មុននេះម្ចាស់មេដាយសំរឹទ្ធព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកូឌីវ័រ បានវិលត្រលប់មកដល់មាតុភូមិកម្ពុជាហើយ

ភ្នំពេញ៖ មុននេះបន្តិចនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមកីឡាករ កីឡាការិនី ៤ប្រភេទកីឡារបស់កម្ពុជាបានត្រលប់ពីការប្រកួតកីឡាហ្វ្រង់កូហ្វូនីក្របខណ្ឌប្រទេសនិយាយបារាំងនៅទីក្រុងអាប៊ីតហ្សាន់ប្រទេសកូឌីវ័រហើយ ខណៈដែលកម្ពុជាទទួលបានតែមេដាយសំរិទ្ធតែមួយប៉ុណ្ណោះគឺប្រភេទកីឡាចំបាប់។
ព្រឹតិ្តការណ៍ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងមួយនេះ បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅដោយបានបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា ។ជាមួយនឹងការត្រលប់មកវិញនោះ កីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មី ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង ក្រោយនាងទទួលបានចំណាត់ថ្នាក់លេខ ៣ស្ទួនលើវិញ្ញាសាចំបាប់សេរីទម្ងន់ ៥៣គីឡូក្រាមជាមួយកីឡាការិនី Stewart Samantha ខណៈមេដាយមាសបានទៅកីឡាការិនីកាណាដា Mc Laren Kristina និងមេដាយប្រាក់បានទៅ Rasoanantenainan Elisa Emma Patrida។ កីឡាការិនីរូបនេះបានថ្លែងដោយក្តីរំភើបថា ខ្លួនពិតជាមានចិត្តសប្បាយរីករាយរហូតដល់យំក្រោយឃើញអ្នកគាំទ្រមកទទួលច្រើនបែបនេះ ។

 គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះមានរដ្ឋ និងប្រទេសដែលនិយាយភាសាបារាំងជាង ៥០ចូលរួម ខណៈកម្ពុជាបានបញ្ជូនប្រតិភូកីឡា និងសិល្បៈចំនួន ២១នាក់ចូលរួមក្នុងនោះកីឡាចំបាប់ពីរនាក់, អត្តពកម្ម ១នាក់, យូដូ ១នាក់, វាយកូនឃ្លីលើតុ ១នាក់ ក្រៅពីនេះជាក្រុមរបាំ ចម្លាក់ គំនូរ និងអ្នកថតរូប ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ