សមាជិកក្រុមឈុតធំ ៨ នាក់ចេញទៅហ្វឹកហាត់នៅម៉ាឡេសុី ប៉ុន្តែគ្មានឈ្មោះ ចាន់ វឌ្ឍនាកា ទេ

ភ្នំពេញ៖ ដំណាលគ្នានឹងការបង្ហាញបញ្ជីឈ្មោះក្រុម U-22 ត្រៀមស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក៏បានបង្ហាញនូវវត្តមានកីឡាករសំខាន់ៗ ៨នាក់បន្ថែមទៀត សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asain Cup UAE 2019 ពូលC នាដើមខែក្រោយ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលការប្រមូលផ្ដុំលើកនេះ គឺគ្មានឈ្មោះ ចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីពនៅជប៉ុនឡើយ ។
ចំពោះសមាសភាពរបស់កីឡាករទាំង ៨នាក់ ដែលត្រូវបានគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino សម្រេចកោះហៅមកប្រមូលផ្ដុំនោះ រួមមានកីឡាករ កែវ សុខផេង(ភ្នំពេញក្រោន), កីឡាករ ប្រាក់ មុន្នីឧត្តម(ព្រះខ័នរាជស្វាយរៀង), កីឡាករ ឃួន ឡាបូរ៉ាវី, រស់ សំអឿន និងស៊ូ យ៉ាទី(បឹងកេត), ទិត្យ ឌីណា(ប៉ូលិស), ឈិន ឈឿន(ក្រសួងការពារជាតិ) និងកីឡាករ ប៊ីន ចន្ថាធារី មកពីក្លឹបអគ្គិសនីកម្ពុជា ដែលពួកគេនឹងត្រូវបញ្ចូលជាមួយក្រុម U-22កម្ពុជា សម្រាប់ត្រៀមប្រកួតជម្រុះពានកម្រិតអាស៊ីខាងលើ ។ 
គួរបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ក្រុមគោព្រៃកម្ពុជា កំពុងឈរលេខរៀងទី២ ក្នុងពូលC បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ១ (ឈ្នះអាហ្វហ្គានីស្ថាន ១-០ ក្នុងដី) និងចាញ់១ (ចាញ់ហ្ស៊កដានី ៧-០ ក្រៅដី) មាន ៣ពិន្ទុ ។ ហើយនៅថ្ងៃទី០៥ ខែកញ្ញាខាងមុខ ក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិវៀតណាម ដែលកំពុងកាន់ ១ពិន្ទុក្នុងដៃវិញម្ដង ។ ចាំមើលតើលោក Leonardo នឹងមានយុទ្ធសាស្ដ្រអ្វី ដើម្បីស្វែងរក ៣ពិន្ទុពីក្រុមប្រទេសជាតិខាងមួយនេះ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ