ឡុង សុវណ្ណឌឿន និង ពុទ្ធ ឆាយរិទ្ធី រំពឹងឈ្នះថៃ និងអូស្ត្រាលីលើសង្វៀនគោជល់សប្ដាហ៍នេះ

ភ្នំពេញ៖ នៅលើសង្វៀនគោជល់របស់ CNC នាយប់ថ្ងៃទី១២ ខែសីហា ខាងមុខ អ្នកប្រដាល់កម្ពុជា ២ រូបគឺពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស និងកីឡាករឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡាបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ និងអូស្ត្រាលី ។ ពុទ្ធ ឆាយរិទ្ធី ដែលមានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ ៥៨ដង ចាញ់ ១៨ដង ស្មើពិន្ទុ ៣ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ១៧ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Kamchai Pran ។

កីឡាករថៃនេះមានប្រវត្តិប្រកួតចំនួន ១១០ដង ឈ្នះ ៨០ដង ចាញ់ ២៥ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២០ដង ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មួយរយៈនេះពុទ្ធ ឆាយរិទ្ធី វាយបានគ្រាន់បើ ហើយភាគច្រើនគេទទួលជ័យជម្នះ និងមានពេលខ្លះគេបានផ្ដួលគូប្រកួតឲ្យសន្លប់បានមុនទឹកទី៥ ទៀតផង ។ យ៉ាងណាក៏ដោយ គេមិនបានដឹងពីសមត្ថភាពរបស់អ្នកប្រដាល់ថៃ Kamchai Pran នោះឡើយ ប៉ុន្តេគេអាចស្មានបានថា កីឡាកររូបនេះមិនអន់នោះឡើយ ។

ចំណែក ឡុង សុវណ្ណឌឿន ដែលមានប្រវត្តិប្រកួតចំនួន ៦៧ដង ឈ្នះ ៤៦ដង ចាញ់ ១៤ដង ស្មើពិន្ទុ ៧ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២៤ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់អូស្រ្ដាលីឈ្មោះ Jordan Lamnamoun ដោយប្រកួតក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ អ្នកប្រដាល់អូស្រ្ដាលីរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែប្រវត្តិប្រកួតរបស់គេគឺ ២៥ដង ឈ្នះ ១៨ដង ចាញ់ ៧ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ៥ដង ។ គេជឿថាអ្នកប្រដាល់អូស្រ្តាលីរូបនេះនឹងមិនមែនជាឧបសគ្គសម្រាប់ឡុង សុវណ្ណឌឿនឡើយហើយទស្សនិកជាច្រើនរំពឹងថា កីឡាករកម្ពុជារូបនេះនឹងអាចយកឈ្នះគូប្រកួតបានមុនទឹកទី៥ ជាមិនខាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ