លោកវ៉ាត់ ចំរើន៖ កម្ពុជាកំពុងបង្ហាញភាពខ្លាំងនៅលើពិភពលោកក្នុងដំណើរឆ្ពោះទៅកាន់សុីហ្គេម២០២៣

ភ្នំពេញ៖ បន្ទាប់ពីអត្តពលិកកកម្ពុជាទទួលបានជោគជ័យផ្ទួនៗគ្នានៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតពិភពលោក ដោយឈ្នះបានទាំងមេដាយមាស ប្រាក់ សំរឹទ្ធ រួចមក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានលើកឡើងថា នេះជាជោគជ័យមួយដែលបង្ហាញថាកម្ពុជាកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួននៅឆាកអន្តរជាតិក៏ដូចជាដល់ពិភពលោក ហើយនេះក៏ជាផែនការមេមួយដែលកម្ពុជាបានរៀបចំសម្រាប់ឆ្ពោះទៅកាន់ស៊ីហ្គេម ២០២៣ ផងដែរ ។

ជាក់ស្តែងមកដល់ពេលនេះប្រភេទកីឡារបស់កម្ពុជាដែលបានឈ្នះមេដាយពិភពលោកនោះរួមមានប្រភេទកីឡាវ៉ូវីណាម ប៉េតង់ និងកីឡាសូរីហ្ស៊ីកាំប៉ូ ដោយក្នុងនោះប្រភេទកីឡាវ៉ូវីណាម និងប៉េតង់បានឈានទៅកាន់កម្រិតមេដាយមាស ។ លោកវ៉ាត់ ចំរើន បានថ្លែងប្រាប់កាលពីព្រឹកថ្ងៃទី៧ ខែសីហានៅក្នុងពិធីទទួលអត្តពលិកកីឡាវ៉ូវីណាមដែលឈ្នះមេដាយកម្រិតពិភពលោកច្រើនជាងគេរហូតទៅដល់មេដាយមាស៤ ប្រាក់៩ និងសំរឹទ្ធ ៩គ្រឿងថា៖ «ជាង ១០ឆ្នាំមកហើយដែលកម្ពុជាមិនដែលទទួលបានមេដាយមាសដ៏ច្រើនដូចឆ្នាំនេះឡើយ ។ ម្យ៉ាងយើងអាចកំណត់បានថា កីឡាមិនអូឡាំពិកជាប្រភេទកីឡាមួយដែលធ្វើឱ្យចលនានៃសង្គម និងតំបន់មួយៗ មានការលូតលាស់ និងរីកចម្រើនទាំងបច្ចេកទេស និងគុណភាព ។

លោកបានបន្តថា៖ «នៅក្នុងផែនការសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣នោះ គឺយើងត្រូវតែធ្វើយ៉ាងណាឲ្យកម្រិតរបស់យើងអាចគ្របដណ្ដប់លើ ១០ប្រទេសនៅក្នុងតំបន់អាស៊ាន ហើយសម្រាប់ការឈ្នះមេដាយកម្រិតពិភពលោកផ្ទួននេះក៏អាចបញ្ជាក់បានដែលថាកម្ពុជាពិតជាធ្វើបាន» ។

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះក្រុមកីឡាករ កីឡាការិនីវ៉ូវីណាមបានត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកពិភពលោក ដោយបាននាំយកនូវចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៤៥ប្រទេស ដែលប្រកួតនៅប្រទេសឥណ្ឌាកន្លងទៅថ្មីៗនេះ ខណៈដែលមេដាយដែលកម្ពុជាឈ្នះសរុបបាន ២២គ្រឿង រួមមានមេដាយមាស៤ មេដាយប្រាក់៩ និងមេដាយសំរឹទ្ធ៩ ចំណែកឯប្រទេសវៀតណាមដែលជាប្រទេសម្ចាស់ក្បាច់គុនជាប់លេខ១ និងអាល់ហ្សេរីជាប់ចំណាត់ថ្នាក់លេខ២ ពិភពលោក ៕

អត្ថបទ៖ ប៉ាវឡុវ ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ