មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកោះហៅអ្នកទៅសុីហ្គេមមកប្រាប់ពីក្រមសីលធម៌ និងវិន័យ

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានកោះហៅគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីសរុបចំនួនឭ ១៩៦នាក់ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកកទី២៩ នៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៩ ដល់ទី៣១ ខែសីហាមកធ្វើសិក្ខាសាលាស្ដីពីវិន័យ និងក្រមសីលធម៌រយៈពេល ២ថ្ងៃគឺនៅថ្ងៃទី៩ និង ថ្ងៃទី១០ ខែសីហា ដោយមានវត្តមានលោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្ខាសាលាដ៏សំខាន់នេះ ។  

លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ប្រតិភូកម្ពុជាដែលត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ មានចំនួន ២៧៤នាក់ ដោយមិនគិតពីមន្ត្រីរដ្ឋាភិបាល ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាយបេសកកម្ម និងមន្ត្រីពាក់ព័ន្ធនានានោះទេ ហើយកីឡាករមានចំនួន ១៤៤នាក់ និងកីឡាការិនីចំនួន ២៦នាក់ដែលមានចំនួន ២៤ប្រភេទកីឡា ។ លោកបានបន្តថាអ្នកដែលត្រូវទៅប្រកួតកីឡាស៊ីហ្គេមនេះបានហ្វឹកហាត់ត្រៀមរយៈពេល ៦ខែគឺពីថ្ងៃទី១៦ ខែកុម្ភៈរហូតដល់១៥ ខែសីហា ឆ្នាំ២០១៧ ដោយការហ្វឹកហាត់មាន ៣ដំណាក់កាលគឺដំណាក់កាលទី១ ហ្វឹកហាត់កម្លាំង ដំណាក់កាលទី២ ហ្វឹកហាត់បច្ចេកទេស និងដំណាក់កាលទី៣ ហ្វឹកហាត់កលល្បិចដើម្បីត្រៀមខ្លួនប្រកួត ។

សូមបញ្ជាក់ថា វាគ្មិនដែលចូលរួមឧទ្ទេសនាមក្នុងអង្គសិក្ខាសាលានេះរួមមានលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាដែលឧទ្ទេសនាមអំពីផែនការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេម ។ លោកវេជ្ជបណ្ឌិតស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងឧទ្ទេសនាមពីការទទួលទាន និងចំណីអាហារព្រមទាំងការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ដោយលោកបានលើកឡើងថា សម្រាប់មនុស្សធម្មតាក្នុងមួយថ្ងៃតម្រូវការចំណីអាហារដែលផ្ដល់សុខភាពគឺត្រូវតែមានខ្លាញ់ ៣០ភាគរយ ប្រូតេអ៊ីនពី ១០ទៅ១៥ភាគរយ និងកាបូហ៊ីដ្រាតលើឬក្រោម ៥៥ភាគរយ ។ ចំពោះកីឡាករវិញត្រូវការខ្លាញ់ ២០ទៅ៣០ភាគរយ ប្រូតេអ៊ីនពី ១០ទៅ១៥ភាគរយ និងកាបូហ៊ីដ្រាតពី ៦០ទៅ៧០ភាគរយ ។

លោកកែវ សារ៉េតនាយកសាលាបាល់ទាត់បាទីនឹងឧទ្ទេសនាពីការលេងដោយយុត្តិធម៌ (Fair-Play) ដែលនេះជារឿងសំខាន់សម្រាប់គ្រូបង្វឹក និងអត្តពលិកត្រូវតែប្រកាន់ឲ្យបាន ។ លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងឧទ្ទេសនាមពីវិន័យ និងក្រមសីលធម៌ក្នុងការប្រកួត និងការស្នាក់នៅប្រទេសម៉ាឡេស៊ី ។

អត្ថបទ៖ វ៉ានី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ