គៀង សាម៉ន រំពឹងបំបែកកំណត់ត្រាថ្មីលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ និង ១,៥០០ម៉ែត្រនៅសុីហ្គេម

ភ្នំពេញ៖ កីឡាករ គៀង សាម៉ន ដែលជាអ្នកជំនាញខាងរត់ប្រណាំងចម្ងាយឆ្ងាយ និងម៉ារ៉ាតុងបានបង្ហាញជំនឿចិត្តរបស់ខ្លួនថានឹងទទួលបានលទ្ធផលល្អជាងកាលពីឆ្នាំ២០១៥ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ យ៉ាងណាក៏ដោយ រូបគេមិនហ៊ានដាក់ក្តីរំពឹងរហូតឈានដល់ដណ្តើមបានមេដាយឡើយ ខណៈដែលនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកនេះកីឡាករ គៀង សាម៉ន នឹងប្រកួតលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ និង ១,៥០០ម៉ែត្រ។

កាលស៊ីហ្គេមនៅសិង្ហបុរីឆ្នាំ២០១៥ គៀង សាម៉ន បានប្រើថេរវេលា ១.៥៥នាទីលើវិញ្ញាសា ៨០០ម៉ែត្រ និង ៣.៥៩វិនាទីលើវិញ្ញសា ១,៥០០ម៉ែត្រហើយការចូលរួមលើកនេះគេរំពឹងអាចប្រើ ៣.៥៩នាទី លើវិញ្ញាសា ១,៥០០ម៉ែត្រ និង ១.៥០ លើចម្ងាយ ៨០០ម៉ែត្រ។  គៀង សាម៉ន បានរំពឹងបែបនេះ បន្ទាប់ពីរូបគេ បានចូលរួមប្រកួតសាកល្បងបច្ចេកទេសនៅប្រទេសកូឌីវ័រកាលពីពេលថ្មីៗនេះដោយសង្កេតឃើញថា ថេរវេលារបស់ខ្លួនធ្វើបានល្អជាងពេលមុនៗ ។ ជាមួយគ្នានេះដែរកាលពីប៉ុន្មានថ្ងៃមុននេះរូបគេក៏ទើបតែបានប្រកួតឈ្នះចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៥ នៅក្នុងតំបន់អង្គរខេត្តសៀមរាបក្នុងវិញ្ញាសា ១០គីឡូម៉ែត្រផងដែរក្នុងចំណោមអត្តពលិក ១,៥០០នាក់ចូលរួមដោយបានប្រើថេរវេលា ៣៦.៥៦នាទី ខណៈកីឡាករ ផាន សុភក្តិ ដែលទទួលបានចំណាត់ថ្នាក់លេខ២ ប្រើពេល ៣៧.១៨នាទី និងកីឡាករលេខ៣ ជា សម្ផស្ស ប្រើ ៣៨.១៨នាទី។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យ កីឡាករ គៀង សាម៉ន ហាក់មានទំនុកចិត្តខ្ពស់សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីក្នុងខែសីហាខាងមុខ ពោលគឺ សាម៉ន រំពឹងអាចបំបែកកំណត់ត្រាចាស់ដែលគេសម្រេចបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ