កីឡាតុងហ្គីលម៉ូដូកម្ពុជាឈ្នះមេដាយ ១១គ្រឿងក្នុងការប្រកួតជើងឯកអាសុីនៅឈៀងម៉ៃ

ភ្នំពេញ៖ ក្រុមកីឡាតុងហ្គីលម៉ូដូកម្ពុជា (Tong Il Moo Do) ដែលចេញទៅប្រកួតជើងឯកអាស៊ីនៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃកាលពីថ្ងៃទី២៤ ដល់ទី២៩ ខែកក្កដានោះបានវិលត្រឡប់មកវិញហើយដោយបានស្ពាយទាំងមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធមកជាមួយផង ។ នៅក្នុងព្រឹត្តិការណ៍ Asian Tong Il Moo Do Martial Arts Championship 2017 នេះមានប្រទេសចំនួន ៨ចូលរួមគឺ ថៃដែលជាម្ចាស់ផ្ទះ, កម្ពុជា, ឥណ្ឌា នេប៉ាល់, ជប៉ុន, កូរ៉េ, ហ្វីលីពីន និងប្រទេសម៉ុងហ្គោលី ។

ជាមួយគ្នានេះដែរ កម្ពុជាបានបញ្ជូនកីឡាករ ៤ រូប កីឡាការិនី ៥រូប គ្រូបង្វឹក ១រូប និងមន្ត្រីដឹកនាំមួយរូបទៅចូលរួម បានទទួលលទ្ធផលជាទីគាប់ប្រសើរ ជាងនេះទៅទៀតនៅល្ងាចថ្ងៃទី៣ ខែសីហាម្សិលមិញនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំពិធីស្វាគមន៍មួយដោយសាមីសហព័ន្ធតែម្ដង ។ ពិធីនេះមានការចូលរួមពីសំណាក់លោកជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា, លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាដោយមានការបំពាក់កម្រងផ្កាដល់អ្នកឈ្នះមេដាយទៀតផង ។

លោកហ៊ត់ វិចិត្រ ដែលជាប្រធានប្រតិភូដឹកនាំទៅចូលរួមប្រកួតបានឲ្យដឹងថា វិញ្ញាសាសម្តែងជាក្រុមបុរសដែលមួយក្រុមមាន ៣រូបនោះកម្ពុជាដណ្ដើមបានមេដាយមាសក្នុងចំណោម ៥ ក្រុម ។ ចំពោះវិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម ៦៥គីឡូក្រាមកីឡាករកម្ពុជាស៊ឹម ប៊ុនស្រ៊ុន ដណ្ដើមបានមេដាយមាស ។ ចំណែកឯវិញ្ញាសាសម្តែងឯកត្តជនបុរសកីឡាករកម្ពុជាសួន កូស៊ុល ដណ្ដើមបានមេដាយប្រាក់ ។ វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម ៨៥គីឡូក្រាមកីឡាករកម្ពុជាហូរ ប៉េងលៀប ដណ្ដើមបានមេដាយប្រាក់ ។ វិញ្ញាសាប្រយុទ្ធនារីទម្ងន់ក្រោម ៤៩គីឡូក្រាមកីឡាការិនីកម្ពុជាហុង គឹមហួយ ដណ្ដើមបានមេដាយប្រាក់ ។ វិញ្ញាសាសម្តែងជាក្រុមនារីដែលមួយក្រុមមាន ៣នាក់នោះកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ។ វិញ្ញាសាសម្តែងឯកត្តជននារីកីឡាការិនីកម្ពុជាម៉ាន់ ស៊ីម៉ារកបានមេដាយសំរឹទ្ធ ។ វិញ្ញាសាប្រយុទ្ធបុរសទម្ងន់ក្រោម ៧៥គីឡូក្រាមកីឡាករកម្ពុជាញិល យុកអ៊ីល បានមេដាយសំរឹទ្ធ ។ វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៥៥គីឡូក្រាមគឺកីឡាការិនីស៊ីថា ស្រីលីន និងទម្ងន់ក្រោម៦០គីឡូក្រាមកីឡាការិនីប៉ូច វឌ្ឍនា ដណ្ដើមបានមេដាយសំរឹទ្ធដូចគ្នា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ