ច្រឹង ពលរដ្ឋ ប្ដេជ្ញាបង្កើតកំណត់ត្រាថ្មីនៅសុីហ្គេមឆ្នាំនេះ

ភ្នំពេញ៖ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជាគឺកីឡាករ ច្រឹង ពលរដ្ឋ បានលើកឡើងថា សម្រាប់ការត្រៀមបង្ហាញខ្លួនលើកដំបូង ជាមួយក្រុមយុវជន U-22កម្ពុជា នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ ។

ខ្សែបម្រើប្រយុទ្ធដែលទើបតែត្រូវបានគេហទំព័រ foxsportsasia វាយតម្លៃថាមានសមត្ថភាពអាចចូលលេងនៅលីគជប៉ុនរូបនេះបានថ្លែងថា៖ «សម្រាប់ការត្រៀមបង្ហាញខ្លួនលើកដំបូងនៅស៊ីហ្គេម ខ្ញុំរំពឹងថា ខ្ញុំនឹងធ្វើបានល្អ…។ ហើយខ្ញុំក៏នឹងព្យាយាមដើម្បីកំណត់ត្រាថ្មីមួយផងដែរ ។ ខ្ញុំគិតថា នឹងមានអ្វីមួយ កើតឡើងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខនេះ» ។ នេះគឺជាការលើកឡើង អំឡុងពេលក្រុម U-22កម្ពុជា ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីពេលថ្មីៗកន្លងទៅ ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ ក្រុម U-22កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមខ្លាំងៗជាច្រើន ដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត ខណៈសម្រាប់ប្រកួតបើកឆាកក្រុមគោព្រៃជំទង់កម្ពុជានេះ ត្រូវជួបក្រុម U-22ហ្វីលីពីន នៅថ្ងៃទី១៥ ខែសីហា ។ ចំពោះពិធីបើកការប្រកួតកីឡាស៊ីហ្គេមផ្លូវការ នឹងចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ