាមួយក្រុមខ្សោយ បើសិនពួកគេធ្វើមិនបានល្អ ពោលគឺយើងត្រូវធ្វើការពីមួយដំណាក់ទៅមួយដំណាក់ដោយយកចិត្តទុកដាក់» ។

ការលើកឡើងរបស់លោក Leonardo ខាងលើ គឺស្របពេលលោកត្រូវដឹកនាំក្រុម U-22កម្ពុជា ចេញទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១២ ខែសីហាស្អែកនេះ ដើម្បីចូលរួមកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ខណៈបើកឆាកកម្ពុជា ត្រូវជួបក្រុម U-22ហ្វីលីពីនមុនគេក្នុងពូលB នៅថ្ងៃទី១៥ ខែសីហាខាងមុខ បន្ទាប់មកទើបបន្ដជួបក្រុមថៃ វៀតណាម ឥណ្ឌូនេស៊ី និងទីម័រខាងកើត ដែលសុទ្ធតែជាក្រុមជើងខ្លាំងប្រចាំតំបន់នៅថ្ងៃបន្តបន្ទាប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ