ញាក់សាច់! បើកឆាកថ្ងៃទី១ភ្លាម កម្ពុជាឈ្នះមេដាយវ៉ូវីណាមពិភពលោក ១១គ្រឿងនៅឥណ្ឌា

ភ្នំពេញ៖ ពិតជាមិនគួរឲ្យជឿទាល់តែសោះសម្រាប់ក្រុមកីឡាករការិនីកម្ពុជាលើប្រភេទកីឡាវ៉ូវីណាមដោយបានបង្ហាញភាពខ្លាំងក្លារបស់ខ្លួននៅទឹកដីនៃប្រទេសឥណ្ឌារហូតទៅដល់ ១១គ្រឿងក្នុងថ្ងៃបើកឆាកការប្រកួតជើងឯពិភពលោកថ្ងៃដំបូងរបស់ខ្លួន។ អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានប្រតិភូលោក អ៊ូ រតនាបានផ្ដល់ដំណឹងកាលពីម្សិលមិញនេះថា ថ្ងៃដំបូងនេះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា បានទទួលជោគជ័យគួរឲ្យភ្ញាក់ផ្អើល ដោយដណ្ដើមបានមេដាយ ១១គ្រឿង រួមមានមេដាយមាស ២ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ៤ ។

លោកបានបន្តថា៖ «នេះគឺជោគជ័យដ៏ធំធេងសម្រាប់ថ្ងៃទី១ ដែលក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាធ្វើបានយ៉ាងល្អនៅក្នុងចំណោមអត្តពលិកមកពី ២២ប្រទេសដែលចូលរួមប្រកួតជើងឯកពិភពលោកនេះ ខណៈការប្រកួតនៅសល់ ២ថ្ងៃទៀត ពោលគឺនៅថ្ងៃទី០៤-០៥ ខែសីហា ហើយក្រុមកីឡាវ៉ូវីណាមកម្ពុជានៅមានវិញ្ញាសាជាច្រើនត្រូវបន្ដការប្រកួត ។ ដូច្នេះលោករំពឹងថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជានឹងបន្ដការខិតខំដើម្បីដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។សូមបញ្ជាក់ថា មេដាយមាស ២គ្រឿង រកបានដោយកីឡាករ ទិន ឌិន ប្អូនប្រុសកីឡាករ ទិន ភាព ហៅ សែន រ៉ាឌី ម្ចាស់មេដាយពិភពលោក ឆ្នាំ២០១៥ ដោយគេបានផ្ដួលកីឡាករវៀតណាមក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម ។ រីឯមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាសម្ដែងមេគុនក្រុមនារី ៣នាក់ រួមមានកីឡាការិនី ប៉ាល់ ឆរស្មី, ពៅ សុខា និងកីឡាការិនី សឿ ច័ន្ទលក្ខិណា ។ មេដាយប្រាក់ ៥គ្រឿង គឺដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធ ៣គ្រឿង និងវិញ្ញាសាសម្ដែង ២គ្រឿង ។

ប៉ុន្តែគួរឲ្យសោកស្ដាយក្នុងនោះ កីឡាកររហ្សនាមពេជ្រម្ទេសខ្មាំង សែន រ៉ាឌី ដែលត្រូវការពារតំណែងមេដាយមាសពិភពលោក ដណ្ដើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយប្រកួតចាញ់កីឡាករម្ចាស់ក្បាច់គុនវៀតណាម ។ដោយឡែកមេដាយ សំរឹទ្ធ ៤គ្រឿង សុទ្ធតែដណ្ដើមបានលើវិញ្ញាសាសម្ដែង ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ