ថ្នាក់ដឹកនាំកីឡា ផ្តាំផ្ញើរ និងផ្តល់សារគន្លឹះសំខាន់ៗដល់អត្តពលិកមុនចេញដំណើរទៅប្រកួតសុីហ្គេម

ភ្នំពេញ៖ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានសំណូមពរដល់អត្តពលិក និងគ្រូបង្វឹក-គ្រូជំនួយទាំងអស់ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍សុីហ្គេមត្រូវតែផ្ដល់តម្លៃដល់ខ្លួនឯង ។ ឯកឧត្តមបានបញ្ជាក់ថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះក្រុមកីឡាកម្ពុជាត្រូវចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេមលើកទី២៩ហើយ គ្រាន់តែពេលវេលានៃការចេញដំណើរខុសៗគ្នាតែប៉ុណ្ណោះ ។ ដូច្នេះទាំងគ្រូបង្វឹក ទាំងកីឡាករ កីឡាការិនីត្រូវតែពាក់សម្លៀកបំពាក់ជម្រើសជាតិឲ្យបានសមរម្យហើយត្រូវមកជិះឡានរួមគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការស្លៀកខោអាវជម្រើសជាតិហើយបែជាទៅជិះម៉ូតូឌុប ឬ រ៉ឺម៉កទៅឡើងយន្ដហោះវាមិនមែនជារឿងល្អនោះទេ ហេតុនេះ លោកបានទាមទារឲ្យជិះឡានរួមគ្នាដើម្បីចេញដំណើរព្រមគ្នាតែម្តង ។
ជាមួយគ្នានេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានសង្កត់ធ្ងន់ដែរនៅក្នុងពិធីបិទសិក្ខាសាលាស្ដីពីវិន័យ និងក្រមសីលធម៌នាព្រឹកថ្ងៃទី១០ ខែសីហាថា មនុស្សត្រូវតែមានវិន័យសម្រាប់ខ្លួនឯង ជាកីឡាករ-កីឡាការិនីត្រូវតែមានស្មារតីប្រកួតគឺប្រកួតដើម្បីឈ្នះ ។ សម្រាប់ដំណាក់កាលនេះជាដំណាក់កាលប្រកួត ហេតុនេះជាគ្រូបង្វឹកត្រូវតែបង្ហាត់នូវបច្ចេកទេសពិសេសៗដល់សិស្សចំពោះការសាកល្បងបច្ចេកទេសគួរតែមិនចាំបាច់មានទៀតទេព្រោះវាអាចនឹងបង្ករបួសស្នាមដល់កីឡាករ កីឡាការិនី។លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក៏បានឲ្យដឹងដែរថា ប្រតិភូកម្ពុជាដែលត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ មានចំនួន ២៧៤នាក់ ដែលក្នុងនោះកីឡាករមានចំនួន ១៤៤នាក់ និងកីឡាការិនីចំនួន ២៦នាក់ដែលមានចំនួន ២៤ប្រភេទកីឡា  លោកបានបន្តថាអ្នកដែលត្រូវទៅប្រកួតកីឡាស៊ីហ្គេមនេះបានហ្វឹកហាត់ត្រៀមរយៈពេល ៦ខែរួចមកហើយគឺពីថ្ងៃទី១៦ ខែកុម្ភៈរហូតដល់១៥ ខែសីហា ឆ្នាំ២០១៧ ដោយការហ្វឹកហាត់មាន ៣ដំណាក់កាលគឺដំណាក់កាលទី១ ហ្វឹកហាត់កម្លាំង, ដំណាក់កាលទី២ ហ្វឹកហាត់បច្ចេកទេស និងដំណាក់កាលទី៣ ហ្វឹកហាត់កលល្បិចដើម្បីត្រៀមខ្លួនប្រកួត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ