ក្រសួងការពារជាតិ ត្រូវពិន័យឲ្យបង់ប្រាក់ ១លានរៀលក្រោយប្រព្រឹត្តកំហុសបៀតបៀនដល់មន្ត្រីប្រកួត

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិបានរងពិន័យជាទឹកប្រាក់ប្រមាណជា ១លានរៀល បន្ទាប់គណៈកម្មការវិន័យបានរកឃើញថា សមាជិកនៃក្លឹបបាល់ទាត់នេះបានបង្កកំហុសដោយបានគប់ដុំថ្មដែលមានទំហំប៉ុនមេជើងទៅលើភ្លៅជើងឆ្វេងរបស់ជំនួយការអាជ្ញាកណ្តាលទី២ អំឡុងពេលដើរចូលបន្ទប់របស់ខ្លួន ។ ទង្វើនេះបានល្មើសទៅនឹងក្រមសីលធម៌ និងក្រមវិន័យដោយរាប់បញ្ចូលជាការបៀតបៀនដល់មន្ត្រីការប្រកួត ។

សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចនេះមិនបានបញ្ជាក់ច្បាស់ពីទីកន្លែងកើតហេតុនោះទេ ប៉ុន្តែបើពិនិត្យទៅលើឯកសារយោងដែលគណៈកម្មការវិន័យបានយកមកពិនិត្យមានចែងថា «បានឃើញរបាយការណ៍របស់អាជ្ញាកណ្តាលចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧» ជាហេតុបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងបរិវេណកីឡដ្ឋានស្វាយរៀង កាលពីចុងសប្តាហ៍មុននេះ ខណៈដែលក្រុមម្ចាស់ផ្ទះបានបំបាក់ក្រុមភ្ញៀវក្នុងលទ្ធផល ៣-២ ។ នៅយប់ក្រោយការប្រកួតបានបញ្ចប់ក៏មានការប៉ះទង្គិចសម្តីគ្នាតាមបណ្តាញសង្គមហ្វេសប៊ុករវាងមន្ត្រីសំខាន់ៗនៃក្លឹបទាំង ២ផងដែរ ។

ជាងនេះទៅទៀត ក្រុមអ្នកគាំទ្រក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងពិន្ទុលីគកំពូលកម្ពុជានេះ បានលើកឡើងថា ភាគីក្លឹបត្រូវតែតាមដានរកឲ្យឃើញថា បុគ្គលណាមួយដែលជាអ្នកប្រព្រឹត្តអំពើល្មើសបែបនេះដើម្បីដាក់ទណ្ឌកម្ម ឬទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនព្រោះវាបានធ្វើឲ្យខូចខាតដល់កិត្តិយសរបស់ក្លឹបយ៉ាងខ្លាំង ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ