លោកងិន សុខបញ្ញា៖ ទ្រីយ៉ាត្លុងជួបបញ្ហាប្រឈមនៅសុីហ្គេមព្រោះមេដាយតែមាន១

ភ្នំពេញ៖ បើទោះបីជាក្រុមកីឡាករទ្រីយ៉ាត្លុងបានទទួលការហ្វឹកហាត់ដល់នាយសមុទ្រក៏ដោយក៏អគ្គលេខាធិការសហព័ន្ធមួយនេះ មិនបានបង្ហាញជំនឿចិត្តថា កីឡារបស់ខ្លួនអាចដណ្តើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីឡើយ ដោយលោកបានលើហេតុផលថា កីឡានេះពិបាកលេងជាងកីឡាដទៃទៀតហើយបើមានគឺមានតែឱកាសតែមួយគត់ ។
លោកមានប្រសាសន៍បែបនេះថា៖ «ខ្ញុំគិតថាសម្រាប់ព្រឹត្តិការណ៍ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ គឺខ្ញុំមិនរំពឹងបានមេដាយឡើយ ព្រោះទ្រីយ៉ាត្លុងមានមេដាយតែមួយប៉ុណ្ណោះ មានន័យថា ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ គឺមានតែមួយវិញ្ញាសានោះទេ គឺខុសពីកីឡាដទៃ ដែលមានរហូតដល់ជាង១០វិញ្ញាសា។ ដូច្នេះឱកាសតែមួយ គឺវាលំបាកណាស់សម្រាប់យើង តែចិត្តជាកីឡាករត្រូវតែប្រជែងមិនត្រូវចុះចាញ់មុនការប្រកួតនោះទេ»។
សូមបញ្ជាក់ថា ទ្រីយ៉ាត្លុងគឺជាវិញ្ញាសាមួយដែលលំបាកក្នុងការដណ្តើមមេដាយ ព្រោះក្នុងនោះយើងត្រូវលេងកីឡា៣ប្រភេទចូលគ្នា ដោយមាន យ៉ាត្លុងរួមមានហែលទឹក ជិះកង់ និងរត់ប្រណាំង។ ម្យ៉ាងទៀត សមត្ថភាពរបស់កីឡាករកម្ពុជាទាំងពីររូបដែល លោកនឹងបញ្ជូនទៅប្រកួតនោះ គឺមានសមត្ថភាពខុសគ្នាឆ្ងាយពីកីឡាករនៃបណ្ដាប្រទេសផ្សេងទៀត ។
 
ទោះបីយ៉ាងនេះក្តី លោកបានបញ្ជាក់ថា កីឡាករទាំងពីរសុទ្ធតែបានប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតមួយនេះ។ អគ្គលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីយ៉ាងណា សហព័ន្ធរំពឹងថា អត្តពលិកកម្ពុជានឹងអាចបំបែកកំណត់ចាស់នៅស៊ីហ្គេមលើកទី២៨នៅសិង្ហបុរីឆ្នាំ២០១៥ ដោយ កាលណោះ កម្ពុជា ឈរលេខរៀងទី៥លើមីយ៉ាន់ម៉ា ខណៈឆ្នាំនេះយើងរំពឹងឈានដល់លេខ៣ឬលេខ៤ក្នុងចំណោម៧ប្រទេស។ គួបញ្ជាក់ផងដែរថាកម្ពុជាត្រូវ ប្រកួតលើវិញ្ញាសាហែលទឹក១.៥គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់ចម្ងាយ១០គីឡូម៉ែត្រ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ