សូរីហ្ស៊ីកាំប៉ូកម្ពុជាជាប់លំដាប់លេខ៦ ពិភពលោកក្នុងចំណោម ៧៦ប្រទេសដែលចូលរួមប្រកួតនៅអាមេរិក

ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នោះគ្រប់វិញ្ញាសាកីឡារបស់កម្ពុជាបានប្រឹងប្រែងប្រកួតដណ្ដើមមេដាយនៅឆាកអន្តរជាតិមានទាំងកីឡាវ៉ូវីណាមដែលទើបតែទទួលបានចំណាត់ថ្នាក់លេខ៣ លើពិភពលោកកាលពីពេលថ្មីៗនេះ ខណៈដែលកីឡាសូរីហ្ស៊ីកាំប៉ូ ដែលជាប្រភេទកីឡាស្រដៀងទៅនឹងកីឡាការ៉ាតេដូដែលនោះក៏បានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងតារាងពិភពលោកផងដែរ ។

 ក្នុងដំណើរត្រលប់មកវិញកាលពីរសៀលថ្ងៃនេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កីឡាករ ដុន សម្ផស្ស បាននាំនូវមេដាយសំរឹទ្ធពិភពលោក ១គ្រឿងមកជូនកម្ពុជាជាមួយនឹងចំណាត់ថ្នាក់លេខ៦ ដ៏មិនគួរឲ្យជឿក្នុងចំណោមប្រទេសដែលចូលរួមប្រកួតកីឡាសូរីហ្ស៊ីកាំប៉ូនៅសហរដ្ឋអាមេរិកដែលមាន ៧៦ប្រទេសចូលរួមប្រកួត។

លោកឡាច ច័ន្ធសុវណ្ណ ប្រធានសហព័ន្ធ និងជាគ្រូបង្វឹកផងដែរនោះបានថ្លែងថា៖ «លទ្ធផលដែលយើងទទួលបាននេះ គឺវាពិតជាលំបាកខ្លាំងណាស់ទម្រាំទទួលបានព្រោះមេដាយសម្រាប់វិញ្ញាសម្ដែងឯកជន នេះមានប្រទេសចូលរួមច្រើនជាង ៧៦ប្រទេសឯណោះ ហើយកីឡាករ ដុន សម្ផស្ស របស់កម្ពុជាបានប្រឹងយកឈ្នះត្រឹមចំណាត់ថ្នាក់លេខ៣ ដោយចំណាត់ថ្នាក់លេខ១ បានទៅជប៉ុន និងលេខ២ បានទៅឥណ្ឌូនេស៊ី» ។ លោកបានសង្កត់ធ្ងន់ថា៖ «សហព័ន្ធកីឡាសូរីហ្ស៊ីកាំប៉ូពិភពលោកបានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាឈរនៅលេខរៀងទី៦ នៅលើពិភពលោកដោយយើងប្រកួតឈ្នះបានចំណក់ថ្នាក់លេខ៣ ក្នុងចំណោម ៧៦ប្រទេសដែលចូលរួមប្រកួតប្រជែងហើយសម្រាប់វិញ្ញាសារនេះដែរ សូម្បីតែម្ចាស់ផ្ទះអាមេរិកក៏មិនបានទទួលមេដាយអ្វីនោះដែរ» ។

ជាមួយគ្នានេះផងដែរម្ចាស់មេដាយសំរឹទ្ធពិភពលោកកីឡាករ ដុន សម្ផស្ស ក៏បានឲ្យដឹងដែរថា៖ «នេះជាការប្រកួតកម្រិតពិភពលោកលើកដំបូងដែលខ្ញុំបានចូលរួមប្រកួតហើយវាពិតជាមានការលំបាកខ្លាំងសម្រាប់ខ្ញុំផ្ទាល់ហើយការប្រកួតនេះនៅពេលដែលខ្ញុំត្រូវឆ្លងកាត់ប្រទេសជប៉ុនដែលជាម្ចាស់ក្បាច់គុន និង ឥណ្ឌូនេស៊ី ដែលជាគ្រូបង្ហាត់បង្រៀនក្បាច់គុនដល់កម្ពុជាយើងនោះ ពិតជាពិបាកព្រោះសមត្ថភាពគេល្អជាងយើងឆ្ងាយណាស់ ទើបធ្វើឲ្យខ្ញុំបានទទួលត្រឹមមេដាយសំរឹទ្ធនេះ។

សម្ផស្សបានបន្តថា៖ «មហិច្ឆតារបស់ខ្ញុំទៅប្រកួតលើកនេះ គឺចង់បានមេដាយមាសតែម្ដងតែដោយសារបច្ចេកទេសរបស់ខ្ញុំនៅមិនទាន់គ្រប់គ្រាន់ទើបមិនអាចប្រជែងយកបាន តែទោះបីយ៉ាងណាបើបានត្រឹមមេដាយសំរឹទ្ធនេះ ក៏ខ្ញុំនៅតែមានចិត្តសប្បាយរីករាយដូចគ្នា ព្រោះនេះជាមេដាយកម្រិតពិភពលោកហើយខ្ញុំបានខំប្រឹងអស់លទ្ធភាពយកមកជូនសហ័ន្ធ និងប្រទេសកម្ពុជាទាំងមូលផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានទទួលនូវបច្ចេកទេសល្អៗ សម្រាប់មកហ្វឹកហាត់បន្ថែមទៀត ដើម្បីប្រជែងយកមេដាយលើកៗក្រោយទៀតផងដែរ ។ គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូលអត្តលិកទៅប្រកួតចំនួន ៣រូប ដោយក្នុងនោះ មានកីឡាករម្នាក់ និងកីឡាការិនី ២នាក់ ដែលចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ