ក្រុម U-22កម្ពុជា នឹងទទួលបាន ២២០លានរៀលបើសិនឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រសុីហ្គេម

ភ្នំពេញ៖ ថវិកាដ៏ច្រើនបាននឹងកំពុងរង់ចាំក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជាទៀតហើយ ដោយប្រសិនបើក្រុមដឹកនាំដោយលោក Leonardo Vitorino មួយនេះ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាពេលខាងមុខ ពួកគេនឹងទទួលបានប្រាក់រង្វាន់ ២២០លានរៀលភ្លាមៗ ពីក្រុមហ៊ុន Clear ។
លោក Doy Concha អភិបាលក្រុមហ៊ុនយូនីលីវើប្រចាំកម្ពុជា-ឡាវ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមរបស់ក្រុម U-22កម្ពុជា នារសៀលនេះថា ក្រុមហ៊ុន Clear បានត្រៀមខ្លួនជួយក្រុមគោព្រៃកម្ពុជានិច្ច ពិសេសស៊ីហ្គេមនាពេលខាងមុខ ប្រសិនបើកម្ពុជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមហ៊ុនលោកនឹងឧបត្ថម្ភ ២២០លានរៀល ប៉ុន្ដែករណីក្រុម U-22កម្ពុជា ឡើងដល់វគ្គផ្ដាច់ព្រ័ត្រនោះ ក្រុមហ៊ុននឹងបន្ថែមប្រាក់រង្វាន់ទៀតតែមិនច្បាស់ពីចំនួននៅឡើយ ។
នេះគឺជារង្វាន់លើកទឹកចិត្តថ្មីមួយទៀត សម្រាប់ក្រុមគោព្រៃកម្ពុជា គ្រាដែលក្រុមហ៊ុនស្រាបៀរអង្គរ បានត្រៀមថវិកា ២,០០០ដុល្លារ ដើម្បីឧបត្ថម្ភក្រុម U-22កម្ពុជា ប្រសិនបើឈ្នះក្នុងមួយប្រកួត ។ តែប្រសិនបើឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញនោះ ក្រុមហ៊ុនឯកជនមួយនេះ នឹងឧបត្ថម្ភដល់ទៅ ៥,០០០ដុល្លារបន្ថែមទៀតផងដែរ ។
គួរបញ្ជាក់ថា ក្រុមយុវជន U-22កម្ពុជា ត្រូវចេញដំណើរឆ្ពោះទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១២ ខែសីហាស្អែកនេះ ដើម្បីត្រៀមប្រកួតបើកឆាកពូលB ជាមួយក្រុម U-22ហ្វីលីពីន នៅថ្ងៃទី១៥ ខែសីហាខាងមុខ បន្ទាប់មកទើបលោក Leonardo ដឹកនាំក្រុមគោព្រៃកម្ពុជា បន្ដជួបក្រុមថៃ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលសុទ្ធតែជាក្រុមជើងខ្លាំងប្រចាំតំបន់នៅថ្ងៃបន្តបន្ទាប់ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ