ម៉ន សាម៉េត និង សុឹម វណ្ណដេត ស្វាគមន៍អ្នកប្រយុទ្ធថៃលើសង្វៀនខារ៉ាបាវ

ភ្នំពេញ៖ នៅលើសង្វៀនខារ៉ាបាវនារសៀលថ្ងៃទី១២ ខែសីហាខាងមុខអ្នកប្រដាល់កម្ពុជាម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកនឹងប្រកួតប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ បាន់ ដាសាក់ (Banda Sak) នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង ២ រូបនេះជួបគ្នាហើយនេះក៏ជាការប្រកួតមួយដែលគេជឿថាវាមិនមែនជារឿងងាយស្រួលនោះទេ ។ តាមពិតអ្នកប្រដាល់ថៃរូបនេះគេធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដងហើយដោយបានប្រកួតចាញ់អ្នកប្រដាល់កម្ពុជា គង់ ហ៊ូវ ដោយពិន្ទុទាំងមិនអស់ចិត្ត ។ អ្នកប្រដាល់ថៃរូបនេះមានចលនាវាយរហ័សរហួនណាស់មិនតែប៉ុណ្ណោះការវាយចេញរបស់គេលឿន និងភ្លាមៗអាចគេចល័តថយក្រោយបានរហ័ស ។ ជាមួយនឹងរបៀបការពារល្អនោះការវាយចេញរបស់គេក៏ធ្ងន់ដែរ ។ បាន់ ដាសាក់ គេមានរបៀបវាយមិនឆេវឆាវឡើយហើយក៏មិនវាយប្ដូរកែង ឬកណ្ដាប់ដៃជាមួយគូប្រកួតតាមរបៀបផ្សងព្រេងនោះដែរ ។

ចំពោះអ្នកប្រដាល់កម្ពុជាម៉ន សាម៉េត វិញមានចរិតឆេវឆាវបន្តិច មិនតែប៉ុណ្ណោះគេចូលចិត្តវាយបន្ថែមលើកគូប្រកួតក្នុងខណៈដែលគូប្រកួតដួល ឬត្រូវអាជ្ញាកណ្ដាលឃាត់បំបែកទៅហើយនោះ ។ តាមទម្លាប់នៅ ៣ទឹកដំបូង សាម៉េត វាយបានល្អណាស់ហើយជាធម្មតាក្នុង ៣ទឹកនេះគេវាយដោយមិនសំចៃកម្លាំងដែរព្រោះគេត្រូវការផ្ដួលគូប្រកួតឲ្យបានរហ័សតែបើគូប្រកួតមិនដួលទេនោះកម្លាំងរបស់គេនឹងដាបចុះតែម្ដង ។

មួយគួទៀតនោះគឺ អ្នកខ្លាំងជើងថ្មីស៊ឹម វណ្ណដេត មកពីក្លិបនិរោធន៍មានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃដែលទើបមកថ្មីឈ្មោះយុក ដាំ (Youk Dam) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ វណ្ណដេត មួយរយៈនេះបានក្លាយជាអ្នកប្រដាល់ដែលគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបើប្រកួតជាមួយអ្នកប្រដាល់រួមជាតិគេមិនសូវជាអស្ចារ្យនោះទេ ប៉ុន្តែបើប្រកួតជាមួយអ្នកប្រដាល់បរទេសភាគច្រើនគេវាយគូប្រកួតឲ្យសន្លប់តែម្តង ដោយបច្ចេកទេស កែង កណ្ដាប់ដៃ ជង្គង់ និងកម្លាំងគឺជាអាវុធដែលគេប្រើសម្រាប់យកឈ្នះគូប្រកួត ។ ចំពោះយុក ដាំ វិញក៏មានសមត្ថភាពប្រហាក់ប្រហែលនឹងស៊ឹម វណ្ណដេតដែរទេ ។ ដូច្នេះ តើរវាងអ្នកប្រដាល់ទាំង ២ រូបនេះនរណាជាះអ្នកឈ្នះ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ