ភ្ញៀវទេសចរណ៍ចិនចូលរួមរត់ម៉ារ៉ាតុងចក្រភពខ្មែរឆ្នាំនេះកើនឡើងទ្វេដង!

ភ្នំពេញ៖ ឆ្នាំនេះពិតជាឆ្នាំដែលល្អប្រសើរបំផុតសម្រាប់កម្ពុជាដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកចូលរួមរត់ប្រណាំងនៅក្នងព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៤ នៅមុខប្រាសាទអង្គរខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ រហូតទៅដល់ជិត ៤ពាន់នាក់ ។
 អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាគណៈកម្មការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «បន្ទាប់ពីភ្ញៀវទេសចរណ៍មកពីបណ្តាជុំវិញពិភពលោកបានចូលរួមរត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៤ នេះរួចមក ពួកគេមានអារម្មណ៍សប្បាយរីករាយ និងទទួលបានបទពិសោធន៍នៃការប្រកួតប្រជែងគ្នារវាងក្រុមកីឡាករ កីឡាការិនីទាំងអស់ ក៏ដូចជាបានផ្តល់ផលប្រយោជន៍ជាច្រើនទាក់ទិនទៅនឹងវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។»
លោកបានថ្លែងបន្ថែមថា ក្នុងឱកាសនេះដែរក្រសួងទេសចរណ៍ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានធ្វើការវាយតម្លៃឃើញថា ភ្ញៀវទេសដែលចូលរួមលើកនេះមានចំនួនខ្ទង់ ៣,៥០០នាក់ មកពី ៥៣ប្រទេស រកឃើញថាមានភ្ញៀវទេសចរណ៍ចិនជាង ៨០០នាក់ជាអត្តពលិក រត់ប្រណាំងម៉ារ៉ាតុងរយៈចម្ងាយ ៤១គីឡូ និង២១គីឡូម៉ែត្រ ខណៈដែលការចូលរួមក្នុងរត់ប្រណាំងម៉ារ៉ាតុងអាណចក្រខ្មែរនៃក្រុមភ្ញៀវទេសចរណ៍ចិនលើកនេះក៏បានជួយជម្រុញកំណើនសេដ្ឋកិច្ចនៃវិស័យទេសចរណ៍កម្ពុជាបានមួយចំណែកផងដែរ ។
 
ជាមួយគ្នានេះ ការរត់ប្រណាំងដែលមានរយៈចម្ងាយរហូតដល់ ៤១គីឡូ ឬម៉ារ៉ាតុចក្រភពខ្មែរលើកទី៤ ជើងឯកបានទៅលើបុរសម្នាក់មកពីប្រទេសអាល្លឺម៉ងមានឈ្មោះថា Neil Burns ក្នុងថិរវេលា ៣ម៉ោង ៨នាទី និង៥៦វិនាទី។ ចំណែកលេខ២ បានទៅលើបុរសប្រទេសចិន Tiancai Zhou ក្នុងថិរវេលា ៣ម៉ោង ២៣នាទី និង៤៦វិនាទី ខណៈអ្នកចូលរួមប្រកួតលើកនេះភ្ញៀវទេសចរណ៍ចិនចូលរួមច្រើនជាងគេ។
 
ចំណែកលេខ៣ គឺលោក Kiwai NG មកពីហុងកុងក្នុងថិរវេលា ៣ម៉ោង ២៤នាទី និង២៣វិនាទី ។ ចំណែកផ្នែកនារីម៉ារ៉ាតុងវិញលេខ១ បានលើឈ្មោះ Corbella Carlota មកពីប្រទេសអេស្ប៉ាញក្នុងថិរវេលា ៣ម៉ោង១៩នាទី និង០៣វិនាទី, លេខ២ ឈ្មោះ Muriel Heidegger Denzier មកពីប្រទេសស្វីសក្នុងថិរវេលា ៣ម៉ោង៤៦នាទី និង២៣វិនាទី និងលេខ៣ ឈ្មោះ Renshaw Kerri មកពីប្រទេសអូស្រ្តាលី ក្នុងថិរវេលា ៣ម៉ោង ៥១នាទី និង៥១វិនាទី៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ