អត្តពលិកទាញព្រ័ត្រកម្ពុជា ១០រូបចេញដំណើរទៅប្រកួតជើងឯកអាសុីលើកទី៩ នៅសិង្ហបុរីព្រឹកនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបញ្ជូនកីឡាកររបស់ខ្លួនចំនួន ១០នាក់ទៅប្រកួតដណ្ដើមជើងឯកអាស៊ី នៅប្រទេសសិង្ហបុរី ខណៈដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមដំណើរការប្រកួតពីថៃ្ងទី១១ ដល់ថៃ្ងទី១២ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។ សូមបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់កម្ពុជាដែលបានបញ្ជូនកីឡាករ និងគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍ដ៏ធំនេះក្នុងគោលបំណងដកស្រង់បទពិសោធន៍ បច្ចេកទេសក៏ដូចជារៀនសូត្រពីរបៀបរៀបចំការប្រកួតដើម្បីនាំយកគំរូមករៀបចំនៅកម្ពុជាវិញ ។
  
អគ្គលេខាធិការកីឡាទាញព្រ័តកម្ពុជា អ្នកស្រី ប្រាក់ សម្ផស្ស បានថ្លែងក្នុងពិធីជួបសំណេះសំណាលកាលពីម្សិលមិញនេះថា ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីលើកទី៩ ដែលប្រទេសសិង្ហបុរីទទួលធ្វើជាម្ចាស់ផ្ទះនេះមានប្រទេសចូលរួមប្រកួតចំនួន៧ប្រទេស ក្នុងនោះមានដូចជា៖ ប្រទេសម៉ាឡេស៊ី, ប្រ៊ុយណេដារ៉ូសាឡាំ, នេប៉ាល់, ចិនតៃបុិ, សាធារណៈរដ្ឋប្រជាមានិតចិន, សិង្ហបុរី និងកម្ពុជា ។
ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោក មាស សារិន មានប្រសាសន៍ថា៖ «គោលដៅរំពឹងឈ្នះជើងឯក គឺជារឿងពិបាកមួយសម្រាប់កម្ពុជាពីព្រោះប្រទេសដែលចូលរួមគឺសុទ្ធតែប្រទេសខ្លាំងខាងផ្នែកកីឡានេះ តែសម្រាប់ការទៅចូលរួមលើកនេះ គឺដើម្បីក្រេបជញ្ជក់យកបទពិសោធន៍ពីប្រទេសទាំងនោះដើម្បីស្វែងយល់ពីរបៀបនៃការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះ។»
 
គួរបញ្ជាក់ផងដែរថា កីឡាករទាញព្រ័ត្រទាំង ១០រូបរួមមាន៖ កីឡាករ ងួន ដូ, គង់ សុភាព, ម៉ៅ វុធា, ឌួង មាសបញ្ញា, សុខ រតនៈ, ជួន វៃ, យ៉ាន់ ដាម, គុណ ណារ៉ាក់, សូ រ៉ាន់ឌីណា និងកីឡាករ ទឹម សាមឌី  ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ