កីឡាបាល់បោះឆ្នាំនេះថយចុះសកម្មភាព ប៉ុន្តែបច្ចេកទេសឡើងខ្លាំងជាងមុន!

ភ្នំពេញ៖ ជិតដាច់ឆ្នាំ២០១៧ហើយ ប៉ុន្តែប្រភេទកីឡាបាល់បោះកម្ពុជានៅមិនទាន់មានការប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេសដើម្បីកម្ដៅសាច់ដុំត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នាខែសីហានេះនៅឡើយទេ ពោលគឺមានតែការពង្រឹងផ្នែកបច្ចេកទេសដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងអាជ្ញាកណ្ដាលប៉ុណ្ណោះ ដែលជារួម គេសង្កេតឃើញថាកីឡាបាល់បោះមិនមានសកម្មភាពប្រកួតឡើយ 
ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក ស៊ាន បូរ៉ាត ធ្លាប់បានមានប្រសាសន៍ថា៖ «សហព័ន្ធមិនត្រឹមតែបង្កើនសមត្ថភាពកីឡាករប៉ុណ្ណោះទេ សម្រាប់គ្រូបង្វឹក និងគណៈកម្មការផ្ដល់ពិន្ទុក៏មានការយកចិត្តទុកដាក់បណ្ដុះបណ្ដាលច្រើនណាស់ដែរ ជាក់ស្ដែងយើងបានរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកីឡាបាល់បោះកម្រិតមូលដ្ឋាន ដែលបានចាប់ពីថ្ងៃទី២៥រ ហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជានៅសាលនាយកដ្ឋានអប់រំកាយ និងកីឡា ដោយវគ្គនេះបានបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញអាជ្ញាកណ្តាលកីឡាបាល់បោះឲ្យកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាពក្នុងការគ្រប់គ្រង ដឹកនាំការប្រកួត ក្រោមកិច្ចសហការរវាងក្រសួង អប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់បោះកម្ពុជា។»
លោកបានបន្តថា៖ «សកម្មភាពចូលរួមប្រកួតប្រជែងពីសំណាក់កីឡាករសម្រាប់ការប្រកួតកម្រិតរាជធានី និងកម្រិតជាតិម្ដងៗ ក៏មានយុវវ័យច្រើនឡើងចូលប្រកួតផងដែរ ដែលមានន័យថា កីឡាមួយនេះមានការចាប់អារម្មណ៍។ លោកទទួលស្គាល់ថា កីឡាមួយនេះថយចុះសកម្មភាព ដែលតាមធាតុពិតគឺមួយឆ្នាំសហព័ន្ធបានរៀបចំការប្រកួតដល់ទៅ ៣ដងឯណោះ ។ មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធកីឡាបាល់បោះបានបណ្ដុះធនធានមនុស្ស និងត្រៀមរួចហើយសម្រាប់កីឡាស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។»
 
ជាមួយគ្នានេះផងដែរ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «មកទល់ពេលនេះសហព័ន្ធកីឡាបាល់បោះមានការឈានឡើងជាងមុន ថ្វីដ្បិតសកម្មភាពប្រកួតនៅខាងក្រៅសហព័ន្ធត្រូវអ្នកខ្លះថាស្ងប់ស្ងាត់ជាងមុនក្ដី ។» លោកថា បាល់បោះជាប្រភេទកីឡាដែលមានការឈានឡើងក្នុងកម្រិតមួយនៅឡើយ ដូច្នេះខាងសហព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយ និងបំផុសឱ្យបានច្រើនឡើងថែមទៀត ទើបមានការចាប់អារម្មណ៍ ។
អគ្គលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា៖ «សកម្មភាពមិនស្ថិតក្នុងការនិយមលេងកម្សាន្តរបស់មហាជននោះទេ ពោលគឺស្ថិតក្នុងការប្រកួតប្រជែងដែលរៀបចំដោយសហព័ន្ធ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការប្រកួតមិត្តភាព ឬការប្រកួតលក្ខណៈអន្តរជាតិជាដើមដែលមានកីឡាករជម្រើសជាតិតំណាងចេញទៅប្រកួត ។ លោកមានការរំពឹងថា មិនយូរមិនឆាប់កីឡាបាល់បោះនឹងដណ្ដើមបានភាពលេចធ្លោលើឆាកអន្តរជាតិ ដោយសារតែកីឡាករដែលបណ្ដុះបណ្ដាលគឺសុទ្ធតែមានសមត្ថភាព និងមានកាយសម្បទាអំណោយផល បើទោះជាកីឡាករខ្មែរនៅចាញ់មាឌ និងកម្ពស់កីឡាករបរទេសសម្រាប់វិស័យកីឡាមួយនេះបន្តិចក្ដី ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ