សុីហ្គេម៖ អត្តពលិកវាយសីកម្ពុជារំពឹងទទួលបានលទ្ធផលល្អជាងនៅសុីហ្គេមសិង្ហបុរី

ភ្នំពេញ៖ ក្រោយពីបរាជ័យនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥ កន្លងទៅរួចមក ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាវាយសីកម្ពុជា បានខិតខំជំរុញអត្តពលិករបស់ខ្លួនឱ្យបន្តហ្វឹកហាត់ទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើឱ្យបានល្អនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ដែលនឹងខិតចូលមកដល់ឆាប់ៗនេះ។ ដើម្បីពង្រឹងសមត្ថភាពអត្តពលិករបស់ខ្លួនឲ្យឈានដល់កម្រិតមួយដ៏ល្អបន្ថែមទៀតនោះ សហព័ន្ធក៏នឹងបញ្ជូនអត្តពលិកជម្រើសជាតិកីឡាវាយសីកម្ពុជាចំនួន ៦រូបចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសម៉ាឡេស៊ីរយៈពេល ២សប្តាហ៍ ក្នុងគោលដៅត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយអគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា លោក ស្តើង ជា រំពឹងថាពួកគេនឹងទទួលបានលទ្ធផលល្អជាងស៊ីហ្គេមនៅសិង្ហបុរីជាក់ជាមិនខាន ។
 ការចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសម៉ាឡេស៊ីដែលជាប្រទេសមានសក្តានុពលផ្នែកកីឡាវាយសីរយៈពេល ២សប្តាហ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែសីហា។ លោកបានមានប្រសាសន៍បែបនេះថា៖ «នេះជាលើកទី១ ហើយដែលសហព័ន្ធបានបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់ក្នុងប្រទេសដែលមានសក្តានុពលផ្នែកកីឡាវាយសីមួយនេះ ហើយតាមរយៈការហ្វឹកហាត់ជាមួយក្រុមកីឡាករជម្រើសជាតិរបស់ម៉ាឡេស៊ីនោះអត្តពលិកកម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់គេឲ្យកាន់តែមានការរីកចម្រើនថែមទៀត។» លើសពីនេះលោកសង្ឃឹមថា ការចូលរួមស៊ីហ្គេមនៅម៉ាឡេស៊ីលើកនេះកម្ពុជានឹងទទួលបានលទ្ធផលល្អជាងការចូលរួមស៊ីហ្គេមលើកមុន។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥ កម្ពុជាមិនទទួលបានចំណាត់ថ្នាក់នោះឡើយ ប៉ុន្តែកីឡាករ ទេព ច័ន្ទម៉ារ៉ា បានឡើងដល់វគ្គជម្រុះជុំចុងក្រោយលើវិញ្ញាសា ១នាក់ទល់១នាក់ ក្រោយយកឈ្នះកីឡាករមីយ៉ាន់ម៉ា Oo Chan Win ក្នុងលទ្ធផល ២-០ និងចាញ់ម្ចាស់ផ្ទះសិង្ហបុរី Loh Kean Yew ក្នុងលទ្ធផល ២-០ រួចមក ។ ចំណែកកីឡាករ ទាវ យ៉ុងវណ្ណៈ បានចាប់ដៃជាមួយកីឡាករ ងួន កាណូរ៉ា ឈានដល់វគ្គជម្រុះចុងក្រោយដូចគ្នាក្រោយឈកឈ្នះឡាវ ២-០ មីយ៉ាន់ម៉ា ២-០ និងចាញ់ហ្វីលីពីន ២-០ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ