អបអរសាទរ! កីឡាវាយកូនបាល់កម្ពុជាទើបតែទទួលបានទទួលពានរង្វាន់កិត្តិយសអន្តរជាតិ

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានទទួលពានរង្វាន់ពិភពលោកដែលមានឈ្មោះថា «ពានរង្វាន់កិត្តិយសសមិទ្ធផលឆ្នើមអន្តរជាតិ» ដែលត្រូវបានប្រគល់ជូនដោយសាលាកីឡាកិត្តិយសអន្តរជាតិ (ITHF) ក្នុងភាពជាដៃគូជាមួយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) នៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ ITF នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ការបានទទួលពានរង្វាន់នេះដោយសារតែសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញឲ្យពិភពលោកឃើញពីជោគជ័យ និងការចូលរួមចំណែកដ៏គួរឱ្យកត់ សម្គាល់ចំពោះការរីកចម្រើននៃកីឡាវាយកូនបាល់ បើទោះជាប្រទេសកម្ពុជាបានជួបប្រទះនូវយុគសម័យសង្គ្រាមដែលបានបំផ្លាញស្ទើរតែវិនាសបាត់បង់គ្រប់ប្រភេទកីឡាក៏ដោយ ប៉ុន្តែសហព័ន្ធបានប្រឹងប្រែធ្វើឲ្យកីឡាវាយតិន្នីសនៅកម្ពុជាត្រូវបានស្ដារឡើងវិញបន្ទាប់ពីការដួលរលំឲ្យនៃរបបខ្មែរក្រហមនោះ ។

លោក Todd Martin អគ្គនាយករបស់ ITHF បានមានប្រសាសន៍ថា៖ «នេះជាការទទួលស្គាល់នូវសហព័ន្ធមួយដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការរីកចម្រើននៃកីឡាវាយកូនបាល់នៅទូទាំងពិភពលោកដែលជាអាទិភាពរួមគ្នាសំខាន់នៃសាលាកីឡាអន្តរជាតិនៃកិត្តិនាម និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ »

ជាមួយគ្នានេះ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការនៃកីឡាវាយកូនបាល់កម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំចង់ប្រគល់ពានរង្វាន់នេះដល់មនុស្សពីរលាននាក់ដែលបានស្លាប់ហើយជាពិសេសជូនដល់សមាជិកគ្រួសាររបស់ខ្ញុំដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ អ្វីដែលយើងចង់ធ្វើគឺជាផ្នែកមួយនៃក្រុមគ្រួសារកីឡាវាយកូនបាល់នៅលើពិភពលោក ។ យើងបានធ្វើដូច្នេះដោយការបំផុសគំនិតយ៉ាងខ្លាំងហើយដោយមានការគាំទ្រពី ITF ដែលបានជួយផ្តល់ឲ្យយើងនូវកីឡាវាយកូនបាល់សម្រាប់ប្រទេសជាតិ និងផ្លាស់ប្តូរជីវិតបុគ្គលផងដែរ» ។

សូមបញ្ជាក់ថា សហព័ន្ធវាយកូនបាល់កម្ពុជាត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៤ ក្រោមការដឹកនាំរបស់ លោកចម ប្រសិទ្ធ ដែលបានបន្តរហូតមកដល់បច្ចុប្បន្ន ។ទន្ទឹមនឹងនេះ លោកទេព រិទ្ធីវិទ្ធ ដែលជាកូនប្រុសរបស់កីឡាករកម្ពុជាលោកទេព ឃុនណា ដែលជាកីឡាករឆ្នើមប្រចាំទសវត្សរ៍ឆ្នាំ១៩៥០នោះក៏បានរួមចំណែកជួយឱ្យកីឡានេះរស់រានមានឡើងវិញនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីភាពភ័យរន្ធត់នៃរបបខ្មែរក្រហមដែលក្នុងនោះអ្នកលេងកីឡាវាយកូនបាល់ជាច្រើននាក់ត្រូវបានសម្លាប់ហើយទីលាន និងឧបករណ៍ទាំងអស់ត្រូវបានបំផ្លាញ។ ក្នុងចំណោមកីឡាករជាតិដែលបានចុះឈ្មោះចំនួន ៤០នាក់នាពេលនោះមានតែកីឡាករវាយកូនបាល់តែម្នាក់ប៉ុណ្ណោះដែលបានរួចផុតពីការស្លាប់ ហើយស្ទើរតែគ្មានគ្រូបង្វឹកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថែមទាំងមានតែអ្នកលេងតិចតួចប៉ុណ្ណោះ។ កីឡាវាយកូនបាល់កម្ពុជាបានវិលត្រលប់មករស់ឡើងវិញក្រោមពាក្យស្លោកពីវាលពិឃាដរហូតដល់ទីលានកីឡាវាយកូនបាល់

ក្រោយមកនៅឆ្នាំ១៩៩៧ ពោលគឺទើបតែបីឆ្នាំបន្ទាប់ពីកីឡាវាយកូនបាល់កម្ពុជាត្រូវបានបង្កើតឡើងវិញ សហព័ន្ធបានបោះជំហានទៅកាន់ការប្រកួតប្រជែងជាអន្តរជាតិដោយចូលរួមនៅក្នុងកីឡាអាស៊ីអាគ្នេយ៍ ។ ឆ្នាំនោះលោក តាន់ នីសាន់ បានឈ្នះមេដាយសំរឹទ្ធជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៧ ដែលជាចំណុចប្រែក្លាយដ៏សំខាន់មួយសម្រាប់កីឡាវាយកូនបាល់នៅក្នុងប្រទេសកម្ពុជា។ កីឡាកររូបនេះបានទទួលជ័យជម្នះម្តងទៀតក្នុងឆ្នាំ២០០៩ ខណៈដែលក្រុមកម្ពុជាបានទទួលជ័យជម្នះនៅក្នុងកីឡាវាយកូនបាល់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា ប្រទេសដែលបានទទួលរង្វាន់នេះគឺត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និងសាលាកីឡាកិត្តិយសអន្តរជាតិ ដោយពានរង្វាន់នេះនឹងត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំដល់អង្គការកីឡាវាយកូនបាល់សមាគមន៍ឬសហព័ន្ធឬកន្លែងណាមួយដែលបង្ហាញពីជោគជ័យនៃសេវាកម្ម និងការចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់ចំពោះការរីកចម្រើននៃកីឡាវាយកូនបាល់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ