ប្រាក់ ធីវ៉ា៖ កង្វះខាតបទពិសោធន៍ គឺជាបញ្ហាប្រឈមចុងក្រោយរបស់ខ្ញុំ!

ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា កីឡាករ ប្រាក់ ធីវ៉ា បានលើកឡើងថា ខ្លួនបានត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនាពេលខាងមុខរួចរាល់ហើយ នៅឡើយតែបញ្ហាប្រឈមមួយគត់ គឺកង្វះបទពិសោធន៍ប្រកួតពានធំៗ ។ នេះបើតាមការលើកឡើង អំឡុងពេលក្រុម U-22កំពុងប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាថ្នាក់តំបន់ខាងលើ នៅពាក់កណ្ដាលខែសីហានេះ ។  

សមាជិកមកពីក្លឹបភ្នំពេញក្រោនរូបនេះ បាននិយាយថា៖ «មុនចូលជម្រើសជាតិ ខ្ញុំគិតថា កម្លាំងខ្ញុំខ្សោយណាស់ ប៉ុន្ដែក្រោយហាត់ជាមួយបងៗ ខ្ញុំមើលឃើញកម្លាំងខ្ញុំមានការកើនឡើងច្រើន តាមរយៈការហ្វឹកហាត់បង្កើនកម្លាំងផ្សេងៗ ដែលធ្វើឲ្យខ្ញុំមានលទ្ធភាពលេងបាន ៩០នាទី ។ តែយ៉ាងណាខ្ញុំនៅមានបញ្ហាមួយ គឺការខ្វះបទពិសោធន៍លេងពានធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម ។ ប៉ុន្ដែខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីក្រុមជម្រើសជាតិកម្ពុជា» ។

គួរបញ្ជាក់ថា ប្រាក់ ធីវ៉ា គឺជាខ្សែវ័យក្មេងម្នាក់ ដែលត្រូវបានគ្រូជម្រើសជាតិលោក Leonardo Vitorino កោះហៅប្រមូលផ្ដុំ កាលពីចុងខែឧសភា ដើម្បីចូលរួមប្រកួតអន្ដរជាតិផ្សេងៗ ហើយសមត្ថភាពរបស់គេ ក៏បានទាក់ចិត្តគ្រូបង្វឹកជនជាតិប្រេស៊ីលនេះ រហូតបានជាប់ក្រុម U-22កម្ពុជា ត្រៀមស៊ីហ្គេមបន្ដ ។ មិនតែប៉ុណ្ណោះ អតីតក្មេងរើសបាល់នៅសាលាថៃរូបនេះ ថែមទាំងទទួលបានការលួចសរសើរពីគ្រូបង្វឹកតាមក្លឹបនៃលីគកំពូលកម្ពុជាទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ