លោកវ៉ាត់ ចំរើន៖ បើទោះបីមិនបានប្រកួតសុីហ្គេមឆ្នាំនេះតែចំបាប់នៅតែខ្លាំងទាំងក្នុង និងក្រៅតំបន់

ភ្នំពេញ៖ ដោយសារតែប្រភេទកីឡាចំបាប់មិនត្រូវបានដាក់ឲ្យចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលកំពុងខិតចូលក្នុងពេលឆាប់ៗខាងមុខដោយសារតែម្ចាស់ផ្ទះមិនទាន់មានសហព័ន្ធនោះ ទើបធ្វើឲ្យបណ្ដាប្រទេសផ្សេងទៀតដែលមានប្រភេទកីឡានេះត្រូវអាក់ខានប្រកួត ខណៈដែលក្រុមកីឡាចំបាប់កម្ពុជាមានការរីកចម្រើនខ្លាំងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះកីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ទើបតែដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងពីការប្រកួតកីឡាហ្វ្រង់កូហ្វូនី ឬក្របខណ្ឌប្រទេសនិយាយភាសាបារាំងនៅទីក្រុងអាប៊ីតចាន ប្រទេសកូឌីវ័រ ដែលមាន ៥០ប្រទេសចូលរួមប្រកួត។ 
លោកវ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំមានការសោកស្ដាយដែរដែលប្រភេទកីឡាចំបាប់មិនបានដាក់បញ្ចូលឲ្យមានការប្រកួតនៅក្នុងស៊ីហ្គេមនាឆ្នាំ២០១៥ និងឆ្នាំ២០១៧ នេះដោយសារប្រភេទកីឡាចំបាប់មួយនេះកម្ពុជាយើងកំពុងតែមានការរីកចម្រើនខ្លាំង ទាំងការប្រកួតប្រជែងដណ្ដើមយកមេដាយនៅក្នុង និងក្រៅប្រទេស ហើយក៏ជាវិញ្ញាសារប្រកួតងាយក្នុងការដណ្ដើមយកមេដាយផងដែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។»
 
លោកបានបន្តថា៖ «ការដាក់ប្រភេទកីឡាមួយចូលទៅក្នុងការប្រកួតកីឡាណាមួយវាមានតាមដំណាក់កាលរបស់វាមួយៗ ជាពិសេសគឺការប្រកួតកីឡាស៊ីហ្គេម ព្រោះវាអាស្រ័យទៅលើសក្ដានុពលនៃប្រភេទកីឡារបស់ប្រទេសដែលជាម្ចាស់ផ្ទះមានការរីកម្រើនឬក៏អត់ ។ យើងបានខកខាន ២ ស៊ីហ្គេមហើយដោយលើកទី១ កាលពីឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ដោយម្ចាស់ផ្ទះគេមានសហព័ន្ធតែប្រភេទកីឡារបស់គេផ្នែកចំបាប់នេះមិនរីកចម្រើនទើបគេមិនដាក់បញ្ចូលក្នុងស៊ីហ្គេមរបស់គេ ហើយសម្រាប់ឆ្នាំនេះវិញនៅម៉ាឡេស៊ី ក៏គេមិនបានបញ្ចូលឲ្យមាននោះដែរដោយម៉ាឡេស៊ីមិនទាន់មានសហព័ន្ធផ្លូវការម្យ៉ាងទៀតសក្ដានុពលរបស់គេនៅខ្សោយជាងយើង និងបណ្ដាប្រទេសមួយចំនួនទៀត ដូច្នះគេមិនដាក់ឲ្យមានតែម្ដង។»
 យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា៖ «បើទោះបីប្រភេទកីឡាចំបាប់មិនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះក៏ពិតមែន ប៉ុន្តែការហ្វឹកហាត់ និង ប្រកួតរបស់កីឡាករ កីឡាការិនីយើងឃើញមានការរីកចម្រើនខ្លាំងជាងមុន» ។ ប្រធានសហព័ន្ធរូបនេះក៏បានបង្ហាញនូវក្តីសង្ឃឹមថានៅឆ្នាំ២០១៩ និងឆ្នាំ ២០២១ ក្រុមកីឡាកចំបាប់កម្ពុជានឹងអាចចូលរួមប្រកួតកីឡាស៊ីហ្គេមនេះបានម្ដងទៀតហើយសង្ឃឹមខ្ពស់ក្នុងការប្រជែងយកមេដាយមិនឲ្យចាញ់ប្រទេសដទៃឡើយ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ