លោក Leonardo៖ ច្រឹង ពលរដ្ឋ, សឿត បារាំង និងសុដាវីត ត្រូវអវត្តមាន ១ ឬ ២ប្រកួតនៅសុីហ្គេម

ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា បានឲ្យដឹងថា កីឡាករសំខាន់ ៣រូប អាចត្រូវអវត្តមាន ១ ឬ ២ប្រកួត ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាពេលដ៏ខ្លីខាងមុខ គឺមានកីឡាករ ច្រឹង ពលរដ្ឋ, សឿត បារាំង និង អ៊ិន សុដាវីត ។ ការឲ្យដឹងបែនេះ បានធ្វើឡើងក្នុងសន្នីសារព័ត៌មាន មុនដំណើរឆ្ពោះទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានខាងលើ ។
លោក Leonardo បានថ្លែងថា ច្រឹង ពលរដ្ឋ មានបញ្ហារបួសជង្គង់ផ្នែកខាងក្រោយអំឡុងពេលប្រមូលផ្តុំហ្វឹកហាត់ ដូច្នេះគេអាចអវត្តមានមិនអាចជួយក្រុម U-22កម្ពុជា សម្រាប់ប្រកួតបើកឆាកប៉ះក្រុម U-22 ហ្វីលីពីន នៅថ្ងៃទី១៥ ខែសីហាខាងមុខទេ ។ ដោយឡែក សឿត បារាំង និង អ៊ិន សុដាវីត គឺត្រូវអវត្តមានប្រហែល ១ ឬ ២ប្រកួតដូចគ្នា ព្រោះពួកគេត្រូវត្រឡប់មកចូលរួមការប្រឡងថ្នាក់ជាតិ ឬប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែសីហាខាងមុខ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Leonardo ។
ប៉ុន្ដែយ៉ាងណាគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ហាក់មិនសូវបារម្ភ ចំពោះការអវត្តមានរបស់កីឡាទាំង ៣រូបឡើយ ព្រោះបានត្រៀមកីឡាករជំនួសតំណែងពួកគេជាស្រេច ខណៈកីឡាករទាំងអស់សុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ