Singapore Cup៖ ណាហ្គាវើល ប៉ះម្ចាស់ទឹកដី Hougang United ល្ងាចនេះ

ភ្នំពេញ៖ ក្រោយធ្វើដំណើរទៅដល់ទឹកដីប្រទេសសិង្ហបុរី និងបានហ្វឹកហាត់កម្ដៅសាច់ដុំ ២ថ្ងៃរួចមក ក្រុមបាល់ទាត់ណាហ្គាវើល នឹងត្រូវធ្វើការប្រកួតជើងទី១ នៃពានរង្វាន់ RHB Singapore Cup 2017 ជាមួយក្រុម Hougang United នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅលើទឹកដីសមាជិកក្រុមលំដាប់លីគកំពូលសិង្ហបុរីផ្ទាល់តែម្ដង ។
សូមរំឮកថា មុនឈានដល់វគ្គ ៨ក្រុមចុងក្រោយដោយត្រូវជួបក្រុម Hougang United ល្ងាចនេះ ក្រុមណាហ្គាវើល បានទម្លាក់ក្រុមម្ចាស់ទឹកដីសិង្ហបុរី Balestier Khalsa រួចមកហើយ ដោយយកឈ្នះក្នុងលទ្ធផល ៤-៣ ។ ប៉ុន្ដែលោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល ហាក់មិនសូវសប្បាយចិត្ត ចំពោះជ័យជម្នះនាពេលនោះឡើយ ដោយសារការសហការគ្នាមិនសូវបានល្អលើទីលាន ។ តែយ៉ាងណាលោកមានជំនឿថា សម្រាប់ការជួប Hougang United ថ្ងៃនេះ កូនក្រុមរបស់ខ្លួននឹងបង្ហាញទម្រង់លេងបានល្អ ដូចការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាប៉ុន្មានប្រកួតចុងក្រោយរបស់ខ្លួន ដែលណាហ្គាវើលធ្វើបានល្អ ស្របពេលកីឡាករមានឱកាសប្រមូលផ្ដុំហ្វឹកហាត់ និងស្ដារកម្លាំងបានគ្រប់គ្រាន់ អំឡុងពេលលីគកំពូលកម្ពុជា ត្រូវបានសម្រាកការប្រកួតបណ្ដោះអាសន្ននោះ ។
ចំពោះក្រុម Houngang United មុនឡើងប៉ះណាហ្គាវើល ក្រុមម្ចាស់ផ្ទះសិង្ហបុរីនេះ ធ្លាប់បានទម្លាក់ក្រុមជើងខ្លាំងហ្វីលីពីន Ceres Negros ដោយលទ្ធផល ១-០ កាលពីវគ្គជម្រុះបឋម ។ ដូច្នេះចាំមើលតើណាហ្គាវើល ឬ Hougang United នឹងទទួលបានជ័យជម្នះ សម្រាប់ជំនួបជើងទី១ នៃពានរង្វាន់ RHB Singapore Cup 2017 នាល្ងាចនេះ? ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ