សម្ដេចតេជោហ៊ុន សែន ឧបត្ថម្ភអត្តពលិក និងគ្រូបង្វឹកដែលទៅសុីហ្គេមឆ្នាំនេះម្នាក់ៗ ៥០០ដុល្លារ

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសំណេះសំណាល និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែសីហានេះ មុននឹងចេញដំណើរទៅចូលរួមប្រកួតកីឡាសុីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេសុីនោះ ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនី ក៏ដូចជាប្រតិភូកីឡា បានទទួលនូវការជូូនពរ ក៏ដូចជាកម្លាំងចិត្តបន្ថែមទៀតពីសម្តេចនាយករដ្ឋមន្ត្រី ខណៈដែលសម្តេចបានប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ៥០០ដុល្លារអាមេរិគ ។
 គួររំលឹកថា កាលពីការប្រកួតនាឆ្នាំ២០១៥ កន្លងមក សម្ដេចហ៊ុន សែន ក៏បានឧបត្ថម្ភប្រាក់លើកទឹកចិត្តដូច្នេះដែរដល់អត្តពលិក និងគ្រូបង្វឹក ប៉ុន្តែកាលណោះម្នាក់ៗទទួលបានតែ ៣០០ដុល្លារតែប៉ុណ្ណោះ ខណៈក្នុងឆ្នាំនេះសម្ដេចបានបន្ថែម ២០០ដុល្លារទៀត ។  ជាមួយគ្នានេះ សម្ដេចបានថ្លែងថា នៅពេលសេដ្ឋកិច្ចកម្ពុជាបន្ដកើនឡើងទៀតការឧបត្ថម្ភនឹងបន្ដកើនឡើងដូចគ្នា 
 សូមបញ្ចាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ដែលមានរយៈពេល ២ឆ្នាំម្តងនេះ កម្ពុជាបានសម្រេចបញ្ជូន ២៤ប្រភេទកីឡាទៅចូលរួមក្ន្ងងចំណោម ៣៨កីឡាដែលដាក់ឲ្យប្រកួតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយកម្មវិធីប្រកួតផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខណៈកីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរសអាយុក្រោម ២២ឆ្នាំត្រូវប្រកួតមុនគេ ពោលគឺនៅថ្ងៃទី១៤ សីហាខាងមុខនេះ។
សម្រាប់ឆ្នាំនេះ កម្ពុជាបានសម្រិតសម្រាំងអត្តពលិកសរុប ១៧០នាក់ក្នុងនោះមានកីឡាករចំនួន ១៤៤នាក់ កីឡាការិនីចំនួន ២៦នាក់ ព្រមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំ ដែលមានចំនួនសរុប ២៧៥ នាក់ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ