តើពុយ វណ្ណៈ ឬ ពុទ្ធ សំបូរ ដែលនឹងក្លាយជាម្ចាស់ពានព្រឹត្តិការណ៍ TV5 Boxing Knock Serie?

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Serie នៅថ្ងៃទី១២ ខែសីហានេះបានឈានមកដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយ ។ សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ អ្នកប្រដាល់មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែតកីឡាប្រកួតជាមួយអ្នកប្រដាល់សុខ សុវណ្ណ របស់ក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិ ។ គួររំលឹកថា អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែបានប្រកាសថា ពួកគេមានសង្ឃឹមថានឹងត្រូវជួបគ្នាប្រជែងយកចំណាត់ថ្នាក់លេខ១ ប៉ុន្តែបែរជាភ្លាត់ចាញ់អ្នកប្រដាល់ជើងថ្មីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅវិញ ។

 

កាលប្រកួតជម្រុះនៅជុំទី១ កីឡាករមាស សុជាតិ បានយកឈ្នះម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកនៅទឹកទី២ ។ លុះដល់ជម្រុះជុំទី២ សុជាតិ បានយកឈ្នះកុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធដោយពិន្ទុ និងជុំទី៣ រូបគេបានបន្តឈ្នះថន វាសនា មកពីក្លិបនាគរាជមានរិទ្ធដោយពិន្ទុ ប៉ុន្តែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេបែរជាចាញ់ពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាដែលជាអ្នកប្រដាល់ជើងថ្មីនៅត្រឹមទឹកទី១ ដោយសារតែមានបញ្ហាសន្លាក់ដៃ ។ចំពោះសុវណ្ណ វិញនៅជុំទី១ គេបានឈ្នះជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។ ជុំទី២ បន្តប្រកួតឈ្នះឆាំ រ៉ែម មកពីក្លិបពន្លឺណេអុងដោយពិន្ទុ ចំណែកឯជុំទី៣ បានឈ្នះផៃ គឹមហឿត មកពីក្លិបគីសែមានរិទ្ធដោយពិន្ទុ ប៉ុន្តែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររូបគេបានចាញ់អ្នកប្រដាល់ជើងថ្មីពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យដោយពិន្ទុ ។ សម្រាប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នេះមិនដឹងថាមាស សុជាតិ ឬ សុខ សុវណ្ណ ជាអ្នកឈ្នះនោះឡើយ ដោយពួកគេសុទ្ធតែមានឱកាសដូចគ្នា ហេតុនេះចាំមើលចំណាត់ថ្នាក់លេខ៣ ជារបស់នរណា ?

ចំពោះការប្រកួតដណ្ដើមឋានៈជាជើងឯកក្នុងព្រឹត្តិការណ៍នេះវិញកីឡាករពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាត្រូវជួបជាមួយពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ។ នៅក្នុងព្រឹត្តិការណ៍នេះដែរពួកគេទាំងពីរនៅមិនទាន់ស្គាល់ចាញ់ដូចគ្នាតែពេលនេះនឹងមានម្នាក់ត្រូវតែស្គាល់ចាញ់ហើយ ។ នៅក្នុងការប្រកួតជម្រុះនៅជុំទី១ សំបូរ បានឈ្នះផៃ ក្រៃ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងនៅទឹកទី៣ លុះជុំទី២ ឈ្នះឌុន ប៊ុនធឿន មកពីក្លិបអេភូថងកីឡាដោយពិន្ទុ និងជុំទី៣ បានបន្តឈ្នះសៅ វណ្ណា មកពីក្លិបសុភានូមានជ័យដោយពិន្ទុ មិនតែប៉ុណ្ណោះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេបានយកឈ្នះសុខ សុវណ្ណដោយពិន្ទុបន្តទៀត ។ ចំពោះវណ្ណៈ វិញនៅជុំទី១ បានយកឈ្នះថា សារ៉ែម មកពីក្លិបពន្លឺណេអុងដោយពិន្ទុ ជុំទី២ បានឈ្នះប្រាក់ រស្មី មកពីក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ និងក្នុងជុំទី៣ បានឈ្នះឡង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យនៅទឹកទី២ និងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឈ្នះមាស សុជាតិ នៅទឹកទី ១ ។ ដូច្នេះរវាងជើងខ្លាំង ពុយ វណ្ណៈ និង ពុទ្ធ សំបូរ តើនរណាដែលនឹងក្លាយជាម្ចាស់ពាននៃព្រឹត្តិការណ៍ TV5  Boxing Knock Serie ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ